ក្តារអុក របស់បងសែន និងបងស៊ី!!!!!!!
នយោបាយនៅតែជានយោបាយ។ អ្នកនយោបាយនៅតែជាអ្នកនយោបាយ។ និយាយផ្សេង ធ្វើផ្សេង។ ការធ្វើកំណែទម្រង់រដ្ឋ នៅតែផ្ទុយពីការកសាងបក្សដើម្បីអំណាច។ ដូចនេះវាអាស្រ័យលើអ្នកនយោបាយម្នាក់ៗ ថាតើចង់កសាងបក្សឲ្យធំជាងរដ្ឋ ឬចង់កែរដ្ឋឲ្យរឹងមាំជាងបក្ស។ ប្រសិនបើចង់កែរដ្ឋឲ្យរឹងមាំជាងបក្ស គេត្រូវធ្វើការបែងចែករវាងបក្ស និងរដ្ឋ ឲ្យដាច់ពីគ្នា។ បក្សគឺបក្ស។ រដ្ឋគឺរដ្ឋ។ នេះគឺជាគោលការណ៍នៃរដ្ឋប្រជាធិបតេយ្យទំនើប។ វាផ្ទុយពីក្រុមកុំមុយនីស្ត ដែលលាយបញ្ចូលគ្នារវាងបក្ស និងរដ្ឋ គឺតែមួយ។ តែងតែយកស្បែកមុខរដ្ឋទៅពាក់ តាមពិតខ្លឹមសារ គឺកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីគ្រាន់តែចង់កសាងអំណាចបក្ស ខ្លួនឲ្យរឹងមាំ បន្តកាន់កាប់រដ្ឋផ្តាច់មុខ។
មិនទុករាស្ត្រក្នុងកែវភ្នែក ចាត់ទុករដ្ឋជាទ្រព្យសម្បត្តិឯកជនរបស់ខ្លួន និងក្រុមគ្រួសារខ្លួនឯង។ យកនីតិរដ្ឋធ្វើជាលេស យកតុលាការធ្វើជាឧបករណ៍ ដើម្បីគ្រាន់តែទុកវាយសំពងជនទាំងឡាយណាដែលទាមទារសេរីភាពប្រឆាំងនឹង ខ្លួន។ ជ្រកក្រោមស្លាកការពារសណ្តាប់ធ្នាប់ សន្តិសុខជាតិ យកកងកម្លាំងជាតិ ធ្វើជាកងកម្លាំងបក្ស។ ការពារបក្ស ក្រោមលេសការពារជាតិ។ ការពារបុគ្គលខ្លួនឯង ក្រោមលេសការពាររដ្ឋាភិបាល។
ចរិកនេះតែងតែធ្វើឲ្យភ្លើងនយោបាយឆាបឆេះមិនចេះ ចប់មិនចេះហើយ ជារឿយៗធ្វើឲ្យរាស្ត្ររាប់លាននាក់នេះ ក្លាយជាស្រមោចប៉ុន្មានលានក្បាល នៅលើខ្ទះក្តៅ ដាច់បាយ ដាច់ទឹក ភ័យឡើងស្ងួតឈាមពីបេះដូង ព្រោះមិនដឹងពេលណាត្រូវវេចបង្វេច់រត់ចោលផ្ទះទៀត ព្រោះមេដឹកនាំ គេចាប់ផ្តើមនិយាយឡើង គឺបាញ់បោះ កាប់ចាក់ និស្ស័យជាក្មេងទំនើង ឬជនម៉ាហ្វីយ៉ា។
អស់លោកអ្នកនយោបាយនេះ ចង់វៃក៏វៃ ចង់បាញ់ក៏បាញ់ ចង់ធ្វើសង្គ្រាមក៏ធ្វើ ស្រេចតែចិត្តអីចឹងតែម្តងអី? តើមានទុកយើងជារាស្ត្រនេះក្នុងភ្នែកទេ? ឲ្យតែបានឡើងវេទិកា កាន់ក្បាលមេក្រូ គឺចាប់ផ្តើមធ្វើឬកលើ លោកនេះមានតែអញ! រដ្ឋនេះរបស់អញ! អញចង់ធ្វើអីស្រេចតែអញ! មុនហារមាត់និយាយម្តងៗ មានបាន គិតទេ? បើនិយាយ ធ្វើមើលតែរដ្ឋនេះ ជាកម្មសិទ្ធផ្តាច់មុខ របស់ខ្លួនឯង ចុះយើងជារាស្ត្រនេះ តើលោកយក យើងទៅទុកនៅឯណា? បើលោកមិនទុកមុខឲ្យរាស្ត្រ រាស្ត្រក៏គេមិនទុកឲ្យលោកដែរ។ ចុះបើនិយាយឲ្យ វាសមនឹង សញ្ញាបត្របណ្ឌិតកិត្តិយសមួយឡានកាំម៉ាស់នោះ បន្តិចទៅ តើបានទេ? ឬក៏និស្ស័យជាទាហាន ខ្មែរក្រហម វាពិតជាមិនអាចកែចេញ ទោះបីជាជាង៣០ឆ្នាំទៅហើយក្តី?
