តើ​អ្វី​ទៅ​ជា​អាវុធ​សម្ងាត់​របស់​​​នាយក​ប្រតិបត្តិ (CEO) ​ក្រុមហ៊ុន​កំពូលៗ​ក្នុង​លោក?​

3/07/2015 0 Comments A+ a-


រូបតំណាង​ប្រភព៖​ angietoh

នៅ​ពេល​បច្ចុប្បន្ន​នេះ ស្ថានភាព​អាជីវកម្ម​នៅ​លើ​ពិភពលោក​ហាក់​កាន់តែ​មាន​ភាព​ស្មុគស្មាញ និង មាន​ការ​ប្រកួតប្រជែង​កាន់តែ​ច្រើន​ឡើង។ ​ក្នុង​ស្ថានភាព​បែប​នេះ បើ​លោក​អ្នក​បាន​ដឹង​ពី​យុទ្ធសាស្ត្រ​ ឬ គន្លឹះ​ដែល​ត្រូវ​ដើរ ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​លោក​អ្នក​បន្ត​បំពេញ​បេសកកម្ម​​គ្មាន​ដែន​កំណត់ វា​ជា​រឿង​ដ៏​ល្អ​ប្រសើរ​បំផុត។ ប៉ុន្តែ​សំនួរ​សួរ​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច?

តាម​ពិត​ទៅ​អ្វី​ដែល​គេ​​មិន​គួរ​មើល​រំលង​នៅ​ក្នុង​​សមរភូមិ​អាជីវកម្ម​ក្តី នយោបាយ​ក្តី ឬ បរិបទ​ផ្សេងៗ​ទៀត​ក្តី ​សុទ្ធតែ​មាន​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​​​ជោគជ័យ​ដែល​បុគ្គល​ទាំងឡាយ​ប្រឡូក​ក្នុង​ស្ថាប័ន​ទាំង​នេះ​ជ្រើសរើស​យក​មក​អនុវត្ត។ ​ចំណុច​​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា គឺ​ជា​អាវុធ​សម្ងាត់​​ដ៏​ស័ក្តិសិទ្ធិ​ជួយ​​ឲ្យ​ជោគជ័យ​តាម​ក្តី​ប្រាថ្នា​ ហើយ​នោះ​គឺ​ការ​មាន​គ្រូបង្វឹក​ផ្ទាល់​ខ្លួន​ (Coaches)

ហេតុអ្វី​បាន​ជា​ចាំបាច់​មាន​គ្រូបង្វឹក​ផ្ទាល់​ខ្លួន? ខាងក្រោម​នេះ​នឹង​បកស្រាយ​ពី​មូលហេតុ​​​ដែល​លោក​អ្នក​គួរ​មាន​គ្រូបង្វឹក​ផ្ទាល់​ខ្លួន។​​​​​​​​

​អ្វី​ដែល​​​គ្រូបង្វឹក​​អាច​​ជួយ​ជ្រោមជ្រែង​​អ្នក​បាន​
ប្រសិន​បើ​លោក​អ្នក​ពិបាក​ធ្វើ​​ការ​ជា​មួយ​គ្រូបង្វឹក​ណា​មួយ ​ចូរ​គិត​ពី​កំពូល​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​កំពូលៗ​ជា​ច្រើន​ក្នុង​លោក អ្នក​នយោបាយ និង បុគ្គល​ល្បីៗ​ជា​ច្រើន​ទៀត​​ដែល​បុគ្គល​​ទាំង​នេះ​សុទ្ធ​តែ​មាន​បុគ្គល​គំរូ​ (Mentors)  ឬ គ្រូបង្វឹក​( Coaches) ផ្ទាល់​ខ្លួន​សម្រាប់​​ជួយ​ប្រឹក្សា​ឲ្យ​​គំនិត​យោបល់​។

ដូច​​លោក Eric Schmidt វិស្វករ​បច្ចេកវិទ្យា​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ Google ធ្លាប់​បាន​និយាយ​ថា ​ដំបូន្មាន​ដ៏​ល្អ​របស់​លោក​ទៅ​កាន់​នាយក​ប្រតិបត្តិ​ (CEO)ចូល​ថ្មី​គឺ​ត្រូវ​មាន​គ្រូបង្វឹក​ផ្ទាល់​ខ្លួន។ ចំណុច​​នេះ ​លោក Steve Bennett  ដែល​ជា CEO របស់​ក្រុមហ៊ុន Intuit ​​បាន​ជឿជាក់​ផង​ដែរ​ថា ការ​មាន​គ្រូបង្វឹក​ផ្ទាល់​ខ្លួន​គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ជា​លក្ខណៈ​អាជីព​មួយ។

នាង Oprah Winfrey សិល្បៈ​ការិនី​ដ៏​ល្បី​របស់​អាមេរិក  លោក Bill Clinton ហើយ​សូម្បី​តែ​លោក Barack Obama ក៏​​មាន​គ្រូបង្វឹក​ផ្ទាល់​ខ្លួន​សម្រាប់​​ធ្វើ​ជា​មូលដ្ឋាន​ជំរុញ​​អាជីព​ការងារ​​ប្រចាំ​ថ្ងៃ​របស់​​លោក​ដែរ​។

