Jack Ma ចង់​ទិញ​ក្រុមហ៊ុន​ទូរសព្ទ​ចិន​ វាយ​លុក​ទីផ្សារ​ Smartphone

2/09/2015 0 Comments A+ a-

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​​ Alibaba របស់​មហាសេដ្ឋី​ Jack Ma ​​នឹង​ទិញ​ក្រុមហ៊ុន​​​ឈ្មោះ Meizu ដើម្បី​ជំរុញ​ឱ្យ​​ជំនួញ​​ផលិត​  Hardware និង Software ថ្មី​របស់​ខ្លួន​កាន់​តែ​រីក​ចម្រើន។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់ Alibaba កាល​ពី​ថ្ងៃ​ចន្ទ។

alibaba-21


Alibaba ដែល​ជា​ក្រុមហ៊ុន​លក់​ទំនិញ​តាម​អនឡាញ​​ដ៏​ធំ​ និង​​មាន​ភាគហ៊ុន​សរុប​ដល់​ទៅ ២១៣ពាន់​លាន​ដុល្លារ នឹង​ទិញ​ Meizu ដែល​ជា​ក្រុមហ៊ុន​ផលិត​ Smartphone តូច​មួយ​នៅ​ចិន​ ​ក្នុង​តម្លៃ​ ៥៩០លាន​ដុល្លារ​។ ​​ការ​ទិញ​ក្រុមហ៊ុន​ Meizu នេះ​ នឹង​ជួយ​ឱ្យ​ Alibaba មាន​លទ្ធភាព​ជំរុញ​ជំនួញ​ផលិត Smartphone របស់​ខ្លួន កាន់​តែ​​មាន​សក្ដានុពល​លើ​ទីផ្សារ​​ទ្វេដង។ ​​

កាល​ពី​ពេល​កន្លង​ទៅ ​​ក្រុមហ៊ុន​លក់​ទំនិញ​ដ៏​ធំ​របស់​មហាសេដ្ឋី Jack Ma មួយ​នេះ ក៏​ធ្លាប់​បាន​គិត​គូរ​អំពី​ការ​ផលិត Software និង​សេវាកម្ម​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ជំនួញ​ E-commerce ផង​ដែរ។ ​​​​ដូច្នេះ​ការ​​ទិញ​​យក Meizu នឹង​ជា​គោល​ដៅ​ដ៏​សំខាន់​​មួួយ​ ដែល​អាច​ឱ្យ​ Alibaba សម្រេច​​មហិច្ចតា​របស់​ខ្លួន​​​​​។


meizu-mx4-pro-lead-PEK

លោក Wang Jian ជា​មន្ត្រី​គ្រប់​គ្រង​ផ្នែក​​បច្ចេកវិទ្យា​របស់ Alibaba បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃ​ចន្ទ​ថា “ការ​​ដាក់​វិនិយោគទុន​ទៅ​លើ​​ក្រុមហ៊ុន Meizu ​ជា​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​របស់​យើង​ ដើម្បី​នាំ​យក​បទពិសោធន៍​ថ្មី​ប្លែក​ដល់​អ្នក​ប្រើ​ប្រាស់​នៅ​ទូទាំង​ ពិភពលោក​”។ ​​

ដោយ​សារ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Amazon របស់​អាមេរិក​ បាន​ងាក​មក​បង្កើត​ជំនួញ​ទូរសព្ទ (Fire Phone) ទើប​ធ្វើ​ឱ្យ Alibaba ក៏​មាន​បំណង​​​បន្ត​មហិច្ឆតា​ផលិត Smartphone និង Internet TV ដើម្បី​ប្រកួត​ប្រជែង​លើ​ទីផ្សារ​មិន​ឱ្យ​ចាញ់​ Amazon ឡើយ។ ​

បើ​និយាយ​ពី​ Meizu ​ដែល​ Alibaba នឹង​ទិញ​យក​ អាច​ថា​មិន​មែន​ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​មាន​ឈ្មោះ​បោះ​សំឡេង​ប៉ុន្មាន​ទេ ​នៅ​ចិន។ ក្រុមហ៊ុន​ផលិត Smartphone ធំ​ៗ​ ដែល​បាន​លេប​យក​ចំណែក​ទីផ្សារ​យ៉ាង​ច្រើន​នៅ​ចិន​មាន​តែ​បួន​ប៉ុណ្ណោះ គឺ Apple, Xiaomi, Samsung និង Huawei។ នេះ​បើ​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ Canalys៕


ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ reuters