មានអ្នកខ្លះឆ្ងល់ថា ចុះមេដឹកនាំប្រទេសយើង ប៉ុន្មានថ្ងៃនឹង ចេះតែយ៉ាងម៉េច? បានជាដើរជេរគ្រប់កន្លែង ឲ្យតែបានក្បាលមេក្រូ ចេញមកទាំងកាកយ៉ាងនេះ? អាចជានិស្ស័យ ឬអាចជារឿងចៃដន្យ តែក៏អាចជាយុទ្ធ សាស្ត្រសង្គ្រាមចិត្តសាស្ត្រ វាយផ្លូវចិត្តគូរប្រកួត មុនពេលសមរភូមិគជប បើកឆាកទឹកចុងក្រោយ។ តាមការ គ្រោងទុក នៅថ្ងៃសៅរ៍ ទី២៨ ខែគុម្ភៈ ឆ្នាំ២០១៥នេះ មេដឹកនាំក្រុមភាគតិចនៅសភា គឺលោក សម រង្ស៊ី លោក កឹម សុខា នឹងជួបចរចាសម្រេចរឿងគជបជាមួយមេដឹកនាំសំឡេងភាគច្រើនក្នុងសភា គឺលោក ស ខេង។
ទី១. ពីដើម ជជែកគ្នាថាប្រធានក្រុមភាគតិច ជជែកស្មើមុខនឹងនាយករដ្ឋមន្ត្រី ដែលមានន័យថា លោក សម រង្ស៊ី ទល់មុខនឹងលោក ហ៊ុន សែន។ តែដោយមិនចង់ឲ្យលោក សម រង្ស៊ី ស្មើមុខនឹងខ្លួន ក្រោមលេសថាខ្លួនជានាយករដ្ឋមន្ត្រី ទើបមិនអាចធ្វើជាប្រធានក្រុមសំឡេងភាគច្រើនបានទេ ព្រោះខ្លាចជាន់អំណាចគ្នា រវាងសភា និងរដ្ឋាភិបាល ទើបតែងតាំងលោក ស ខេង ធ្វើជាប្រធានក្រុមសំឡេងភាគច្រើនក្នុងសភា អីចឹងវា ដូរពីប្រធានក្រុមសំឡេងភាគតិច ទល់មុខនឹងនាយករដ្ឋមន្ត្រី វាទៅជាប្រធានក្រុមសំឡេងភាគតិច ទល់មុខនឹងប្រធានក្រុមសំឡេងភាគច្រើន ក្រោមយន្តការសភាដូចគ្នា ដែលធ្វើឲ្យលោក ហ៊ុន សែន គេចចេញផុតពីការប្រឈមមុខដោយផ្ទាល់ជាមួយលោក សម រង្ស៊ី។
ទី២. ឲ្យលោក ស ខេង ជួបជាមួយលោក សម រង្ស៊ី ដើម្បីចរចាបញ្ចប់រឿងគជប ដោយអះអាងថា អ្វីក៏ដោយ ឲ្យតែលោក ស ខេង សម្រេច គឺលោក ហ៊ុន សែន នឹងយល់ព្រមតាម។ បោះដុំភ្លើងឲ្យលោក ស ខេង ជាអ្នកកាន់។ បើចរចាបានចំណេញ គឺចាត់ទុកថារួចខ្លួន។ បើចរចាបានត្រឹមស្មើគឺចាត់ទុកថាអន់។ បើចរចាចាញ់ប្រៀបសង្គ្រោះជាតិ គឺនឹងទទួលរងថ្មបាក់ ការស្តីបន្ទោសពីបក្សប្រជាជន។ សរុបទៅ មិនត្រឹមតែអាច បន្ទាបឋានៈលោក សម រង្ស៊ី ថែមទាំងអាចនៅជាន់មេជើង លោក ស ខេង បានទៀត។ បើការចរចាបរាជ័យ ទាំងស្រុង គជបនៅតែជាប់គាំងចេញមិនរួច គឺមិនមែនមកពីលោក ហ៊ុន សែន ទេ តែគឺមកពីលោក ស ខេង និងលោក សម រង្ស៊ី ទេតើ។ នេះបានចំជាបុរសខ្លាំង នៅតែជាបុរសខ្លាំង។ ខោក រង្ស៊ី ជាន់ជើង ស ខេង។
