លក្ខណៈ​ខុសគ្នា​ចំនួន ៩ យ៉ាង របស់​សហគ្រិន និង ​បុគ្គល​​ដែល​ចង់​ធ្វើ​​ជា​សហគ្រិន

3/07/2015 0 Comments A+ a-


រូបតំណាង​ប្រភព៖​ Lifehack

ភាព​ជោគជ័យ​ក្នុង​ការ​បង្កើត​អាជីវកម្ម​គ្មាន​អ្នកណា​អាច​ព្យាករណ៍​បាន​ឡើយ​ថា តើ​នឹង​ទទួល​បាន​ជោគជ័យ ឬ បរាជ័យ​ក្នុង​កម្រិត​ណា? ប៉ុន្តែ​​គេ​អាច​កំណត់​បាន​ពី​ភាព​ខុសគ្នា​រវាង​​សហគ្រិន និង បុគ្គល​ដែល​ចង់​ធ្វើ​ជា​សហគ្រិន​បាន​ដែល​មាន​បង្ហាញ​នូវ​បុគ្គលិក​លក្ខណៈ​ចំនួន ៩ ខាងក្រោម​នេះ៖​

១) សហគ្រិន​​​​បោះជំហាន​ទៅ​មុខ​ ខណៈ​ដែល​​បុគ្គល​​​​ចង់​ធ្វើ​ជា​សហគ្រិន​​ត្អូញត្អែរ​ច្រើន​
“បង្កើត​គំនិត​ឡើង​គឺ​ជា​រឿង​ងាយស្រួល តែ​ការ​អនុវត្ត​គឺ​ជា​រឿង​លំបាក”។ លោក Guy Kawasaki ​ស្ថាបនិក​ក្រុមហ៊ុន  AllTop

ចំណុច​មួយ​ដែល​មិន​អាច​បដិសេធន៍​បាន​​នោះ​គឺ​ថា សហគ្រិន​បាន​បង្កើត​អ្វីៗ​​ឡើង​ស្រប​តាម​គំនិត​ផ្ដួចផ្ដើម​របស់​ខ្លួន​​ទោះបី​ជា​ជំហាន​​ចាប់​ផ្តើម​​ពី​ចំណុច​តូច​មួយ​ក៏ដោយ។ ខុស​ពី​សហគ្រិន ​បុគ្គល​​ដែល​ចង់​ធ្វើ​សហគ្រិន​​​បាន​ត្រឹមតែ​​ត្អូញត្អែរ​នេះ​ត្អូញត្អែរ​នោះ​យក​លេស​ឲ្យ​ខ្លួន​ឯង​គ្មាន​ទី​បញ្ចប់។​​

២) សហគ្រិន​មិន​អនុញ្ញាត​ឲ្យ​ការ​បរាជ័យ​មក​​បញ្ឈប់​ខ្លួន​ឡើយ ខណៈ​ដែល​​បុគ្គល​ចង់​ធ្វើ​ជា​សហគ្រិន​​​​បាក់​ទឹកចិត្ត​យ៉ាង​ងាយស្រួល
ដូច​អ្វី​ដែល​លោក​ Steve Jobes ធ្លាប់​បាន​​មាន​ប្រសាសន៍​​​នោះ​គឺ​ថា​ សហគ្រិន​ដែល​​ជោគជ័យ​ខុស​ពី​សហគ្រិន​​បរាជ័យ​ជោគជ័យ​​ ​នៅ​ត្រង់​ការ​​ព្យាយាម​ដោយ​មិន​បោះបង់​នេះ​ឯង​។ សហគ្រិន​ជា​ទូទៅ​​​រៀនសូត្រ​ពី​កំហុស​របស់​ខ្លួន និង​ខិតខំ​ប្រឹងប្រែង​ធ្វើ​វា​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ។ នេះ​វា​ផ្ទុយ ​ស្រលះ​​ពី​​​បុគ្គល​​ដែល​ចង់​ធ្វើ​សហគ្រិន​ដែល​ងាយ​នឹង​បាក់​ទឹកចិត្ត​នៅ​ពេល​បរាជ័យ។​​​

