ទម្លាប់​​ ៧ យ៉ាង​​នេះ​សាមញ្ញ​សោះ​ ​តែ​អាច​​​ធ្វើ​ឲ្យ​​លោក​អ្នក​បរាជ័យ​ហួសពី​ការស្មាន​​​​​​

2/25/2015 0 Comments A+ a-


រូបតំណាង​ប្រភព៖​ huffingtonpost
ទម្លាប់​​មិន​ល្អ​ដ៏​សាមញ្ញ​មួយ​ នៅ​ពេល​ដែល​​​វា​​កើត​មាន​ជា​រៀងរាល់​ថ្ងៃ​​ហើយ​នោះ យូរៗ​ទៅ​វា​នឹង​​បំផ្លាញ​ភាព​ជោគជ័យ​របស់​ប្រិយមិត្ត​ជា​មិន​ខាន។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ថា ​មិត្តអ្នកអាន​អាច​​គ្រាន់តែ​​គិត​ថា វា​ជា​រឿង​តូចតាច​មិន​មាន​អ្វី​​គួរ​ឲ្យ​បារម្ភ​នោះ​ឡើយ។ ​
ទោះបី​ជា​បែប​នេះ​ក្តី លោក​អ្នក​អាច​ធ្លាក់​ក្នុង​ចង្កោម​​បុគ្គល​បរាជ័យ​ដែរ បើ​​​​លោក​អ្នក​មាន​ទម្លាប់​ទាំង ៧ ​យ៉ាង​​ខាងក្រោម​នេះ៖​

១) ដេក​រង់ចាំ​ភាព​ជោគជ័យ​មក​ដល់
​តាម​ពិត​​ទៅ​ អ្នក​បាន​ដឹង​​ច្បាស់​រួច​ស្រេច​ទៅ​ហើយ​ថា អ្នក​នឹង​មិន​អាច​ជោគជ័យ​​លើ​កិច្ចការ​ថ្មីៗ​នោះ​ឡើយ។ ប៉ុន្តែ ​អ្នក​បាន​ធ្វើ​​ខ្លួន​ហាក់​មាន​ភាព​ប្រាកដប្រជា និង ការ​ប្ដេជ្ញា​ចិត្ត​​​ខ្លាំង​ណាស់​ថា វា​នឹង​ជោគជ័យ​ជាក់​ជា​មិន​​ខាន ឬ ក៏​​គ្រាន់តែ​គិត​ថា នឹង​ខិតខំ​ឡើង​វិញ​នៅ​ពេល​បរាជ័យ។

ទី​បំផុត​ទៅ​ នេះ​គ្រាន់​តែ​ជា​ការ​រង់ចាំ​តែ​ប៉ុណ្ណោះ ទាំង​ខ្លួន​​អ្នក​មិន​បាន​ចាប់​ផ្តើម​ធ្វើ​អ្វី​​សោះ។ ការ​ពិត វា​ទាមទារ​ឲ្យ​អ្នក​ធ្វើ​ច្រើន​ជាង​នេះ ឬ បរាជ័យ​ហួស​ពី​អ្វី​ដែល​អ្នក​គិត​ទៅ​ទៀត។

២) ធ្វើ​​ការងារ​ច្រើន​​មុខ​នៅ​ពេល​ប្រជុំ
គន្លឹះ​ដ៏​ងាយស្រួល​បំផុត​ដើម្បី​ក្លាយ​ទៅ​ជា​មនុស្ស​ឆ្លាត​​​ម្នាក់​នៅ​ក្នុង​បន្ទប់​ប្រជុំ​នោះ​គឺ​ថា អ្នក​ត្រូវ​ធ្វើ​​ខ្លួន​ជា​មនុស្ស​ដែល​យកចិត្ត​ទុកដាក់​ស្តាប់​​នូវ​អ្វី​ដែល​បាន​លើកឡើង​នៅ​ពេល​ប្រជុំ។ អ្នក​នឹង​​ទទួល​បាន​ផលប្រយោជន៍​យ៉ាង​ច្រើន​ទាំង​ទទួល​បាន​ចំណេះដឹង​​​លើ​ប្រធាន​បទ​ពិភាក្សា និង មនុស្ស​ទាំង​នោះ​ នៅ​ពេល​ដែល​អ្នក​​បង្រួម​សកម្មភាព​នៃ​ការ​គិត​ ឬ ការងារ​របស់​អ្នក​ឲ្យ​​ក្លាយ​ជា​ប្រធានបទ​តែមួយ។ នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​​អាច​ក្តោប​បាន​នូវ​អ្វី​ដែល​​លើកឡើង​បាន​ច្រើន​មិន​សាំញ៉ាំ​ទៀត​ផង។​​​​​

