អីយ៉ាស់!!!លោក ស ខេង រិះគន់តុលាការរឿងដោះលែងជនជាប់ចោទ ក្រោយពីឪពុកម្តាយលោក ថោង សារ៉ាត់ ត្រូវបានដោះលែងនៅក្រៅឃុំ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានធ្វើការរិះគន់លើស្ថាប័នតុលាការថា ឧស្សាហ៍ដោះលែងអ្នកទោសទាំងមានភស្តុតាងគ្រប់គ្រាន់ ។
ការរិះគន់នេះធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញកាលពី ថ្ងៃសុក្រសប្ដាហ៍មុនបានសម្រេចដោះលែងឪពុក ម្តាយ របស់លោក ថោង សារ៉ាត់ ពាក់ព័ន្ធនឹងការរក្សាអាវុធខុសច្បាប់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បណ្តោះអាសន្ន ។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយថា លោក ស ខេង បានថ្លែងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៥ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ ដោយបានធ្វើការរិះគន់ចំៗទៅលើស្ថាប័នតុលាការថា ស្ថាប័ននេះឧស្សាហ៍ដោះលែងអ្នកទោស ទាំងមានភស្តុតាងគ្រប់គ្រាន់ ។
លោក ស ខេង មានប្រសាសន៍ថា «ចាប់ទៅលែងៗ ពេលមានបទល្មើសអីមួយ បញ្ជាចាប់ឲ្យបាន គ្នា(សមត្ថកិច្ច) ដុតដៃដុតជើង អីចឹងចាប់បាន ចុងក្រោយទៅនៅក្រៅឃុំបាត់ ដល់ចឹងទៅប្រើគេធ្វើម៉េច…សូមយល់បញ្ហាហ្នឹងផង ពិបាកណាស់ៗ ទម្រាំចាប់បាន បានហើយលែង ទេបើថាមិនមានភស្តុតាងអាហ្នឹងមិនថាទេ»។
គួរបញ្ជាក់ថា ការរិះគន់បានធ្វើឡើងបន្ទាប់ពីអ្នក មានជម្លោះដីធ្លីមកពី១៧ខេត្ត និងរាជធានីកាលពីថ្ងៃពុធម្សិលមិញបានជំរុញឲ្យក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃពិនិត្យមើលពីការអនុវត្តច្បាប់បែបស្តង់ដាពីរ ដោយសារតុលាការនៅតែឃុំខ្លួនសកម្មជនដីធ្លី ដែលពួកគេអះអាងថាគ្មានកំហុស ប៉ុន្តែតុលាការដដែលនេះបែរជាដោះលែងឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ ដែលមានកំណើតជាវៀតណាម ។
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានសម្រេចដោះលែងឪពុក ម្តាយ របស់លោក ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំនោះ បន្ទាប់ពីចៅក្រមសាលាឧទ្ធរណ៍ធ្លាប់បានច្រានចោលសំណើលោក ស៊ី សត្យា ជាមេធាវីការពារក្តីឲ្យម្តាយឪពុកលោក ថោង សារ៉ាត់ កាលពីថ្ងៃទី៣ ខែកុម្ភ: ដោយសំអាងថា កូនក្តីរបស់លោកធ្លាក់ខ្លួនឈឺនៅក្នុងពន្ធនាគារព្រៃស ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី ចរិយា បានលើកឡើងថា សាលាដំបូងរាជធានីភ្នំពេញចេញដីកាសម្រេចដោះលែងម្តាយឪពុកលោក ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំនោះ គឺខុសពីនីតិវិធីច្បាប់ ។ លោកថា តាមច្បាប់បន្ទាប់ពីសាលាឧទ្ធរសណ៍សម្រេចច្រានចោលមិនឲ្យនៅក្រៅឃុំ គឺសាលាដំបូងមានសិទ្ធិសម្រេចឡើងវិញដោយរង់ចាំដល់១ខែសិន ។
លោក នី ចរិយា បន្តថា ការសម្រេចឲ្យអ្នកទាំងពីនៅក្រៅឃុំនោះបង្ហាញពីភាពមិនឯករាជ្យរបស់ តុលាការ ព្រោះអ្នកដែលមានជម្លោះដីធ្លីបឹងកក់១០នាក់ និងសកម្មជនបក្សនយោបាយ ព្រះសង្ឃ ដែលទាមទារសិទ្ធិសេរីភាពមិនឲ្យនៅក្រៅឃុំបែរជាអ្នករក្សាអាវុធ ខុសច្បាប់ឲ្យនៅក្រៅឃុំទៅវិញ ។
គួររំឮកថា ឪពុកម្ដាយ ថោង សារ៉ាត់ គឺលោក ថោង ចំរើន និងអ្នកស្រី កែវ សារី ត្រូវបានសាលាដំបូងឃាត់ខ្លួនពីបទរក្សាអាវុធខុសច្បាប់ ។ ការឃាត់ខ្លួននោះធ្វើឡើងបន្ទាប់ពីមានឃាតកម្មមួយកើតឡើងលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានឃាតករបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើឡោ តិចសេង តាមបណ្តោយផ្លូវព្រះសីហនុក្នុងសង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌចំការមន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលតុលាការចោទប្រកាន់ថា លោក ថោង សារ៉ាត់ នៅក្រោយខ្នងឃាតកម្មនោះ ៕ ប្រភពៈ VOD
