CEO កំពូល​សិចស៊ី កំពុង​ជោគជ័យ​លើ​ជំនួញ​ឈុតក្នុង

2/03/2015 0 Comments A+ a-

នាង Chrissie Chau ដែល​​ជា​តារា​សម្ដែង និង​តារាម៉ូដែល ពេល​នេះ​បាន​វិវឌ្ឍ​អាជីព​បើក​មុខ​ជំនួញ​ផ្ទាល់​ខ្លួនបន្ថែម ជា​ម្ចាស់​ក្រុមហ៊ុន​លក់​ឈុត​ក្នុង​របស់​ស្ត្រី ម៉ាក LAANAA។ បច្ចុប្បន្ន ប្រធាន​ក្រុមហ៊ុន​ដ៏​សិចស៊ី​នេះ កំពុង​ដើរ​តាម​គម្រោង ពង្រីក​ជំនួញ​របស់​ខ្លួន​វាយលុក​ទីផ្សារអាស៊ី។ ​

ll


ម៉ាក​ផលិតផល​ឈុត​ក្នុង LAANAA បាន​ចាប់​ផ្ដើម​មាន​ឈ្មោះ​លើ​ទីផ្សារ​កាល​ពី​ខែ​ធ្នូ ចុង​ឆ្នាំ ២០១៤​កន្លង​ទៅ ហើយ​បច្ចុប្បន្ន​កំពុង​ប្រតិបត្តិការ​ជា​លក្ខណៈ​ហាង​ទំនិញ​អនឡាញ ដែល​ទាក់​ទាញ​វិនិយោគិន​ជាច្រើន ពី​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក។

ក្រៅ​ពី​សហការ​ជាមួយ​វិនិយោគិន​ចិនដីគោក តាម​រយៈ​ហាង​ទំនិញ​អេឡិចត្រូនិក ​វិនិយោគិន​មក​ពី​អាមេរិក​ក៏​បាន​ចូលរួម​បណ្ដាក់​ទុន​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ ៥០​លាន​ដុល្លារ​ហុងកុង (ជាង ៦​លាន​ដុល្លារ) ទៅ​លើ​ម៉ាក​ផលិតផល​នេះ​ដែរ។ ការ​វិនិយោគ​ដ៏​ធំ​នេះ ធ្វើ​ឲ្យ​គេ​មាន​ក្ដី​សង្ឃឹម​ថា នឹង​អាច​ជំរុញ LAANAA ឲ្យ​ក្លាយ​ជា​ផលិត​ឈុត​ក្នុង​ឈាន​មុខ​មួយ សម្រាប់​សុភាពនារី​ទាន់​សម័យ​នៅ​អាស៊ី។ ​

ថ្មីៗ​នេះ Chrissie បាន​ប្រារព្ធ​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​រចនា​ម៉ូដ​ថ្មី។ មិត្តភ័ក្ដិ​ដែល​ជា​តារា​ល្បី​ៗ​ជា​ច្រើន បាន​ថត​វីដេអូ​ក្លិប ដើម្បី​អបអរ Chrissie ចំពោះ​ការ​ធ្វើ​ជំនួញ​ដោយ​ជោគជ័យ។ បើ​ទោះ​បី​ជា ប្រធាន​ក្រុមហ៊ុន​វ័យ ២៩​ឆ្នាំ​នេះ មាន​អាជីព​ជា​តារា​ម៉ូដែល​ក្ដី ក៏​នាង​បាន​ស្លៀក​សំលៀក​បំពាក់​ជា​លក្ខណៈ​អភិរក្ស​និយម ដោយ​ទុក​ឲ្យ​តារា​ម៉ូដែល​បរទេស​បី​នាក់​ទៀត ជា​អ្នក​បង្ហាញ​ម៉ូដ​ថ្មី​ជំនួស។ ​​​​​

ពេល​គេ​សួរ​ថា ហេតុ​អ្វី​បាន​ជា​នាង​មិន​បង្ហាញ​ម៉ូដ​ដោយ​ខ្លួន​ឯង? Chrissie ​ឆ្លើយ​ថា “ទុក​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ធ្វើ​ជា​ថៅកែ​គេ​ម្ដង​ទៅ… ខ្ញុំ​មាន​អាជីព​ខាង​ហ្នឹង​មែន តែ​គិត​ថា​តារា​ម៉ូដែល​បី​នាក់​នោះ​ធ្វើ​បាន​ល្អ​ជាង​ខ្ញុំ”។
​​
នាង Chrissie បាន​ប្រកាស​ថា LAANAA និង​ក្រុមហ៊ុន​លក់ទំនិញ​អនឡាញ Alibaba របស់​មហាសេដ្ឋី Jack Ma កំពុង​ធ្វើការ​រួមគ្នា​ទៅ​លើ​គម្រោង​ថ្មី​មួយ ដែល​មាន​ទំហំ​ទឹក​ប្រាក់ ១០​លាន​ដុល្លារ​ហុងកុង (ប្រហែល ១,៣​លាន​ដុល្លារ)។ នាង​បាន​បញ្ជាក់​ថា “​ពិត​ណាស់ មាន​អ្នក​វិនិយោគ​ថ្មី​ជា​ច្រើន​ទៀត… ខ្ញុំ​មាន​ទំនុក​ចិត្ត​ចំពោះ​ជំនួញ​មួយ​នេះ”។

ដោយ​មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​ផលិត​ផល LAANAA នាង Chrissie បាន​និយាយ​ថា ខ្លួន​មាន​សង្ឃឹម​អាច​បើកហាង​ដ៏​ធំ​មួយ​នៅ​ហុងកុង​ចុង​ឆ្នាំ​នេះ។ លើស​ពី​នេះ នាង​មាន​គោល​បំណង​នាំ​ផលិតផល​ឈុត​ក្នុង​ខាង​លើ ជាប់​ឈ្មោះ​ក្នុង​ទីផ្សារ​សហគ្រាស​រីក​លូតលាស់​របស់​ហុងកុង ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ទៀត​ផង​ដែរ៕

1

7



ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ lollipop