ម៉ុងតាញ៉ាដែលប៉ូលិសខេត្តរតនគិរីចាប់បញ្ជូនទៅវៀតណាមអះអាងថាខ្លះបាត់ខ្លួន
សមាជិកម៉ុងតាញ៉ាម្នាក់ក្នុងចំណោម ៣៦នាក់ដែលប៉ូលិសខេត្តរតនគិរី ចាប់បញ្ជូនទៅឲ្យអាជ្ញាធរខេត្តយ៉ាឡាយ ប្រទេសវៀតណាម អះអាងថាមានម៉ុងតាញ៉ា ខ្លះបាត់ខ្លួនមិនឃើញអាជ្ញាធរវៀតណាម បញ្ជូនមកលំនៅឋានវិញទេ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សបារម្ភពីសុវត្ថិភាពអ្នកបាត់ខ្លួនទាំង នោះ។
យ៉ាងហោចណាស់ម៉ុងតាញ៉ា ៤នាក់ ត្រូវបានគេរាយការណ៍ថា បាត់ខ្លួនបន្ទាប់ពីអាជ្ញាធរវៀតណាម ទទួលយកម៉ុងតាញ៉ា ៣៦នាក់ពីប៉ូលិសខេត្តរតនគិរី កាលពីចុងខែកុម្ភៈ។
បុរសម៉ុងតាញ៉ា មួយរូបសុំមិនបញ្ចេញឈ្មោះរៀបរាប់តាមទូរស័ព្ទពីស្រុកជីពពើស ខេត្តយ៉ាឡាយ មកថា សមាជិកក្រុមគេនៅភូមិជាមួយគ្នាមានគ្នា ១១នាក់ ត្រូវបានអាជ្ញាធរខេត្តយ៉ាឡាយ អនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញដោយគ្មានដាក់ទោសទណ្ឌ ក៏ប៉ុន្តែសមាជិករួមក្រុម ៤នាក់ រស់នៅភូមិជាមួយ នឹងត្រូវចាប់បញ្ជូនមកវិញជាមួយគ្នាមិនទាន់ឃើញត្រឡប់មកលំនៅឋាន វិញនៅឡើយ។
លោកបន្តថា មិនបានដឹងពីម៉ុងតាញ៉ា ក្រុមផ្សេងទៀតថា តើពួកគេបានវិលទៅលំនៅឋានគ្រប់គ្នា ឬបាត់ខ្លួនប៉ុន្មាននាក់នោះទេ៖ «ដល់ពេលគេបញ្ជូនទៅវិញ គឺមានចំនួន ១១នាក់ ហើយបាត់ ៤នាក់ មិនដឹងថា ពួកគេមានបញ្ហាអ្វីទេ ឬពួកគេត្រូវចាប់ដាក់គុកក៏ខ្ញុំមិនដឹងច្បាស់ដែរ»។
ជនភៀសខ្លួនម៉ុងតាញ៉ា ចំនួន ៣៦នាក់ ត្រូវប៉ូលិសខេត្តរតនគិរី ចាប់ខ្លួនកាលពីរំលងអធ្រាត្រថ្ងៃទី២៥ ឆ្លងចូលថ្ងៃទី២៦ ខែកុម្ភៈ។ ជនភៀសខ្លួនទាំង ៣៦នាក់ ត្រូវពលរដ្ឋខ្មែរជួយជម្លៀសពួកគេពីកន្លែងលាក់ខ្លួនក្នុងព្រៃ ខេត្តរតនគិរី បំណងទៅកាន់ទីក្រុងភ្នំពេញ ដើម្បីស្វែងរកការគាំពារពីការិយាល័យសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ។ បន្ទាប់ពីចាប់ខ្លួនម៉ុងតាញ៉ា ៣៦នាក់ ត្រូវបានដឹកជញ្ជូនឆ្លងដែនទាំងយប់ទៅប្រគល់ឲ្យប៉ូលិសស្រុកដាក់កឺ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែមីនា មិនអាចទាក់ទងស្ថានទូតវៀតណាម សុំបញ្ជាក់បញ្ហានេះបានទេ។
