បុរស​ម្នាក់​ជួប​រឿង​ហួស​ចិត្ត​ចំណាយ​ ៤៥០​ដុល្លារ​​ទិញ​ MacBook តាម​អនឡាញ​​​ ​​បាន​ត្រឹម​តែ​​​ក្រដាស​ ១សន្លឹក​ទៅវិញ​

2/06/2015 0 Comments A+ a-

បុរស​ទិញ MacBook លើ eBay តែ​បែរ​ជា​បាន​ក្រដាស​១សន្លឹក​ទៅ​វិញប្រភព៖​ yahoo
បុរស​ម្នាក់​ដែល​មាន​ឈ្មោះ Paul Barrington ថ្មីៗ​នេះ​បាន​​​ទិញ​កុំព្យូទ័រ MacBook លើ​គេហទំព័រ​លក់​ទំនិញ​អនឡាញ eBay របស់​អាមេរិក​ក្នុង​តម្លៃ ៣០០ផោន (ប្រហែល ៤៥០ដុល្លារ) តែ​បែរជា​ទទួល​បាន​ត្រឹមតែ​ក្រដាស​មួយ​សន្លឹក​មាន​រូប MacBook ទៅវិញ។

គេហទំព័រ CNET ឱ្យ​ដឹង​ថា បុរស​ម្នាក់​នេះ ចង់​ទិញ​កុំព្យូទ័រ MacBook មិន​មែន​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​រកស៊ី​ជំនួញ​អ្វី​នោះ​ទេ តែ​លោក​ចង់​ប្រើ​សម្រាប់​បំពេញ​​អាជីព​ជា​ឌីជេ (DJ) ក្នុង​ពិធី​មង្គលការ ដើម្បី​ទាញ​យក (download) និង​រៀបចំ​កម្មវិធី Software ល្អៗ​​។ ប៉ុន្តែ​រឿង​ដែល​ហួស​ចិត្ត​កើត​មាន​ចំពោះ​បុរស​​មាន​វ័យ​៣៨ឆ្នាំ​នេះ គឺ​លោក​ទិញ MacBook ពី​គេហទំព័រ eBay តែ​ពេល​បើក​ប្រអប់​ឡើង​មិន​ឃើញ​កុំព្យូទ័រ បែរជា​ឃើញ​តែ​ក្រដាស​មួយ​សន្លឹក​មាន​រូប MacBook នៅ​លើ​នោះ​ទៅវិញ។

ជំនួស​ឱ្យ​កុំព្យូទ័រ​ឡេបថប (Laptop) របស់ Apple លោក Barrington ទទួល​បាន​ត្រឹមតែ​ក្រដាស​មួយ​សន្លឹក​នៅ​ក្នុង​ប្រអប់​ដែល​មាន​រូប​កុំព្យូទ័រ MacBook ពណ៌​ស/ខ្មៅ​នៅ​លើ​នោះ​ប៉ុណ្ណោះ។ លោក​បាន​ប្រាប់​ព្រឹត្តិបត្រព័ត៌មាន​ថា៖ «ខ្ញុំ​ចង់​ទិញ Laptop មួយ​គ្រឿង ដូច្នេះ​ខ្ញុំ​បាន​ឆែក​មើល​តារាង​តម្លៃ​ដាក់​លក់​លើ​អនឡាញ​ព្រមទាំង​ការ​កម្រិត​គុណភាព​របស់​អ្នក​លក់»។ លោក​និយាយ​ទៀត​ថា លោក​ជា​អតិថិជន​ម្នាក់​តែងតែ​ទិញ​អីវ៉ាន់​ផ្សេងៗ​នៅ​លើ​គេហទំព័រ​អនឡាញ​នេះ​អស់​រយៈពេល ២-៣ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ដែល​ជួប​រឿង​បែប​នេះ​ទេ ដូច្នេះ​លោក​គ្មាន​ការ​សង្ស័យ​អ្វី​ឡើយ​នៅ​ពេល​ទិញ MacBook ពី eBay។

គ្រាន់តែ​បើក​ប្រអប់​ឡើង​ភ្លាម​លោក​​ហួស​ចិត្ត និង​អស់​សំណើច​យ៉ាង​ខ្លាំង។ អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ eBay បាន​ឆ្លើយតប​ទៅ​កាន់​បុរស​នេះ ដោយ​ប្រើ​សំដី​សូមទោស​​ចំពោះ​បញ្ហា​ដែល​លោក Barrington បាន​ជួប​រឿង​ហួស​ចិត្ត​លើក​នេះ។ ក្រុមហ៊ុន​នឹង​ទទួល​ខុសត្រូវ​ដោយ​សង​ប្រាក់​ទៅ​ឱ្យ​លោក Barrington វិញ៕

ចុះ​ប្រិយមិត្ត តើ​ធ្លាប់​ជួប​ករណី​ហួស​ចិត្ត​ស្រដៀង​នេះ​ដែរ​ឬ​ទេ?

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ cnet