រកឃើញបន្ទាយបុរាណដ៏មហិមារបស់អធិរាជសង្គ្រាមសង់ស៊ីខាន់នៅម៉ុងហ្គោលី
អធិរាជសង់ស៊ីខាន់ (Genghis Khan) បានកសាងចក្រភពម៉ុងហ្គោលដ៏ធំ សឹងមួយចំហៀងពិភពលោក។ របកគំហើញថ្មីៗបំផុតនេះបានបង្ហាញថាអធិរាជអង្គនេះបានសាងសង់បន្ទាយបុរាណដ៏ធំមហិមានៅប្រទេសម៉ុងហ្គោលី។ នេះជាសក្ខីភាពដ៏ថ្មីសន្លាងដែលបញ្ជាក់ថាប្រវត្តិសាស្ត្រដែលបានសរសេរ ពាក់ព័ន្ធនឹងប្រវត្តិសង់ស៊ីខាន់ សុទ្ធសឹងជាការពិតទាំងអស់ មិនមែនជារឿងនិទានទេ។
កាលពីពេលថ្មីៗនេះ ក្រុមអ្នកជីកកកាយជនជាតិម៉ុងហ្គោលី និងជប៉ុនចម្រុះគ្នា បានគាស់កកាយឃើញបន្ទាយសម័យបុរាណមួយកន្លែងដែលមានទំហំ ២០០ ម៉ែត្រគុណនឹង ១៧០ ម៉ែត្រ។ លោក Koichi Matsuda នៃសាកលវិទ្យាល័យអូសាកា (Osaka International University) បានដឹកនាំក្រុមបុរាណវិទ្យា ដើរគាស់កកាយដីរហូតដល់ឃើញបន្ទាយទ័ពសម័យបុរាណនេះឡើង។
បន្ទាយនេះស្ថិតនៅចម្ងាយ ៨៨០ គីឡូម៉ែត្រពីរដ្ឋធានី Ulan Bator នៃប្រទេសម៉ុងហ្គោលី។ គេវាយតម្លៃថាបន្ទាយនេះត្រូវបានសាងសង់រួចរាល់កាលពីឆ្នាំ១២១២ និងមើលការខុសត្រូវការសាងសង់ដោយមេទ័ពកំពូលរបស់អធិរាជសង់ស៊ីខាន់ផ្ទាល់តែម្ដង។ លោក Matsuda ឲ្យដឹងថាបន្ទាយនេះកាលសម័យនោះ ជាមណ្ឌលសម្រាប់ស្តុកទុកភស្តុភារ និងអាវុធយុទ្ធភណ្ឌដ៏សម្បូរបែប និងជាច្រកផ្លូវដ៏សំខាន់ សម្រាប់កងទ័ពម៉ុងហ្គោលលើកគ្នាវាយចូល ឬទន្ទ្រានទៅភូមិភាគខាងលិច។ បន្ទាយនេះត្រូវគេឲ្យឈ្មោះថា Chinkai Castle។
សូមបញ្ជាក់ថា បន្ទាប់ពីចក្រភពម៉ុងហ្គោលដួលរលំទៅ កំពែង Chinkai Castle ត្រូវបានទុកចោល គ្មានការថែទាំ អ្វីទាំងអស់ រហូតដល់ក្លាយជាកន្លែងបាក់បែករាបដល់ដីតែម្ដង កាលពីសតវត្សទី១៤។ នៅទីបំផុត ដីបានកប់កំពែងនេះជិត រហូតដល់អតីតកាលពាក់ព័ន្ធនឹងតំបន់នេះ ក្លាយជាអាថ៌កំបាំងគ្មានអ្នកណាដឹង។ ដូចនេះ តិចឬច្រើន ការជីកកកាយឃើញកំពែង Chinkai Castle ជាទុនបន្ថែមសម្រាប់អ្នកសិក្សា អាចយកទៅវិភាគបន្ថែម៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ Business Insider