ទាក់ទិនការបាត់ខ្លួនម៉ុងតាញ៉ានេះ ប្រជាពលរដ្ឋខ្មែររស់នៅជិតតំបន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកអូរយ៉ាដាវ ដែលជាអ្នកជួយទំនុកបម្រុងជនភៀសខ្លួនម៉ុងតាញ៉ា ឲ្យដឹងដែរថា ក្រុមម៉ុងតាញ៉ា ដែលអាជ្ញាធរវៀតណាម ដោះលែងបន្ទាប់ចាប់ខ្លួនពីខេត្តរតនគិរី ក៏ប៉ុន្តែពួកគេត្រូវបានរឹតបន្តឹងសេរីភាពបន្ទាប់ពីបែកធ្លាយ ព័ត៌មានម៉ុងតាញ៉ា ដែលចាប់បញ្ជូនទៅវៀតណាមវិញ។
អ្នកភូមិខ្មែរដដែលឲ្យដឹងទៀតថា ក្រុមម៉ុងតាញ៉ា ៣៦នាក់ ដែលប៉ូលិសខេត្តរតនគិរី ចាប់បញ្ជូនទៅវៀតណាមវិញ ខ្លះទំនងជាត្រូវអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញ ឬចាប់ដាក់ពន្ធនាគារដោយសារពួកគេជាមុខសញ្ញាមេខ្លោងដឹកនាំអ្នក ភូមិឲ្យរត់ភៀសខ្លួន ក៏ប៉ុន្តែមិនមានព័ត៌មានជាក់លាក់ពីការបាត់ខ្លួនម៉ុងតាញ៉ា ទាំងនោះទេ៖ «តាមពិតដំបូងគេអត់វាយទេគេជូនដល់ផ្ទះរៀងៗ ខ្លួន។ ក្រោយមកគេហៅទៅឃុំស្រុក គេវាយគេថា អ៊ីចឹង។ ខ្ញុំទូរស័ព្ទទៅសួរគេឲ្យច្បាស់គេថា បងកុំតេមកពួកខ្ញុំ ក្តៅណាស់ អត់ហ៊ាននិយាយទេឥឡូវ គេបិទគេដកស៊ីមទូរស័ព្ទអស់»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (Adhoc) ខេត្តរតនគិរី លោក ឆាយ ធី អំពាវនាវឲ្យការិយាល័យឧត្តមស្នងការអង្គការសិទ្ធិមនុស្សឃ្លាំមើល សុវត្ថិភាពម៉ុងតាញ៉ា ដែលចាប់បញ្ជូនទៅអាជ្ញាធរវៀតណាម ខណៈពួកគេត្រូវបានរំលោភសិទ្ធិសុំជ្រកកោនជាជនភៀសខ្លួន។
លោកកត់សំគាល់កាលពីឆ្នាំ២០០២ អ្នកភូមិខ្មែរបានប្រទះឃើញសាកសពត្រូវគេចងដៃជាក្រុមអណ្ដែតតាម ទឹកទន្លេសេសានពីប្រទេសវៀតណាម ធ្វើឲ្យមានការសង្ស័យថា ក្រុមម៉ុងតាញ៉ា ត្រូវចាប់បានហើយបាញ់សម្លាប់ខណៈភៀសខ្លួនចេញពីប្រទេស៖ «មានការ ប្រឈមច្រើន មានពាក្យខ្លះគេថា តែបញ្ជូនទៅវិញចំពោះមេខ្លោងដែលនាំគេបះបោររត់ភៀសខ្លួន គេមិនទុកឲ្យមានសេរីភាពដូចគេឯងទេ គឺធ្វើបាបដូចជាដាក់គុក»។
ម៉ុងតាញ៉ា ៤នាក់ ដែលបាត់ខ្លួនមានឈ្មោះ កាប៉ាក់ ហ្មន់ រម៉ាស់ ហន់ សេវ គ្វេត់ និង សេវ ហ្យាក រស់នៅភូមិព្យឺល ឃុំព្យឺល ស្រុកជីពពើស ខេត្តយ៉ាឡាយ។
នៅខេត្តរតនគិរី បច្ចុប្បន្នមានម៉ុងតាញ៉ា ១៣នាក់ទៀតកំពុងលាក់ខ្លួនក្នុងព្រៃរង់ចាំជំនួយសង្គ្រោះពីក្រុម ការងារឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន៕ ប្រភពៈRFA