​​ការ​ជ្រើសរើស​បុគ្គល​គំរូ​ល្បីៗ​ក្នុង​លោក​​ដែល​អ្នក​ធ្លាប់​ស្គាល់ គឺ​ដើម្បី​យក​មក​ធ្វើ​ជា​មេរៀន​ឆ្លុះបញ្ចាំង​ពី​ខ្លួន​អ្នក​​រាប់​ទាំង​ពី​ការ​កសាង​ក្រុម​ការងារ សហការ របៀប​គ្រប់គ្រង​ពេលវេលា និង កិច្ចការ​អាទិភាព​ជា​ច្រើន​ទៀត ហើយ​ជា​ពិសេស​នោះ​គឺ​ការ​ជួយ​​កសាង​ទំនុកចិត្ត​នៅ​ពេល​ប្រឈមមុខ​បញ្ហា​ជា​ច្រើន។​​​



ខាងក្រោម​នេះ​​​គឺ​ជា​ដំបូន្មាន​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ការងារ​ដែល​គេ​មើល​ឃើញ​ជា​ទូទៅ​ថា គ្រូបង្វឹក​អាច​ជួយ​ដល់​អ្នក​បាន៖​​

១) ​គោលដៅ​នៃ​ការ​​​​​ផ្តល់​មតិ​​វាយតម្លៃ​ (Objective feedback)
 ការ​ឈរ​ជើង​​នៅ​មួយ​កន្លែង​ទៅ​នឹង​គោលដៅ​របស់​ក្រុមហ៊ុន​របស់​អ្នក​គឺ​ជា​រឿង​មួយ​មិន​ងាយស្រួល​នោះ​ឡើយ។ អ្នក​បាន​ដាក់​ខ្លួន​នឹង​ការងារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង បាន​ទម្លាប់​​​ខ្លួន​ធ្វើ​​​ការងារ​ទាំង​​​នោះ​​​​​​យ៉ាង​ជក់ចិត្ត​ ​ម្ល៉ោះហើយ​អ្នក​អាច​ភ្លេច​ពី​ចំណុច​​មួយ​ចំនួន​ដែល​ល្អ​ជាង​អ្វី​ដែល​អ្នក​​ធ្លាប់​ធ្វើ។ នៅ​ត្រង់​នេះ គ្រូបង្វឹក​​របស់​អ្នក អាច​ចូល​មក​អន្តរាគមន៍​ជួយ​ស្វែង​រក​ចំណុច​ខ្លាំង និង ចំណុច​ខ្សោយ​របស់​អ្នក​បាន​ថា តើ​អ្វី​ខ្លះ​គួរតែ​កែលំអ ហើយ​អ្វី​ខ្លះ​គួរតែ​ពង្រឹង​បន្ថែម?​

២) ពង្រីក​បណ្ដាញ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ទូលាយ​ជាង​មុន​ (A broader network)
គ្រូបង្វឹក​ដ៏​​ល្អ​ប្រៀប​បាន​ដូច​ជា​មាន​​មេធាវី​​​ដ៏​ល្អ​មួយ​រូប​នៅ​ចាំ​ការពារ​អ្នក​​ផង​ដែរ។ ប៉ុន្តែ​អ្វី​ដែល​​គុណ​តម្លៃ​ពិត​ប្រាកដ​មួយ​ចេញ​ពី​គ្រូបង្វឹក​របស់​អ្នក​ គឺ​ការ​ជួយ​ពង្រីក​បណ្ដាញ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​មនុស្ស​មាន​សក្ដានុពល​ជា​ច្រើន​ទៀត​ដែល​អ្នក​មិន​ធ្លាប់​ស្គាល់ ឬ ទំនាក់ទំនង។ នេះ​គឺ​ជា​ការ​បើក​ភ្លើង​ខៀវ​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​មុខ​ជំនួញ​របស់​អ្នក​កាន់តែ​ល្បី​ក្នុង​​សមរភូមិ​អាជីវកម្ម។​​​​

៣) ​​​ជ្រះស្រឡះ​ពី​គំនិត​អាជីវកម្ម​​ (Fresh ideas) 
គ្រូបង្វឹក​​ល្អ​ដែល​មាន​ជំនាញ​​​ផ្នែក​អាជីវកម្ម គឺ​ជា​បុគ្គល​ដែល​មាន​បទពិសោធន៍​យ៉ាង​សំបូរ​បែប​នៅ​ក្នុង​ទីលាន​អាជីវកម្ម។ បើ​អ្នក​​​ចង់​មាន​ជំនាញ​អ្វី​អ្នក​គួរតែ​មាន​គ្រូបង្វឹក​ដែល​មាន​ជំនាញ​នោះ​ដូចគ្នា។ ​​នេះ​ដោយ​ហេតុ​ថា គ្រូបង្វឹក​ដែល​មាន​ជំនាញ​ច្បាស់​ទៅ​នឹង​​អាជីព​ការងារ​របស់​អ្នក​អាច​​ស្គាល់​ពី​ក្រឡុកក្រលៀត​របស់​អ្នក​បាន​។ ទន្ទឹម​នឹង​នេះ នៅ​ពេល​ដែល​អ្នក​ចង់​​បង្កើត​គម្រោង​​អាជីវកម្ម​របស់​អ្នក​នៅ​ពេល​អនាគត ​គ្រូបង្វឹក​របស់​អ្នក​នឹង​មាន​វត្តមាន​នៅ​ទី​នេះ​ដែរ​៕

ប្រែសម្រួល៖ ខេវិន​ ​​​