ស៊ុយអែតបញ្ចប់ទំនាក់ទំនងយោធាជាមួយអារ៉ាប៊ី សាអូឌីតដោយសារសំណុំរឿងសិទ្ធិមនុស្ស
ភាពតានតឹងការទូតរវាងស៊ុយអែត និង អារ៉ាប៊ី សាអូឌីត បានកើនឡើងមួយកម្រិត បន្ទាប់ពី អារ៉ាប៊ី សាអូឌីត កាលពីថ្ងៃពុធម្សិលមិញ បានសម្រេចកោះហៅ ឯកអគ្គរាជទូតរបស់ខ្លួនប្រចាំទីក្រុងស្តុកខូម ឲ្យចូលប្រទេសវិញ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យរបស់ក្រសួងការបរទេសស៊ុយអែត។ ការសម្រេចយ៉ាងដូច្នេះរបស់ទីក្រុងរីយ៉ាដ ធ្វើឡើងនៅថ្ងៃដែលរដ្ឋាភិបាលស៊ុយអែតប្រកាសបញ្ចប់ទំនាក់ទំនងយោធា ដែលប្រទេសទាំងពីរធ្លាប់មានជាមួយគ្នា តំាងពីឆ្នាំ ២០០៥មក។
អ្នកនាំពាក្យរបស់ក្រសួងការបរទេស ស៊ុយអែតបាននិយាយប្រាប់អ្នកកាសែត កាលពីថ្ងៃពុធថា ក្រសួងបានទទួលការជូនដំណឹងពីស្ថានទូត អារ៉ាប៊ី សាអូឌីតដែលថា ឯកអគ្គរាជទូត អារ៉ាប៊ី សាអូឌីត ត្រូវបានកោះហៅឲ្យត្រលប់ទៅប្រទេសវិញ កាលពីថ្ងៃអង្គារ។ តាមអ្នកនាំពាក្យដដែល ទោះបីជា អារ៉ាប៊ី សាអូឌីតកោះហៅមន្រ្តីទូតរបស់ខ្លួនចូលប្រទេសវិញ ប៉ុន្តែ ស៊ុយអែត និង អារ៉ាប៊ី សាអូឌីតមិនបានកាត់ផ្តាច់ចំណងការទូតនឹងគ្នានោះទេ។
អារ៉ាប៊ី សាអូឌីតទំនងប្រតិកម្មទៅនឹងការប្រកាសរបស់រដ្ឋាភិបាលស៊ុយអែត ដែលកាលពីថ្ងៃអង្គារដដែលបានប្រកាសថា នឹងមិនបន្តកិច្ចព្រមព្រៀងស្តីពីសហការយោធាជាមួយ អារ៉ាប៊ី សាអូឌីត តទៅទៀត។ តាមគម្រោងស៊ុយអែត និង អារ៉ាប៊ី សាអូឌីតត្រូវចុះហត្ថលេខា នៅខែឧសភា ដើម្បីបន្តកិច្ចព្រមព្រៀងយោធា រវាងប្រទេសទាំងពីរ សម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀត។ នៅក្នុងកិច្ចព្រមព្រៀងនោះ ស៊ុយអែតត្រូវលក់សព្វាវុធ តម្លៃប្រមាណ៣៧លានអឺរ៉ូទៅឲ្យ អារ៉ាប៊ី សាអូឌីត។ អារ៉ាប៊ី សាអូឌីត ស្ថិតនៅចំណាត់ថ្នាក់ទី៣ នៃក្រុមប្រទេសមិនមែន ប្រទេសលោកខាងលិច ដែលទិញអាវុធ ជាពិសេស រ៉ាដា ពីប្រទេសស៊ុយអែត។
រដ្ឋាភិបាលទីក្រុងស្តុកខូម បានប្រកាសបញ្ចប់ទំនាក់ទំនងយោធាជាមួយ អារ៉ាប៊ី សាអូឌីត ដោយគ្មានការពន្យល់អ្វីបន្ថែម។ ប៉ុន្តែ យ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់រដ្ឋាភិបាលស៊ុយអែត ធ្វើឡើង នៅក្នុងពេលភាពតានតឹងការទូតរវាងប្រទេសពីរកំពុងឡើងកំដៅខ្លាំង។ នៅថ្ងៃចន្ទ រដ្ឋមន្រ្តីការបរទេសស៊ុយអែតបានចោទអារ៉ាប៊ី សាអូឌីតថា បានរារាំងមិនឲ្យឡើងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំ សម្ព័ន្ធអារ៉ាប់ ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។ តាមគម្រោងលោកស្រី Margot Wallstroemត្រូវឡើងនិយាយពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេស អារ៉ាប់។ វាមិនមែនចៃដន្យឡើយ ដែលអារ៉ាប៊ី សាអូឌីតត្រូវបន្ទុចបង្អាក់លោកស្រី ប្រមុខការបរទេសស៊ុយអែតនោះ។ កាលពីខែមករា ដើមឆ្នាំនេះ លោកស្រី Margot Wallstroemដែលកម្រនឹងនិយាយអ្វីប៉ះពាល់ដល់អារ៉ាប៊ី សាអូឌីត បែរ ជាចេញមុខរិះគន់រដ្ឋាភិបាលក្រុងរីយ៉ាដ ថា បានអនុវត្តវិធីចាស់គំរិល ដោយបានវាយ ១ពាន់រំពាត់ ទៅលើអ្នកសរសេរblogម្នាក់ ក្នុងបទចោទប្រកាន់ថា បានជេរប្រមាថសាសនាអ៊ីស្លាម។ ទីក្រុងរីយ៉ាដ វិញបានឆ្លើយប្រាប់ទីក្រុងស្តុកខូមកុំឲ្យលូកចូលក្នុងកិច្ចការ ផ្ទៃក្នុងរបស់ខ្លួន។
តាមអ្នកតាមដាននយោបាយស៊ុយអែត ការសម្រេចរបស់រដ្ឋាភិបាលថ្មីរបស់ស៊ុយអែត ក្នុងការឈប់លក់អាវុធឲ្យ អារ៉ាប៊ី សាអូឌីតក៏អាចចេញមកពីការខ្វែងគំនិតគ្នានៃបក្សចម្រុះក្នុង រដ្ឋាភិបាលដែរ។ គណបក្សបៃតង ដែលចូលរួមនៅក្នុងរដ្ឋាភិបាលដែរនោះ មានជំហរប្រឆាំងនឹង រដ្ឋាភិបាលអាណត្តិមុន ដែលបានសម្រេចលក់អាវុធ ឲ្យ អារ៉ាប៊ី សាអូឌីត ដោយមិនបានតាមដានបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសនេះ។ ការឈប់ មិនលក់អាវុធឲ្យប្រទេសផ្តាច់ការ នោះ គឺជាគោលការណ៍រហូតមករបស់ស៊ុយអែត៕ ប្រភពៈ RFI