៣) ​គោលដៅ​របស់​សហគ្រិន​គឺ​​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ខណៈ​ដែល​គោលដៅ​របស់​​បុគ្គល​ចង់​ធ្វើ​សហគ្រិន​ចង់​ក្លាយ​ជា​អ្នក​មាន
​នៅ​ទី​នេះ​លោក  Tony Hsieh នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Zappos របស់​អាមេរិក​​បាន​លើក​ឡើង​ដូច្នេះ​ថា៖ « ត្រូវ​​ស្រវា​ចាប់​យក​គោលដៅ​​ដែល​អ្នក​ចង់​បាន មិន​មែន​​លុយ​នោះ​ឡើយ។ នៅ​ពេល​ដែល​គោលដៅ​អ្នក​ជោគជ័យ លុយ​នឹង​រត់​​មក​រក​អ្នក»

នៅ​ក្នុង​សង្គ្រាម​អាជីវកម្ម​គេ​សង្កេត​ឃើញ​ថា សហគ្រិន​ដែល​រឹងមាំ​ព្យាយាម​​បំពេញ​គោលដៅ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត​ដើម្បី​បន្សល់​ទុក​ដល់​ពិភពលោក​នេះ ហើយ​មហិច្ឆតា​របស់​បុគ្គល​ទាំង​នោះ​គឺ​ត្រូវ​តែ​ធំ​ជាង​លុយ។ នេះ​វា​ខុស​ពី​មនុស្ស​​មួយ​ចំនួន​ដែល​ចង់​ធ្វើ​សហគ្រិន​គិត​តែ​ពី​រក​ប្រាក់​ចំណេញ​ ឬ លុយកាក់​ធ្វើ​ជា​ត្រីមុខ​​​។

៤) សហគ្រិន​​ខិតខំ​ធ្វើ​ការ​ដើម្បី​អាជីវកម្ម​ ខណៈ​ដែល​បុគ្គល​​ចង់​ធ្វើ​សហគ្រិន​​ខិតខំ​ធ្វើ​ការ​ដើម្បី​តែ​មុខមាត់​របស់​ខ្លួន​
លោក Thomas Edison បាន​មាន​ប្រសាសន៍​ថា៖ « ទេពកោសល្យ​គឺ​ ១% កើត​ចេញ​ពី​​គំនិត​​ និង ៩៩% កើត​ចេញ​ពី​​ញើស​ឈាម​របស់​ខ្លួន​»។​​​​

នេះ​​ជា​ការ​ងារ​ដ៏​សំខាន់​របស់​សហគ្រិន​ក្នុង​ការ​​ខិតខំ​ធ្វើ​ការ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ។ សហគ្រិន​គឺ​​ជា​មនុស្ស​ដែល​មមាញឹក​បំផុត​ និង យកចិត្ត​ទុកដាក់​ខ្ពស់​លើ​​ប្រភេទ​អាជីវកម្ម ឬ មុខ​ជំនួញ​ដែល​នាំ​មក​នូវ​​សក្ដានុពល​ក្នុង​ទីផ្សារ។ យ៉ាងណាមិញ​សម្រាប់​​​បុគ្គល​ដែល​ចង់​ធ្វើ​សហគ្រិន​​ពុំ​មាន​ការ​អត់ធ្មត់​​នោះ​ឡើយ ហើយ​តែង​​រក​ផ្លូវ​កាត់​ដែល​ងាយស្រួល​​ដើម្បី​ឲ្យ​មនុស្ស​គ្រប់គ្នា​គិត​ថា ខ្លួន​ពិត​ជា​បាន​ជោគជ័យ​រួច​ទៅ​​ហើយ។

៥) សហគ្រិន​ធ្វើ​ការ​ដើម្បី​​ស្រវា​ចាប់​យក​អ្វី​ដែល​ខ្លួន​ចង់​បាន​ដោយ​ខ្លួន​ឯង​ ខណៈ​ដែល​​បុគ្គល​​ចង់​ធ្វើ​សហគ្រិន​​ដេក​រង់ចាំ​​គ្មាន​ទី​បញ្ចប់​​
« ពេល​ណា​ក៏ដោយ សុទ្ធតែ​​ល្អ​​​​សម្រាប់​បើក​ក្រុមហ៊ុន​»។ លោក  Ron Conway ស្ថាបនិក​របស់​ក្រុមហ៊ុន Startup Investor។

ដើម្បី​ចាប់​ផ្តើម​ធ្វើ​អ្វី​​​មួយ​ដែល​ខ្លួន​ចង់​បាន សហគ្រិន​​យល់​ឃើញ​ថា ជំនួញ​ ឬ ប្រភព​ធនធាន​ផ្សេង​ទៀត​មិនមែន​ជា​​អ្វី​ដែល​ខ្លួន​ត្រូវ​ដេក​រង់ចាំ​នោះ​ទេ។ ហេតុដូច្នេះ​ហើយ​ខ្លួន​ត្រូវ​តែ​ងើប​ក្រោក​ឡើង​ទៅ​ស្វែង​រក​វា​ដោយ​ខ្លួន​ឯង​ មិន​ចាំបាច់​មាន​អ្នកណា​ម្នាក់​មក​​ប្រាប់​នោះ​ឡើយ។ ប៉ុន្តែ​នេះ​ជា​រឿង​ផ្សេង​សម្រាប់​បុគ្គល​ដែល​ចង់​ធ្វើ​សហគ្រិន​​ដែល​​ជា​រឿយៗ​​ដេក​ទន្ទឹម​រង់ចាំ​ឲ្យ​គេ​ជួយ​​ ឬ ទុក​ឲ្យ​ឱកាស​ល្អ​ៗ​មក​ដល់​ដៃ​ដោយ​ខ្លួន​ឯង​មិន​ចាំបាច់​ចំណាយ​កំលាំង​ទៅ​ស្វែង​រក​វា​នោះ​ទេ។​


៦) សហគ្រិន​សម្រប​ខ្លួន និង ធ្វើ​ការ​ផ្លាស់ប្ដូរ​ភ្លាមៗ ខណៈ​ដែល​បុគ្គល​ចង់​ធ្វើ​សហគ្រិន​នៅ​​អែនអន​​សុំ​​មតិ​របស់​អ្នកដទៃ
​ការ​ផ្លាស់ប្ដូរ ឬ សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​ថ្មីៗ ​ឲ្យ​បាន​ទាន់​សភាពការណ៍​ គឺ​ជា​លក្ខណៈ​ពិសេស​មួយ​ទៀត​​របស់​សហគ្រិន ​ព្រោះ​​ថា​​ការ​ផ្លាស់ប្ដូរ​នេះ​ហើយ​អាច​ជា​ឱកាស​​ល្អ​ឈាន​​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម។ ទោះបី​ជា​បែប​នេះ​ក្តី បើ​​អ្នក​ក្រឡេក​មក​មើល​​បុគ្គល​​ចង់​ធ្វើ​ជា​សហគ្រិន​វិញ​នោះ ពិត​ជា​មាន​​ការ​ភ័យខ្លាច​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​នេះ គ្មាន​ភាព​ក្លាហាន​ក្នុង​ការ​ផ្លាស់ប្ដូរ ហើយ​ចាប់​ផ្តើម​ស្វែង​​រក​គំនិត​យោបល់​របស់​​អ្នក​ផ្សេង​ជា​មុន​សិន។​​​​​

៧) សហគ្រិន​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ខណៈ​ដែល​​បុគ្គល​​ចង់​ធ្វើ​សហគ្រិន​ដេក​រង់ចាំ​គំនិត​ល្អ​ចូល​មក​ដល់​​
នៅ​ទី​នេះ​ បើ​​ផ្អែក​តាម​ទស្សនៈ​របស់​លោក Russell Simmons ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Def Jam របស់​អាមេរិក​បាន​​យល់​ដូច្នេះ​ថា៖« អ្នក​គ្រាន់តែ​យក​ចិត្ត​ទុកដាក់​នូវ​អ្វី​ដែល​ជា​តម្រូវ​ការ​របស់​សាធារណជន និង គិត​ទៅ​លើ​អ្វី​ដែល​មិន​ទាន់​មាន​អ្នកណា​ធ្វើ»។  ​​

វា​ជា​រឿង​​ឆោត​ល្ងង់​ដែល​សហគ្រិន​​​ត្រូវ​ដេក​រង់ចាំ​គំនិត​ដ៏​ល្អ​មួយ​បំផុស​ចេញ​ឡើង។ តាម​ពិត​ទៅ​សហគ្រិន​បាន​យល់​ឃើញ​ថា ការ​ធ្វើ​​ឲ្យ​អាជីវកម្ម​ជោគជ័យ វា​មិន​មែន​ត្រូវ​ការ​គំនិត​ដ៏​ល្អ​ឥតខ្ចោះ​នោះ​ឡើយ តែ​វា​ត្រូវ​ការ​ភាព​ច្នៃប្រឌិត​​ និង បង្កើត​អ្វី​ថ្មីៗ​ដែល​មិន​មាន​អ្នកណា​ធ្លាប់​​ធ្វើ​វា​នៅ​ពេល​កន្លង​មក ឬ យ៉ាងហោចណាស់​ធ្វើ​ឲ្យ​ខុស​ប្លែក​ពី​គេ។ ​ងាក​មក​មើល​បុគ្គល​ដែល​ចង់​ធ្វើ​សហគ្រិន​វិញ គឺ​ជា​មនុស្ស​ដែល​ងប់ងុល​ទៅ​នឹង​​ការ​ដេក​រង់ចាំ​គំនិត​ដ៏​អស្ចារ្យ​​ធ្លាក់​មក​ពី​លើ​មេឃ។​