៣) ឆែក​ទូរស័ព្ទ​នៅ​ពេល​និយាយ​ទៅ​កាន់​អ្នកណា​ម្នាក់​
ការ​ឆែក​ទូរស័ព្ទ​នៅ​ពេល​​​កំពុង​និយាយ​ជា​មួយ​អ្នកណា​ម្នាក់​ គឺ​ជា​កាយវិការ​មិន​សមរម្យ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ការ​ទំនាក់ទំនង​របស់​អ្នក​មិន​ស្អិតល្មួត និង បង្ហាញ​កាយវិការ​មិន​គោរព​គ្នា​ទៀត​ផង។ នេះ​អាច​បង្ហាញ​ថា អ្នក​ជា​មនុស្ស​សំខាន់​ជាង​ដៃគូ​ពិភាក្សា​របស់​អ្នក​ទៅ​ទៀត ហើយ​វា​កាន់តែ​អាក្រក់​ជាង​នេះ បើ​ការ​ឆែក​​ទូរស័ព្ទ​នោះ​គ្រាន់តែ​ជា​ការ​លេង​ហ្គេម ឬ ការ​កម្សាន្ត​​ដែល​ឥតប្រយោជន៍​ជា​ដើម។​

៤) ខ្វាយខ្វល់​ច្រើន​ពេក​​ទៅ​​លើ​មនុស្ស​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ផ្លាស់ប្ដូរ​​
គ្រួសារ​របស់​អ្នក មិត្តភក្ដិ​របស់​អ្នក ចៅហ្វាយ​របស់​អ្នក ឬ បុគ្គល​ផ្សេង​ទៀត តើ​​ក្នុង​ចំណោម​បុគ្គល​ទាំង​នេះ អ្នកណា​ខ្លះ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ផ្លាស់ប្ដូរ​ច្រើន​ជាងគេ? ចម្លើយ​នោះ​គឺ​អាស្រ័យ​លើ​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​អ្នក​​ដែល​ទទួល​បាន​នូវ​គុណ​តម្លៃ​តិច​ឬ ច្រើន​ពី​​បុគ្គល​ទាំង​នេះ។ នៅ​ពេល​ដែល​អ្នក​​កត់សម្គាល់​ឃើញ​ថា មាន​អ្នកណា​ម្នាក់​​​​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ផ្លាស់ប្ដូរ​ច្រើន​ហើយ​នោះ អ្នក​គួរតែ​ចំណាយ​ពេល​វេលា​ជា​មួយ​បុគ្គល​នោះ​ឲ្យ​បាន​ច្រើន​ទៅ ទើប​ជា​ជម្រើស​ដ៏​ល្អ​​​។

​​​​៥) ធ្វើ​ឲ្យ​ព័ត៌មាន​​​ខាងក្រៅ​មក​បំផ្លាញ​​ជីវិត​ខ្លួន​ឯង
​ជា​រៀងរាល់​ថ្ងៃ អ្នក​ប្រហែល​ជា​ទទួល​បាន​ព័ត៌មាន​ជា​ច្រើន​នៅ​តាម​បណ្ដាញ​ផ្សព្វផ្សាយ ដូច​ជា​ទូរទស្សន៍ វិទ្យុ ទូរស័ព្ទ ​បណ្ដាញ​សង្គម Facebook  តាម​រយៈ​ការ​ចែក​រំលែក​តៗ​គ្នា​ជា​ដើម។ យ៉ាងណាមិញ ព័ត៌មាន​ទាំង​​នោះ មិនមែន​សុទ្ធតែ​​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ចំណេះដឹង​​​នោះ​ឡើយ។ ព័ត៌មាន​ខ្លះ​ធ្វើ​ឲ្យ​អ្នក​រន្ធត់ ភ័យខ្លាច ញុះញង់ ​ឬ ផ្តល់​ការ​កម្សាន្ត​ដោយ​ឥតប្រយោជន៍​ ទាំង​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​គិត​។ ការ​ទទួល​យក​ព័ត៌មាន អ្នក​ត្រូវ​ចេះ​ច្បិច​យក​ព័ត៌មាន​ណា​ដែល​មាន​សារសំខាន់​សម្រាប់​អ្នក ជា​ពិសេស​ទាក់ទង​ទៅ​នឹង​អាជីព​ការងារ និង ផ្តល់​ចំណេះដឹង​ដល់​អ្នក​តែ​ម្តង។​​


