យុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោក ស៊ីជីនពីង ជាល្បែងបង្កើនអំណាច ?!
តុលាការចិនបានប្រកាស តាមរយៈការចុះផ្សាយក្នុងទំព័រសារព័ត៌មានផ្លូវការនៅថ្ងៃសុក្រនេះ ថាសវនការកាត់ទោសលោក ចូវ យ៉ុងកាង អតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខនិងជាអតីតសមាជិកគណៈអចិន្ត្រៃយ៍បក្សកុម្មុយនិសចិន ពីបទពុករលួយនិងផ្សព្វផ្សាយការសម្ងាត់រដ្ឋ នឹងប្រព្រឹត្តជាសាធារណៈ ដើម្បីតម្លាភាព។ នេះជាលើកទីមួយ ហើយដែលចិនបើកសវនការកាត់ទោស មន្ត្រីកំពូលក្នុងជួរបក្ស។
គិតចាប់តាំងពីគណបក្ស កុម្មុយនិសចិនឡើងកាន់អំណាច នៅឆ្នាំ១៩៤៩មក នេះជាលើកទីមួយហើយដែលមន្ត្រីថ្នាក់កំពូលក្នុងជួរគណៈអចិន្ត្រៃយ៍ បក្ស ចូលនិវត្តន៍ទៅហើយ ត្រូវត្រលប់មកជាប់អង្កេត ចាប់ខ្លួន និងត្រូវកាត់ទោសជាសាធារណៈ ព្រោះរឿងអាស្រូវពុករលួយ។ ប៉ុន្តែសម្រាប់ ប្រធានតុលាការកំពូលចិន គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ! ដំណើរការសវនាការនឹងត្រូវធ្វើជាសាធារណៈក្នុងក្របខ័ណ្ឌនៃច្បាប់។
ប៉ុន្តែពីតម្លាភាព ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយៈសំណុំរឿងលោក ចូវ យ៉ាងកាង ដ៏រសើបខ្លាំងណាស់ ជាពិសេសនៅលើផ្នែកនយោបាយ មិនប្រាកដថាមាន១០០%ឡើយ។
មានអាយុ ៧១ឆ្នាំ ជាអតីតឥស្សរជនដ៏មានអំណាចបំផុតម្នាក់នៅក្នុងទសវត្សរ៍ឆ្នាំ២០០០ លោក ចូវ យ៉ាងកាង មានតួនាទីនៅក្នុងគណៈអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្ត ដែលជាស្ថាប័នមានអំណាចកំពូលនៅចិន និង ជាអតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ ដ៏មានមហិទ្ធិរិទ្ធ រហូតដល់ឆ្នាំ២០១២ ជាឆ្នាំចូលនិវត្តន៍ និងជាឆ្នាំដែលមានការប្តូរផ្លាស់ក្បាលម៉ាស៊ីនដឹកនាំប្រទេស តាមរយៈការឡើងកាន់តំណែងរបស់លោក ស៊ី ជីនពីង ជាប្រធានាធិបតីចិន។ លោកស៊ី ជីនពីង ដែលបានយកការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាអាទិភាពចម្បង សម្រាប់អាណត្តិនេះ។
