លោក យូ បូ អតីតប្រធាន សមាគមអ្នកនិពន្ធខ្មែរ ទទួលបានការ ឧបត្ថម្ភពីសប្បុរសជន

4/08/2013 0 Comments A+ a-

ភ្នំពេញ៖ អតីតប្រធាន សមាគមអ្នកនិពន្ធខ្មែរ ដែលមានស្នាដៃ ជាច្រើនក្នុង ការអភិរក្ស និងលើកស្ទួយ អក្សរ សាស្រ្តខ្មែរ លោក យូ បូ បានធ្លាក់ខ្លួនមានជំងឺ អស់រយៈពេលជាច្រើនឆ្នាំ មកហើយនោះ ត្រូវបាន សប្បុរសជន ជួយឧបត្ថម្ភ ជាថវិកាមួយចំនួន ដើម្បីជួយសម្រាល គ្រាមានទុក្ខលំបាក នឹងជួយសម្រាលការ ចំណាយផ្សេងៗ ក្នុងជីវភាពគ្រួសារ ។
នៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅគេហដ្ឋាន លោក យូ បូ ផ្ទះលេខ៦៨៧ ផ្លូវលេខ ៣៦៩ ភូមិអូរ អណ្តូង សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ភ្នាក់ងាររបស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បាននាំយក ថវិកា ចំនួន ១០ម៉ឺនរៀល ដែលបានមកពី សប្បុរសជន ឈ្មោះ កូនខ្មែរសែសិន នៅខេត្ត បន្ទាយមានជ័យ ដែលធ្លាប់ ជាអតីត និស្សិតស្នាក់នៅក្នុង សមាគមអ្នកនិពន្ធខ្មែរ មានចិត្តសណ្ដោស អាណិតអាសូរ និងដឹងគុណ ហើយជួយឧបត្ថម្ភ ដល់លោកតា។
លោក យូ បូ ក្នុងវ័យ៧១ឆ្នាំ ដែលមានជំងឺទឹកនោមផ្អែម និងជំងឺប្រេះឆ្អឹងខ្នង ដោយសារតែ គ្រោះថ្នាក់ ចរាចរ ម៉ូតូបុក កាលពី៣ឆ្នាំមុខ និងកំពុងតែសម្រាកព្យាបាលនៅគេហដ្ឋានផ្ទាល់របស់លោក និងមិនអាច ចេញដំណើរ ទៅបំពេញ ការងារបានតទៅទៀតនោះ បានលើកដៃថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សប្បុរជន ដែលមាន សន្តានចិត្តសប្បុរធម៌ ជួយដល់រូបលោកដែល កំពុងតែមានជំងឺ ។
លោកតា យូ បូ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ជាពិសេសទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់ ថែរក្សា ម្ចាស់ថវិកា  ក៏ ដូចជាសប្បុរសជននានា ដែលតែងតែជួយឧបត្ថម្ភ ដល់រូបលោក ទោះជាថវិកានេះ តិចក្តី ច្រើនក្តី តែក៏ជាសន្តាន ចិត្ត សប្បុរសធម៌ ដែលមិនអាចកាត់ថ្លៃបាន ពីសំណាក់បងប្អូនជនរួមជាតិ ដែលតែងតែបង្ហាញទឹកចិត្តចេះជួយគ្នា ក្នុងគ្រាអាសន្នអន់ក្រ ជាពិសេស ពេលមានជំងឺ ឬទុក្ខលំបាក ផ្សេងៗ៕

Photo by DAP-News