មហាសេដ្ឋី Michael Bloomberg៖ អ្នករៀនមិនពូកែគួរតែទៅរកស៊ីទៅល្អជាង!
លោក Michael Bloomberg ដែលជាមហាសេដ្ឋីអាមេរិក និង ជាអតីតអភិបាលក្រុងញីវយ៉កបានផ្តល់ដំបូន្មានមួយដ៏មានតម្លៃរវាងការសិក្សានៅសាកលវិទ្យាល័យ និង ការរកស៊ី (បើកអាជីវកម្មផ្ទាល់ខ្លួន) ដើម្បីភាពជោគជ័យក្នុងជីវិត។
ក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយមានឈ្មោះថា Wall Street trade group SIFMA ដែលធ្វើឡើងកាលពីឆ្នាំ ២០១៤ កន្លងទៅ មហាសេដ្ឋីវ័យ ៧២ ឆ្នាំរូបនេះបានមានទស្សនដូច្នេះថា៖« អ្នកដែលរៀនមិនពូកែគួរតែទៅរកស៊ីទៅវាល្អជាង»។
លោកបានបន្ថែមទៀតថា៖ « បច្ចុប្បន្ននេះឪពុកម្ដាយជាច្រើនត្រូវគិតឲ្យបានវែងឆ្ងាយថា គួរតែសម្រេចចិត្តឲ្យកូនៗរបស់ខ្លួនរៀនបន្តនៅមហាវិទ្យាល័យ ឬ ចង់ធ្វើជាអ្នករកស៊ី?។ ប្រសិនបើកូនៗរបស់អ្នករៀនមិនពូកែ មិនសូវឆ្លាតដូចគេ ប៉ុន្តែពួកគេពូកែរឿងរកស៊ីដូចជាអ្នកជួសជុលកំពង់ទឹកជាដើម នោះគឺជារឿងមួយដ៏គួរឲ្យមោទនភាពបំផុតផងដែរ ព្រោះនេះជាជំនាញរបស់ពួកគេ»។
ជាស្ថាបនិកបង្កើតក្រុមហ៊ុនសេវាកម្ម Bloomberg L.P. លោកក៏បានផ្តល់ដំបូន្មានទៀតថា បើអ្នកចង់ទៅរៀនសាកលវិទ្យាល័យ Harvard អ្នកត្រូវចំណាយប្រាក់ ៥០ ០០០ ដុល្លារ ទៅ ៦០ ០០០ ដុល្លារក្នុងមួយឆ្នាំ។ តែបើអ្នកចង់ត្រូវធ្វើជាអ្នកជួសជុលបំពង់ទឹក អ្នកត្រូវរកលុយក្នុងចំនួនដូចគ្នានេះ ឬ រកលុយឲ្យលើសពីនេះ។
នៅទីនេះមានសំនួរមួយចោទសួរឡើងថា តើការរៀននៅមហាវិទ្យាល័យពិតជាគ្មានប្រយោជន៍មែនទេ?
ក្នុងនាមជាអតីតសិស្សម្នាក់របស់សាកលវិទ្យាល័យ Harvard Business School លោកមិនបានគិតដូច្នេះនោះឡើយ ដោយលើកឡើងថា ដោយសារតែលោកចង់រកស៊ីទើបលោករៀនជំនាញធុរកិច្ច (Business) ឬ អាជីវកម្ម ដើម្បីបើកអាជីវកម្មដោយខ្លួនឯង។
លោកចង់បញ្ជាក់ជាចុងក្រោយថា ភាពជោគជ័យមិនកំណត់ថា ទាល់តែទៅរៀននៅមហាវិទ្យាល័យ ឬ ទៅរកស៊ីនោះទេ តែវាស្ថិតនៅលើខ្លួនអ្នក ថាតើអ្នកពូកែអី? បើដឹងថាខ្លួនអ្នករៀនមិនពូកែហើយនោះ ក៏គួរបង្កើតជំនាញមួយនៅខាងក្រៅវិញក៏អាចមានឱកាសក្លាយជាអ្នកមានបានដូចគ្នា៕
ប្រែសម្រួល៖ខេវិន
ប្រភព៖ CCN