១០០ឆ្នាំទៀត មនុស្ស​អាច​រស់​នៅ​ក្នុង​លំហអាកាស​​បាន​​

2/13/2015 0 Comments A+ a-


លោក Dr Al Globus និង គំរូ​យាន​អវកាស​​ដែល​គេ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ឲ្យ​មនុស្ស​​​រស់​នៅ​ក្នុង​លំហអវកាស​ប្រភព៖​ Dailymail

យ៉ាងហោចណាស់​នៅ​បំណាច់​ឆ្នាំ ២ ១០០ ខាងមុខ មនុស្ស​លោក​អាច​រស់​​នៅ​​ នៅ​ក្រៅ​ភព​ផែនដី​បាន​។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​​លោក  Dr Al Globus អ្នក​ជំនាញ​ជាន់​ខ្ពស់​ខាង​ស្រាវជ្រាវ​ផ្នែក​លំហ​​អវកាស​របស់​អង្គការ​អវកាស​ NASA ។

ជា​មួយ​នឹង​ការ​​ខិតខំ​ប្រឹងប្រែង​របស់​លោក និង ក្រុម​ការងារ​ក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​របស់​អង្គការ​កំពូល​ខាងលើ អ្នក​ជំនាញ​រូប​នេះ​​មាន​សុទិដ្ឋិនិយម​ថា ​មនុស្ស​​អាច​រស់​នៅ​ក្នុង​លំហអាកាស​បាន​នៅ​​ក្នុង​រយៈ​ពេល​យ៉ាងហោចណាស់​ ៩ ទសវត្ស​ទៀត។

តាម​ការ​អះអាង​របស់​លោក ការ​រស់​នៅ​របស់​មនុស្ស​មិនមែន​ជា​ការ​បណ្តែត​ខ្លួន​នៅ​​គន្លង​ផែនដី​ដោយ​ផ្ទាល់​នោះ​ទេ តែ​ជា​ការ​ផលិត​យានអវកាស​ដ៏​មហិមា​មួយ​​​ជា​មួយ​នឹង​សំណង់​គ្រប់​ប្រភេទ​​ប្រៀប​ដូច​ជា​​ទីក្រុង (ទីក្រុង​អណ្តែត​)​ មួយ​ដូច្នេះ​ដែរ​​​ ដែល​អាច​ណ្តែត​ខ្លួន​នៅ​លើ​​​គន្លង​តារាវិថី​បាន​។

លោក Al Globus បាន​ពន្យល់​ដូច្នេះ​ថា៖« នៅ​ពេល​ដែល​គេ​ផលិត​បាន​យាន​ខាងលើ វា​នឹង​ត្រូវ​បាញ់​បង្ហោះ​ចូល​គន្លង​តារាវិថី ផុត​ពី​ទំនាញ​ផែនដី​។ នៅ​ទី​នោះ​ហើយ​ដែល​មនុស្ស​លោក​យើង​អាច​ទស្សនា​ទិដ្ឋភាព​នានា​នៅ​លំហអាកាស​ជុំវិញ​ភព​ផែនដី​យើង​នេះ​បាន​​​​ជា​មួយ​សមត្ថភាពអាច​ផ្ទុក​​មនុស្ស​​ចាប់​ពី ​រាប់ពាន់​នាក់​រហូត​ដល់ លាន​នាក់​​អាស្រ័យ​លើ​ទំហំ​នៃ​យាន​នោះ​ដូច​យើង​កំពុង​​រស់​នៅ​លើ​ភព​ផែនដី​ដែរ»។​


ទីក្រុង​អណ្តែត​លើ​យាន​អវកាស​ ប្រភពរូបភាព៖ Dailymail


លំនៅឋាន ​សំណង់​អគារ រុក្ខជាតិ​ រួម​ទាំង​អ្វីៗ​គ្រប់​យ៉ាង​ដែល​មាន​នៅ​លើ​ផែនដី នឹង​ត្រូវ​បំពាក់​ក្នុង​យាន​នេះ មុន​នឹង​បាញ់​បង្ហោះ​ចូល​ទៅ​គន្លង​តារា​វិថី​សម្រាប់​ឲ្យ​​មនុស្ស​ស្នាក់​នៅ។

លោក​បាន​បញ្ជាក់​ទៀត​ថា យាន​​នេះ​នឹង​មិន​ត្រឹមតែ​ជា​​កន្លែង​ដើម្បី​ការ​កម្សាន្ត​ និង ការ​ស្នាក់​នៅ​ប៉ុណ្ណោះ​ទេ ទែ​វា​ក៏​ជា​កន្លែង​​​ដែល​នឹង​​ប្រើប្រាស់​សម្រាប់​ការ​ផលិត​ភាពយន្ត កន្លែង​ប្រកួត​កីឡា ស្រាវជ្រាវ និង សេវាកម្ម​ផ្សេងៗ​ទៀត​ដែល​ជា​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​លោក។

​​ជុំវិញ​ការ​អះអាង​របស់​លោក   Al Globus  សាធារណជន​​​ទូទៅ​ហាក់​មិន​សូវ​មាន​ជំនឿ​លើ​​​ការ​លើកឡើង​របស់​អ្នក​ជំនាញ​រូប​នេះ​នោះ​ឡើយ​ ដោយ​គិត​ថា វា​ជា​រឿង​​មួយ​លំបាក​បំផុត​។

លោក  Al Globus ពាន​គាំទ្រ​ទៅ​នឹង​ការ​យល់​ឃើញ​​ដូច​នេះ​ ​ដោយ​ហេតុ​ថា គេ​មិន​ទាន់​មាន​​បច្ចេកវិទ្យា​គ្រប់គ្រាន់​នៅ​ឡើយ​នា​ពល​បច្ចុប្បន្ន​នេះ។ យ៉ាងណាមិញ​ លោក​​មាន​ជំហរ​យ៉ាង​​មុតមាំ​​​ថា អ្នក​វិទ្យាសាស្ត្រ​ពិត​អាច​ផលិត​វា​បាន​នៅ​ពេល​ដែល​​បច្ចេកវិទ្យា​ពិភពលោក​​កាន់តែ​រីកចម្រើន​ជាង​នេះ៕

ប្រែសម្រួល៖ ខេវិន​​
ប្រភព៖​ Dailymail