រឿងពិតនៅពីក្រោយសេវាកម្មទេសចរណ៍ផ្លូវភេទដ៏រន្ទឺរបស់ប្រទេសថៃ
បើតាមការចុះផ្សាយពីគេហទំព័រ The Richest បង្ហាញថា ថៃបានជាប់ចំណាត់ថ្នាក់កំពូលគេ ជាគោលដៅទេសចរណ៍ផ្លូវភេទ ដែលជនបរទេសពេញនិយមបំផុត។ រឿងនេះគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ដោយសារភ្លើងចម្រុះពណ៌នៅគ្រប់ទីកន្លែងនាទីក្រុងបាងកក ព្រមទាំងច្បាប់ប្រឆាំងពេស្យាចារហាក់មានភាពធូររលុង ជាកត្តាទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តចាយលុយសប្បាយ មកកម្សាន្តក្នុងប្រទេសថៃជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ នៅមានរឿងមួយចំនួនដែលអ្នកអាចមិនទាន់ដឹង ទាក់ទងនឹងសេវាកម្មទេសចរណ៍ផ្លូវភេទ នៅក្នុងប្រទេសជិតខាងកម្ពុជាមួយនេះ។
បើតាមគេហទំព័រ The Richest ដដែលបានបង្ហាញថា នៅក្នុងប្រទេសថៃ មានអ្នករកស៊ីផ្លូវភេទប្រហែល ៣លាននាក់ ដោយរាប់បញ្ចូលទាំងភេទទីបីផង ហើយប្រមាណ ១ភាគ៣ ជាអនីតិជន។ យ៉ាងណាក៏ដោយ ចំនួនអ្នករកស៊ីផ្លូវភេទទាំងអស់នោះ ភាគច្រើនជានារីដែលរងការជួញដូរ បើទោះបីមានការគ្រប់គ្រងយ៉ាងល្អក៏ដោយ។
បើតាមបុរសម្នាក់ដែលមានបទពិសោធន៍ហូរហៀររឿងផ្លូវភេទក្នុងប្រទេសថៃ បានបញ្ជាក់ថា នៅលើបណ្ដោយផ្លូវរាត្រីដ៏ល្បី Soi6 ខេត្តប៉ាតាយ៉ា ភ្ញៀវទេសចរអាចទាក់ទងនារីដ៏សិចស៊ីនានា ដើម្បីឡើងឋានសួគ៌ក្នុងតម្លៃជាមធ្យម ៣០ដុល្លារ។
ចំណែកឯនារីនៅក្នុងបារវិញ អ្នកទេសចរក៏អាចណាត់ចេញក្រៅបានដូចគ្នា តែត្រូវបង់ថ្លៃឲ្យបារជាមុនសិន។ តម្លៃដែលត្រូវបង់នោះ អាចស្មើនឹង ៥០០បាត (ប្រហែល ១៥ដុល្លារ) សម្រាប់បារស៊េរីខ្ពស់។ ចំណែកបារស៊េរីទាប ជាមធ្យមមានតម្លៃ ២០០បាត (ប្រហែល ៦ដុល្លារ) ប៉ុណ្ណោះ។ ឯនារីដែលអ្នកទេសចរយកចេញក្រៅ មានតម្លៃអាស្រ័យលើការចរចាគ្នា ដែលមួយយប់អាចចន្លោះពី ១០០០ ទៅ ៣០០០បាត (៣០ ទៅ ៩០ដុល្លារ)។
ក្រៅពីទទួលសេវាកម្មកម្សាន្តសប្បាយទាំងនោះ អ្នកទេសចរបរទេសមួយចំនួនធំ ក៏មានការប្រុងប្រយ័ត្ន និងគិតជាប្រចាំផងដែរ។ ខាងក្រោមនេះជាចំណុចខ្លះៗ ដែលភ្ញៀវទេសចរមិនសូវមើលរំលង ពេលរកការសប្បាយជាមួយនារីរាត្រីក្នុងប្រទេសថៃ៖
១. ជនបរទេសមួយចំនួនដែលមិនចេះតថ្លៃ ត្រូវក្រុមនារីរកស៊ីផ្លូវភេទថៃ ទាមទារតម្លៃយ៉ាងខ្ពស់ក្រោយពេលប្រតិបត្តិការរួច។ ប្រសិនបើភ្ញៀវមិនព្រមបង់ប្រាក់តាមការទាមទារនោះទេ អាចប្រឈមមុខជាមួយការគំរាមកំហែងផ្សេងៗ។
២. ពេលចាកចេញពីបន្ទប់ និងចូលងូតទឹក ជនបរទេសនានាតែងមានការប្រុងប្រយ័ត្នជានិច្ច ព្រោះធ្លាប់មានរឿងអាស្រូវ បាត់កាបូបលុយ ទូរសព្ទ និងកាមេរ៉ាញឹកញាប់។
៣. ភាគច្រើន ភ្ញៀវមិនសូវឲ្យនារីរកស៊ីផ្លូវភេទទាំងនោះទទួលទានគ្រឿងស្រវឹងច្រើនពេកទេ ព្រោះពួកគេគិតថាខ្ជះខ្ជាយ ហើយនារីរាត្រីនៅប្រទេសថៃសុទ្ធតែថ្នឹករឿងផឹកនេះទៅហើយ
៤. អ្វីដែលអ្នកទេសចរបរទេសច្រើនប្រុងប្រយ័ត្នដែរនោះ គឺនារីដែលគ្រប់អាយុរួមភេទ តាមច្បាប់កំណត់ ១៨ឆ្នាំ៕
ដោយសារភាពល្បីរន្ទឺ រឿងសេវាកម្មទេសចរណ៍ផ្លូវភេទ បានធ្វើឲ្យប្រទេសថៃក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរដ៏ធំមួយនៅក្នុងតំបន់អាស៊ាន និងជាប់ជាគោលដៅទេសចរសិចធំជាងគេលើលោក។ ប្រទេសបីទៀតនៅតំបន់អាស៊ានដែលជាប់ក្នុងចំណាត់ថ្នាក់គោលដៅទេសចរផ្លូវភេទរបស់ពិភពលោកក្នុងគេហទំព័រ The Richest ដែរនោះ គឺ ឥណ្ឌូណេស៊ីជាប់លេខ៤ ហ្វីលីពីនជាប់លេខ៦ និងប្រទេសកម្ពុជាជាប់លេខ៩៕