ប៉ុន្តែបើគេសង្កេតឱ្យស៊ីជម្រៅ អ្នករងការចោទប្រកាន់ និងផ្តួលចេញពីអំណាច គឺច្រើនតែជាអ្នកដែលមាននិន្នាការឬនៅខាងចរន្តដែលជាធ្លាប់ជាគូ ប្រជែងនឹងលោកស៊ីជីនពីង។ ហេតុដូច្នេះហើយបានជា មានមិនខ្វះទេ ភាពមន្ទិលសង្ស័យ ថាលោកស៊ីជីនពីង ប្រើនយោបាយបំបាត់អំពើពុករលួយដើម្បីកម្ចាត់ចរន្តបក្ខដិបក្ខ នោះ។
ពីអ្នកសម្របសម្រួល ទៅជាប្រើអំណាច
កាលពីពីរឆ្នាំមុន លោកស៊ីជីនពីង ក្នុងពេលនៅជាបេក្ខជននៅឡើយ លោកស៊ី ជីនពីង ជាឥស្សរជននយោបាយដែលមានជំហរសម្របសម្រួល រវាងចរន្តប្រជែងគ្នាក្នុងជួរបក្ស ឆ្លើយតបបានទាំងស្រុងទៅនឹងគោលការណ៍បក្ស។ តាំងពីឆ្នាំ១៩៧៦ មកក្រោយមរណភាពរបស់ម៉ៅសេទុង បិតារបបសាធារណរដ្ឋចិនប្រជាមានិត បក្សកុម្មុយនិស្តចិន បានប្រកាន់ជំហរអភិរក្ស ដើម្បីធ្វើយ៉ាងណាកុំឱ្យបែកធ្លាយបក្ស។ មេដឹកនាំមានគោលការណ៍សម្រេចចិត្ត ដោយឈរការព្រមព្រៀង មិនគំរាមកំហែងឥស្សរជនក្នុងជួរបក្ស និងបដិសេធការបើអំណាចតែម្នាក់ឯង។ ប្រសិនបើបក្សកុម្មុយនិស្តដឹងថា លោក ស៊ី ជីនពីង ពេលឡើងកាន់អំណាច បោសសម្អាតមន្ត្រីជាន់ខ្ពស់មិនរើងមុខ ប្រហែលជាគេមិនជ្រើសយកលោកស៊ី ជីនពីងទេ។
ជាមួយយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ វាយប្រហារដល់សមាជិកគណៈអចិន្ត្រៃយ៍បក្ស លោក ស៊ីជិនពីង កំពុងបង្កើនអំណាចខ្លាំង បង្ហាញឥទ្ធិពល ជាបុគ្គលត្រូវតែគោរព មានវត្តមានស្ទើរក្នុងគ្រប់ប្រព័ន្ធឃោសនា ពេញផ្លូវ ពេញភោជនីយដ្ឋាន ក្នុងរយៈពេលតែ១៨ខែនៃការកាន់អំណាច លោកស៊ីជីនពីង ជាប្រធានាធិបតីដែល ឈ្មោះក្នុងកាសែតប្រជាជនច្រើនជាគេបង្អស់ គិតចាប់តាំងពីសម័យចិនដឹកនាំដោយលោកម៉ៅសេទុងមក។ មហិច្ឆតារបស់លោកពេលនេះ គឺចង់ក្លាយជាប្រមុខដឹកនាំដែលមានអំណាចជាងគេបំផុត និងជំនះលើរាល់ប្រព័ន្ធ (ចាស់គំរិល)។
ជាមួយនឹងយុទ្ធសាស្ត្រដ៏ប្រកបដោយគ្រោះថ្នាក់នេះ យុទ្ធនាការបោសសម្អាតជនពុករលួយរបស់លោកស៊ីជីនពីងត្រូវតែបន្ត។ ព្រោះយុទ្ធនាការនេះ បានធ្វើឥស្សរជនចិនក្នុងជួរបក្ស ទើសទាល់ និងមិនសប្បាយចិត្តខ្លាំងណាស់។ ដូច្នេះដើម្បីអាចឈរជើងជាប់ លោក ស៊ីជីនពីងត្រូវតែពង្រឹងបន្ទាត់មនោគមន៍វិជ្ជា និងពិសេសត្រូវតែ រក្សាសម្ពាធឱ្យនៅខ្ពស់ដដែល ពោលគឺត្រូវ បន្តកម្ចាត់មន្ត្រីពុករលួយ បន្តដកស្មៅដែលអាចទាក់ជើងលោក។ ដើម្បីកុំឱ្យមានកំហឹងផ្ទៃក្នុងរោលរោលខ្លាំង និង វិវាទទាន់៕ប្រភពៈ RFI