កម្មករ​​​ខ្មែរ​​ស្រប​ច្បាប់​ប្រមាណ​១​ម៉ឺន​នាក់​ប្រឈម​​នឹង​ការ​បណ្ដេញ​ចេញ​ពី​ប្រទេស​ថៃ

3/16/2015 0 Comments A+ a-

គិត​ត្រឹម​ចុង​ខែ​មីនា ឆ្នាំ​២០១៥ ពលករ​ស្រប​ច្បាប់​ប្រមាណ​ ១,៦​លាន​នាក់​មក​ពី​ប្រទេស​ចំនួន​បី​ រួម​មាន កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ឬ ភូមា ដែល​កំពុង​​​បំពេញ​ការងារ​នៅ​ប្រទេស​ថៃ ប្រឈម​នឹង​ការ​បណ្ដេញ​មក​ប្រទេស​របស់​ខ្លួន​វិញ ដោយ​សារ​តែ​លិខិត​អនុញ្ញាត​ការងារ​នៅ​ទី​នោះ​ផុត​កំណត់។ ក្នុង​ចំណោម​ពលករ​ស្រប​ច្បាប់ មាន​ពលករ​កម្ពុជា ប្រមាណ ១​ម៉ឺន​នាក់ អាច​អនុវត្ត​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ថៃ។
imageសកម្មភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​ដាក់​ចំណុច​រង្វង់​មូល​ខាង​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤
រាជរដ្ឋាភិបាល​ថៃ ​បាន​ប្រកាស​ជា​ផ្លូវ​ការ​​ថា​ សុពលភាព​​​នៃ​ប្រើប្រាស់​លិខិត​​ការងារ​បណ្ដោះអាសន្ន​របស់​ពលករ​ចំណាក​ស្រុក ​​ពី​ប្រទេស​ជិត​ខាង​របស់​​​ប្រទេស​ថៃ នឹង​ផុត​កំណត់​នៅ​ចុង​ខែ​មីនា នេះ។ បញ្ហា​នេះ ពលករ​ចំណាក​ស្រុក​​របស់​កម្ពុជា និង​អ្នក​ក្នុង​បន្ទុក​​​រាប់​ពាន់​នាក់ ​ប្រឈម​នឹង​ការ​វិល​ត្រឡប់​​មក​ប្រទេស​ខ្លួន​វិញ ដើម្បី​បំពេញ​បែប​បទ​បំពេញ​ការងារ​ជា​ថ្មី។
ការិយាល័យ​ព័ត៌មាន​របស់​ថៃ បាន​រាយការណ៍​ថា​ ពលករ​ពី​ប្រទេស​កម្ពុជា ត្រូវ​មក​ទទួល​បំពេញ​បែប​បទ​សុំ​ទិដ្ឋាការ​ការងារ​ឡើង​វិញ​ និង​ត្រូវ​បង្ហាញ​ទិដ្ឋាការ​​ការងារ​នោះ ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣១ មីនា ទៅ​អាជ្ញាធរ​ថៃ ដើម្បី​ទទួល​បាន​លិខិត​អនុញ្ញាត​ការងារ​រយៈ​ពេល​មួយ​ឆ្នាំ​ជា​ថ្មី​ទៀត។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​​អង្គការ​ពលករ​ចំណាក​ស្រុក​​យល់​ឃើញ​ថា​ ពលករ​ស្រប​ច្បាប់​​ដែល​ផុត​សុពលភាព​​ការងារ​ប្រមាណ ៥០% ​ក្នុង​ចំណោម​កម្មករ​ប្រមាណ ១,៦​លាន​នាក់ អាច​ប្រឈម​នឹង​ការ​បញ្ជូន​មក​​ប្រទេស​របស់​គេ​វិញ​ ដោយ​សារ​តែ​ដំណើរការ​ចុះ​បញ្ជី​យឺត និង​ការ​សម្រប​សម្រួល​រវាង​រដ្ឋាភិបាល​​នៅ​មាន​កម្រិត​ទាប។
អ្នក​វិភាគ​កិច្ចការ​អន្តរជាតិ លោក​បណ្ឌិត​ រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា​ ការ​រឹត​បន្តឹង​ពលករ​ចំណាក​ស្រុក​​​​​ គឺ​កិច្ច​ការ​ចាំ​បាច់​ដែល​រដ្ឋាភិបាល​យោធា​ថៃ ត្រូវ​ធ្វើ​ដើម្បី​ការ​ពារ​ភាព​ចលាចល និង​រក្សា​សន្តិភាព។ លោក​បញ្ជាក់​ទៀត​ថា​ ប្រសិន​បើ​ពលករ​ស្រប​ច្បាប់​ដែល​កំពុង​ធ្វើ​​ការ​នៅ​ថៃ នឹង​​ត្រូវ​គេ​ចាប់​បញ្ជូន​មក​​កម្ពុជា​វិញ​ គឺ​ជា​ការ​បង្ហាញ​ថា​ ​​រាជរដ្ឋាភិបាល​កម្ពុជា ហាក់​មាន​ឆន្ទៈ​តិចតួច​ក្នុង​ការ​ធានា​ភាព​ស្រប​ច្បាប់​របស់​ពលករ​កម្ពុជា ដែល​កំពុង​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ៖ «»។
​​បន្ថែម​លើ​នេះ ការ​ស្រាវជ្រាវ​ដោយ​អង្គការ​តស៊ូ​មតិ បណ្ដាញ​ពលករ​ចំណាក​ស្រុក​មេគង្គ បាន​​អះអាង​ថា​ ការ​សម្របសម្រួល​​រវាង​រដ្ឋាភិបាល​​និង​រដ្ឋាភិបាល​​មិន​ល្អ ​នឹង​ប៉ះ​ពាល់​ដល់​ការ​ចុះ​បញ្ជី​​ពលករ​ស្រប់​ច្បាប់​មាន​ដំណើរ​ការ​យឺត។
វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ទេ​ នៅ​ថ្ងៃ​ទី​១៥ មីនា។ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​​ បាន​រក​ឃើញ​ថា​ ដើម្បី​ក្លាយ​ខ្លួន​ជា​ពលករ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ បាន ពលករ​កម្ពុជា ម្នាក់​ត្រូវ​ឆ្លង​កាត់​នីតិ​វិធី​ចំនួន ១៦​កន្លែង និង​កន្លែង​នីមួយៗ​ត្រូវ​ការ​ពេល​វេលា​បំពេញ​ឯកសារ​យ៉ាង​ហោច​ណាស់​ចន្លោះ​ពី ៣​ថ្ងៃ ទៅ​មួយ​សប្ដាហ៍។
តាម​ការ​ប៉ាន់ស្មាន ពលករ​​កម្ពុជា អាច​បំពេញ​បែប​បទ​ស្រប​ច្បាប់​ដែល​អាច​អនុវត្ត​បាន​តាម​សេចក្ដី​ប្រកាស​​ ព័ត៌មាន​របស់​ថៃ​ មាន​ចំនួន​ប្រមាណ ១​ម៉ឺន​នាក់​ប៉ុណ្ណោះ​ គិត​មក​ទល់​ដំណាច់ខែ​មីនា ឆ្នាំ​២០១៥៕ ប្រភពៈ RFA