ទី៣. វាអាចដោយសារតែពាក់កណ្តាលខែកុម្ភៈមានពិធីបុណ្យចូលឆ្នាំចិន កម្មវិធីត្រូវផ្អាក គរសល់ច្រើន ទើបត្រូវបង្ខំធ្វើឲ្យចប់មុនចុងខែកុម្ភៈ។ ចៃដន្យអី ចៃដន្យយ៉ាងនេះ? បើថាសម្ពោធច្រើនរោង ទេសច្រើនគ្រែ ក៏ធ្វើចុះ ហេតុអ្វីបានជាលេងឈឺៗ គ្រប់តែរោងម្លេះ? លើកប្រធានបទធំៗ ខោកផង អង្អែលផង។ នេះជាសង្គ្រាមចិត្តសាស្ត្រ វាយផ្លូវចិត្តមេដឹកនាំសង្គ្រោះជាតិ មុនការជួបគ្នានៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥។ បើជួបហើយសង្គ្រោះជាតិទន់ឆ្អឹង ស្អីក៏ព្រមព្រៀង គឺចប់ត្រឹមប៉ុណ្ណឹង។ តែបើជួប ហើយសង្គ្រោះជាតិ រឹងត្អឹងមិនព្រម ចុះតម្លៃ គឺប្រាកដជាមានព្រឹត្តិការណ៍ ស្វា ស៊ីបាយ លាប មាត់ពពែរ កើតឡើងទៀតហើយ។ តើលើកនេះ ជាអ្នកណា? ឧទាហរណ៍៖ ក្នុងខណៈពេល មេដឹកនាំគ្រោងជួបគ្នានៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង៤ល្ងាច មានក្រុមយុវជនគ្នា៥០នាក់ នឹងចេញដំណើរទៅតំបន់អារ៉ែង ក្នុងទឹកដីខេត្តកោះកុង។ អាចដែរ បើការចរចាត្រូវរ៉ូវគ្នា គឺក្រុមយុវជននោះ ត្រឡប់មកវិញដោយសុខសាន្ត តែបើចរចាមិនត្រូវគ្នា នឹងមានអ្នកដុតភ្លើង ទូងស្គ បង្កជម្លោះ ឈានដល់ហិង្សារវាងក្រុមយុវជន និងអាជ្ញាធរ ខេត្តកោះកុង។ ពេលនោះគ៨៥ បានប្រយោជន៍ពីរយ៉ាង គឺម្យ៉ាងបង្កើតព្រឹត្តិការណ៍ ដើម្បីយកមកបំបែកព្រឹត្តិការណ៍។ យកសមរភូមិឆ្ងាយនៅអារ៉ែងមកសម្លាប់ចម្បាំងជិតរឿងគជបក្នុង រាជធានី។ ចំណែកម្យ៉ាងទៀត គឺនឹងបានចំណាប់ខ្មាំងប៉ុន្មាននាក់បន្ថែមទៀត ចូលគុក ដើម្បីបន្ថែមសាច់ដុំចរចា។ សង្គ្រោះជាតិចេញមុខ ជួយក៏ខាត មិនចេញមុខជួយក៏ខាត។ បើជួយយុវជនទាំងនោះបាន នឹងបាត់គជប ច្បាស់ជាត្រូវគេព្រួតជេរ ថាអត់កំណើត។ បើមិនជួយ អាចបានគជប តែនឹងត្រូវគេជេរថាអត់បានការ ព្រោះចូលសភាទាំងមូល គ្រាន់តែយុវជនពីរបីនាក់ជួយមិនបាន។
ទី៤. ក្នុងកិច្ចព្រមព្រៀងនយោបាយ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បានចែងថាបើគជបថ្មីមិនចេញ ប្រើគជបចាស់ដដែល។ លើសពីនេះលោក ហ៊ុន សែន ទើបតែបានព្រមានជាថ្មីក្នុងវេទិកាផង។ ដូចជាឲ្យ ហេតុមិនស្រួល? លោក ហ៊ុន សែន និយាយថា បើអ្នកណាចង់ផ្តួលរំលំរដ្ឋាភិបាល នឹងទទួលរងការបង្ក្រាបធ្ងន់ធ្ងរពីកងកម្លាំងភ្លាមៗ ព្រោះប្រហែលជាលោក ហ៊ុន សែន បានដឹងដំណឹងថា បើមិនបានដូចការទាមទារសង្គ្រោះជាតិនឹងធ្វើបាតុកម្មទៀត។ ចំណែកសង្គ្រោះជាតិអាចនឹងធ្វើបាតុកម្មជាថ្មីម្តងទៀត បើការទាមទារមិនបានសម្រេច ព្រោះប្រហែលជាដឹងថា គណបក្សប្រជាជនមានផែនការរាំងខ្ទប់មិនឲ្យគជបថ្មី ចេញជារូងរាង។ ក្រៅពីនេះ តើពេលចរចាគ្នា យកវត្ថុចរចាអ្វី មកនិយាយមុន? យកស្ថាប័នគជប មកនិយាយមុន ឬយកច្បាប់ស្តីពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមកនិយាយមុន? មួយណានិយាយមុន ត្រូវព្រមមុន។ គណបក្សប្រជាជនច្បាស់ជាយកច្បាប់ត្រង់ចំណុចពហិការមិនចូលសភា គឺមានន័យថាជាទង្វើរបោះបង់ចោលអាសនៈសភា ហើយគជប ត្រូវយកអាសនៈទៅបែងចែងសារថ្មីភ្លាមៗ មកនិយាយមុន។ បើបានព្រមហើយ នឹងដាក់ឲ្យសភាអនុម័តមុន។ បើមិនព្រមក៏នៅតែអាចអនុម័តមុន ព្រោះ៦៨គ្រប់៥០%បូក១។ ធ្វើយ៉ាងដូចនេះ ដើម្បីចងជើងសង្គ្រោះជាតិ។ បើសង្គ្រោះជាតិខ្លាចមិនហានធ្វើបាតុកម្ម ដោយគ្រាន់តែចង់ ដើរចេញពីសភា ពហិការមិនចូលសភា គឺច្បាស់ជាអស់។
ទី៥. មើលទៅប្រហែលជាសង្គ្រោះជាតិ មានតែអុចធូបនៅយាយម៉ៅដើមពោធិ៍ ធ្វើម៉េចកុំឲ្យមានកូនទាហាន របស់ខ្លួន ត្រូវបានចាប់ធ្វើចំណាប់ខ្មាំងបន្តទៀត ពីព្រោះវាអាចធ្វើឲ្យខូចការកាន់តែច្រើន។ ដោយសារតែស្ថិតក្នុងកាលៈទេសៈសង្គ្រាមគជប ទឹកចុងក្រោយដូចនេះ គ្រប់សកម្មភាពរបស់បន្ទាយតូចធំ ក្រុមទាហាន យុវជនស្ម័គ្រចិត្ត និងជំរុំព្រះអាទិត្យផង សុទ្ធតែត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ បើអាច ត្រូវប្រមូលកម្លាំង ចូលបន្ទាយសិន ចាំមើលមេស្ទូងត្រីធំសិន ចាំនាំគ្នាចេញនេសាទត្រីតូច។ ទឹកល្អក់ ត្រីកាច។ រលកធំ នេសាទ មិនស៊ូវបានផល ដាច់មង ធ្លាយសំណាញ់ ឥតអំពើ ក៏ថាបាន។
ច្បាស់ណាស់ថា ការទាមទាររបស់សង្គ្រោះជាតិរឿងគជប នឹងមិនបានទាំងស្រុងទេ។ បើមិនបានទាំងស្រុង តើត្រូវធ្វើម៉េច? បើចាញ់ទាំងស្រុង ក្នុងន័យគាំងចេញមិនរួច តើធ្វើអ្វីបន្ត? សុទ្ធជារឿង ត្រូវគិតគូររៀបចំផែន ការយុទ្ធសាស្ត្រ បើមិនបាន៥ជំហាន ក៏ត្រូវបាន៣ជំហានមុនដែរ។ រក្សាចំណុចខ្លាំង ចាប់ចំណុចខ្សោយឲ្យ ជាប់។ បើវៃមិនបាន ក៏ត្រូវចងជើង ចងដៃដែរ៕ប្រភពៈ VOD
