ឯតទគ្គកម្មពិភពលោកលីគល់ឈើទម្ងន់ជាង៦៥០គីឡូកាល ១០០០ឆ្នាំមុនបំបែកបានហើយដោយតារាសម្ដែង “ Game Of Thrones” (មានវីដេអូ)
លោក Hafthór ‘Thor’ Björnsson តារាសម្ដែងពី “Game Of Thrones” ភាពយន្តជាស៊េរីដ៏ល្បីល្បាញប៉ុស្ដិ៍ HBO បានបំបែកឯតទគ្គកម្មពិភពលោកដែលមិនធ្លាប់មានអ្នកណាអាចបំបែកបានរហូតដល់ ១០០០ឆ្នាំទើបលោកធ្វើបានសម្រេច។
បុរសមានរូបរាងធំខ្ពស់វ័យ ២៦ឆ្នាំជនជាតិ Iceland បានបំបែកឯតទគ្គកម្មពិភពលោកក្នុងការប្រកួតប្រជែងកំពូលអ្នក Viking រឹងមាំបំផុតក្នុងលោកដែលបានរៀបចំឡើងនៅប្រទេស ន័រវែស ហើយបើចាំមិនខុសទេគេម្នាក់នោះគឺ Hafthor តារាសម្ដែងដែលដើរតួជា Gregor “The Mountain” Clegane ភាពយន្តជាស៊េរីល្បីល្បាញ។ នៅក្នុងការការប្រកួតនោះ Hafthor អាចលីគល់ឈើដែលមានទម្ងន់រហូតដល់ ១៤៣៣ ផោន (៦៥០គីឡូក្រាម) ប្រវែង ៣០ហ្វូត (១០ម៉ែត្រ) ដើរបាន ៥ជំហ៊ាន បំបែកឯតទគ្គកម្មចាស់ដែលធ្វើបានសម្រេចកាល ១០០០ឆ្នាំមុន។
ក្រោយបានទទួលតំណែងជាអ្នក Viking ដែលរឹងមាំបំផុតក្នុងលោក Hafthor បានផុសរូបភាពនិងសារលើ Instagram ផ្ទាល់ខ្លួនលោកថា៖ «ថ្ងៃនេះខ្ញុំកសាងប្រវត្តិសាស្ត្របានសម្រេចហើយ» ដោយលោកបានបញ្ជាក់បន្ថែមទៀតថាក្រោយលីគល់ឈើដ៏ធ្ងន់ដើរបានប្រាំជំហ៊ាន ខ្នងរបស់លោកមិនមានបញ្ហាអ្វីនោះទេ ហើយពេលនេះគោលដៅចម្បងរបស់លោកគឺការក្លាយជាបុរសដែលរឹងមាំបំផុតក្នុងលោកហើយគ្មានអ្វីអាចបញ្ឈប់លោកបាននោះទេ។
ម្ចាស់ឯតទគ្គកម្មពិភពលោកដើមដែល Hafthór ‘Thor’ Björnsson បំបែកបាននោះគឺស្ថិតក្នុងប្រវត្តិសាស្ត្រជនជាតិ Iceland ដោយលោក Orm Storulfsson ជាជនជាតិ Iceland ដូចគ្នាអាចលីគល់ឈើទម្ងន់ ៦៥០គីឡូក្រាមហើរដើរបាន ៣ជំហ៊ាន ចំណែកម្ចាស់ស្ថិតិថ្មី ១០០០ឆ្នាំក្រោយអាចដើរបាន៥ជំហ៊ាន៕
ទស្សនាវីដេអូ Hafthór ‘Thor’ Björnsson បំបែកឯកទគ្គកម្មពិភពលោក៖
ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ dailymail.co.uk
