និស្សិតចេញឆក់ទូរស័ព្ទ ប៉ះនារីក្លាហានដេញតាមពីក្រោយ ជ្រុលទៅបុករថយន្ត ដួលបាក់ភ្លៅខាងស្តាំ
រាជធានីភ្នំពេញ ៖
យ៉ាងហោចណាស់ចោរឆក់ទូរស័ព្ទចំនួន២នាក់ ត្រូវបានប្រជាពលរដ្ឋ
នៅតាមដងផ្លូវហក់ធាក់បណ្តាលឲ្យដួលរងរបួស ខណៈដែលជនសង្ស័យ ទាំងពីរនាក់
កំពុងជិះម៉ូតូរត់គេចខ្លួន ក្រោយពីធ្វើសកម្មភាព
ឆក់ទូរស័ព្ទពីនារីក្លាហានម្នាក់
តែត្រូវនារីរងគ្រោះជិះម៉ូតូដេញតាមពីក្រោយ ដោយស្រែកថាចោរៗ
កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣
ស្ថិតនៅតាមផ្លូវ ៤៨០ កែងផ្លូវលេខ១៥៥ សង្កាត់ផ្សារដើមថ្កូវ
ខណ្ឌចំការមន ។
មុនពេលកើតហេតុនារីរងគ្រោះ កំពុងជិះម៉ូតូម៉ាកឃ្លីគ តែម្នាក់ ហើយពេលកំពុងនិយាយទូរស័ព្ទ ស្រាប់តែលេចមុខជនសង្ស័យ ចំនួនពីរនាក់ ជិះម៉ូតូម៉ាកឃ្លីគពណ៌ខ្មៅលាយស បានធ្វើសកម្មភាពឆក់យកទូរស័ព្ទនៅមុខវិទ្យាល័យ ទួលទំពូង ។ នៅពេលនោះ នារីរងគ្រោះឈ្មោះ លីណា អាយុ១៨ឆ្នាំ បានជិះម៉ូតូដេញពីក្រោយ ដោយស្រែកថាចោរៗ លុះពេលក្រុមចោរ បានជិះម៉ូតូដល់កន្លែងកើតហេតុ ក៏ត្រូវប្រជាពលរដ្ឋ នៅតាមដងផ្លូវហក់ធាក់ បណ្តាលឲ្យពួកគេដួលម៉ូតូ ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។
ប៉ុន្តែនៅពេលបើកម៉ូតូដេញតាមចោរពីក្រោយ និងនៅពេលឃើញចោរដួលម៉ូតូនោះ នារីរងគ្រោះបានគេច ស្រាប់តែជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកវីស្តូ បណ្តាលឲ្យនារីរងគ្រោះដួលបាក់ភ្លៅខាងស្តាំ។ ដោយឡែកក្រុមចោរវិញ ត្រូវបានសមត្ថកិច្ច យកទៅសួរនាំបន្ត នៅប៉ុស្តិ៍នគរបាល ផ្សារដើមថ្កូវ ។ បើតាមសមត្ថកិច្ច ជនសង្ស័យទី១ មានឈ្មោះ សេត ធារ៉ា អាយុ១៩ឆ្នាំ និស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យ ឯកជនមួយ និងជនសង្ស័យម្នាក់ទៀត មិនទាន់ស្គាល់ឈ្មោះ នៅឡើយទេ៕