៨) ​សហគ្រិន​គឺ​ជា​អ្នក​ដែល​ហ៊ាន​ប្រឈមមុខ​នឹង​ហានិភ័យ ខណៈ​ដែល​​បុគ្គល​ចង់​ធ្វើ​សហគ្រិន​គេចវេស​ពី​ហានិភ័យ​
​​​​ដូច​អ្វី​ដែល​លោក Ray Kroc ស្ថាបនិក​​ក្រុមហ៊ុន  McDonald’s បាន​និយាយ​ថា៖ « ប្រសិន​បើ​អ្នក​មិន​​មែន​ជា​មនុស្ស​ដែល​ហ៊ាន​ប្រឈមមុខ​នឹង​ហានិភ័យ អ្នក​គួរតែ​​យក​ឋាននរក​ចេញ​ពី​សង្គ្រាម​អាជីវកម្ម»។​​​

សង្គ្រាម​អាជីវកម្ម​នៅ​ក្នុង​ពិភពលោក​ទាំងមូល​បាន​បង្រៀន​​សហគ្រិន​ច្រើន​​ណាស់ ​ហើយ​ពាក់​កណ្តាល​នៃ​សហគ្រិន​អាច​ទប់ទល់​ទៅ​​នឹង​សៃវៀន​នេះ​បាន។ ​នេះ​ក៏ដោយ​សារ​តែ​ពួកគេ​ជា​មនុស្ស​ដែល​ជឿជាក់ និង មាន​ទំនុកចិត្ត​លើ​​សមត្ថភាព​របស់​ខ្លួន​​ទោះបី​ជា​មាន​ហានិភ័យ​កម្រិត​ណា​ក៏ដោយ​។ ​​​​​សម្រាប់​បុគ្គល​ដែល​ចង់​ធ្វើ​សហគ្រិន ការ​​គេច​ចេញ​ពី​ហានិភ័យ​គឺ​ជា​ក្តី​ប្រាថ្នា​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​​របស់​​ខ្លួន​។

៩) សហគ្រិន​បំពេញ​​មហិច្ឆតា​របស់​ខ្លួន ខណៈ​ដែល​អ្នក​ចង់​ធ្វើ​ជា​សហគ្រិន​បំពេញ​មហិច្ឆតា​របស់​អ្នកដទៃ​​
« ជ្រើសរើស​ការងារ​ដែល​អ្នក​ពេញ​ចិត្ត ព្រោះ​អ្នក​មិនមែន​ធ្វើ​ការ​ដើម្បី​តែ​មួយ​ថ្ងៃ​នោះ​ឡើយ​»។ ខុង ជឺ ទស្សនវិទូ​ចិន​​ ។

ការ​សម្រេច​មហិច្ឆតា​របស់​ខ្លួន​ គឺ​ជា​គោលដៅ​របស់​សហគ្រិន ពីព្រោះ​ថា​​វា​ជា​​​ផ្លូវ​តែមួយគត់​​​​ដែល​នាំ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ការងារ​របស់​ខ្លួន​តាម​អ្វី​ដែល​ខ្លួន​ពេញចិត្ត។ អ្នក​ដែល​បំពេញ​ការងារ​ដែល​ខ្លួន​ពេញចិត្ត នឹង​មាន​កម្លាំង​ចិត្ត​ខិតខំ​បំពេញ​​ការងារ​ដោយ​មិន​ខ្លាច​នឿយហត់។ នេះ​វា​ខុស​ពី​​​បុគ្គល​ដែល​ចង់​ធ្វើ​ជា​​សហគ្រិន​បាន​ត្រឹមតែ​ដើរ​តាម​គំនិត និង ការ​ចង្អុល​បង្ហាញ​របស់​អ្នកដទៃ​តែ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ ខេវិន​​​​​​
ប្រភព៖​ Lifehack