៦) អនុញ្ញាត​ឲ្យ​អតីតកាល​បន្ត​ជាន់​ឈ្លី​ទៅ​អនាគតកាល​​
នេះ​​ជា​រឿង​មិន​អាច​ប្រកែក​បាន​ដែរ​ថា កំហុស​គឺ​មាន​តម្លៃ​ណាស់​សម្រាប់​អ្នក ហេតុដូច្នេះ​អ្នក​ត្រូវ​សិក្សា​រៀនសូត្រ​ពី​វា​។ បន្ទាប់​មក​ អ្នក​ត្រូវ​រាំង​ខ្ទប់​កំហុស​នោះ​កុំ​ឲ្យ​កើត​មាន​ជា​ថ្មី​ម្តង​ទៀត។ ប៉ុន្តែ បើ​អ្នក​នៅ​តែ​ធ្វើ​ឲ្យ​​កំហុស​​អតីតកាល​ទាំង​នោះ​បន្ត​កើត​មាន​នៅ​​អនាគតកាល​ទៀត​នោះ ឬ ​គិត​ស្លុង​ទៅ​លើ​អ្វី​ដែល​កន្លង​ហួស​ទៅ​ហើយ​នោះ ​អ្នក​នឹង​ប្រឈមមុខ​ទៅ​នឹង​​ភាព​បរាជ័យ។ ​អ្នក​អាច​បញ្ឈប់​សកម្មភាព​នេះ​បាន ហើយ​ត្រូវ​ប្រែក្លាយ​វា​ឲ្យ​ទៅ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​រៀនសូត្រ​ពី​អ្វី​ដែល​អ្នក​មិន​បាន​ដឹង ជា​ពិសេស​សិក្សា​ពី​ខ្លួន​អ្នក​តែ​ម្តង។​​​

៧) ចូលចិត្ត​និយាយ​ដើម​អ្នកដទៃ
មនុស្ស​ដែល​ចិត្ត​និយាយ​ដើម​អ្នកដទៃ ឬ ចូលចិត្ត​និយាយ​រឿងរ៉ាវ​មិន​ល្អ​របស់​អ្នក​ណា​ម្នាក់ ក៏​ជា​​មនុស្ស​មួយ​ប្រភេទ​ដែល​មិន​សូវ​ទទួល​បាន​ជោគជ័យ​នោះ​ដែរ។ បើ​អ្នក​ជា​មនុស្ស​ប្រភេទ​នេះ ​អ្នក​ក៏​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ឲ្យ​អ្នកដទៃ​បរាជ័យ​​​ដូច​អ្នក​ដែរ។ នេះ​ជា​ទង្វើ​គ្មាន​តម្លៃ​ជា​ដុំកំភួន​អ្វី​​នោះ​ឡើយ​ ពោល​គឺ​វា​បាន​ត្រឹមតែ​​បង្ក​ឲ្យ​មាន​ភាព​អសកម្ម​នៅ​ក្នុង​ការ​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន​​តែ​ប៉ុណ្ណោះ។ អ្នក​គួរ​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ក្នុង​កិច្ច​សន្ទនា​ដ៏​មានតម្លៃ និង ឲ្យ​តម្លៃ​អ្នកដទៃ​ទើប​អ្នក​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ពី​ពួកគេ​វិញ​ដែរ៕

ប្រែសម្រួល៖ ខេវិន​​​​​​
ប្រភព៖​ Businessinsider