អាថ៌កំបាំង​​​​ធ្វើ​ឱ្យ​សំណង់​សម័យ​បុរណ​ អាច​នៅ​គង់វង្ស​យូរ​អង្វែង​​​រាប់​ពាន់​ឆ្នាំ​ដោយ​មិន​ប្រើ​ដែក​មួយ​សរសៃ

2/02/2015 0 Comments A+ a-

ប្រាសាទ​ Colosseum ដែល​បន្សល់​ទុក​តាំង​ពី​ចក្រភព​រ៉ូម​ប្រភព៖​ wallpaperscraft.com
វិស័យ​សំណង់​សម័យ​បុរាណ​មាន​លក្ខណៈ​ល្អ​ប្រសើរ រឹងមាំ​ជាប់​ធន់​បាន​យូរ ទោះ​បី​ឆ្លងកាត់​ឧបសគ្គ​ធម្មជាតិ និង​សំណឹក​យ៉ាង​ណា​ក៏​ដោយ រហូត​ដល់​អ្នក​ខ្លះ​មាន​ជំនឿ​ថា ​មូលហេតុ​ដែល​សំណង់​បុរាណ​នៅ​បាន​យូរ ប្រហែល​ជា​គេ​បញ្ចុះ​មន្ត​អាគម​អ្វី​ទេ​ដឹង? ខាងក្រោម​នេះ​ជា​របក​គំហើញ​ថ្មី​មួយ របស់​ក្រុម​អ្នក​ស្រាវជ្រាវ។ អ្នក​ស្រាវជ្រាវ​បាន​លើក​យក​វិស័យ​សំណង់ និង​ស្ថាបត្យកម្ម​របស់​ចក្រភព​រ៉ូម​ធ្វើ​ជា​ឧទាហរណ៍ (case) សម្រាប់​បក​ស្រាយ​បាតុភូត​នេះ ដែល​មាន​សេចក្ដី​ដូច​ខាង​ក្រោម។

​វិធី​ផ្សំ​ល្បាយ​ថ្ម (concrete) សម្រាប់​វិស័យ​សំណង់​កាលពី​សម័យ​ចក្រភព​រ៉ូម​បុរាណ (ancient Rome) ជា​ឧទាហរណ៍​ដ៏​ល្អ​សម្រាប់​ស្វែងយល់​អំពី​ប្រវត្តិ​ស្ថាបត្យកម្ម។ ​មកទល់​នឹង​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​ម៉ៅការ​សំណង់​ជា​ច្រើន នៅ​តែ​សិក្សា​អំពី​មូលហេតុ​អ្វី​បាន​ជា​ពួក​រ៉ូម​មាន​បច្ចេកទេស​លាយ​ល្បាយ​ថ្ម​ ប្រកប​ដោយ​បច្ចេកវិទ្យា​ខ្ពស់​ម៉្លេះ ដល់​ថ្នាក់​អ្នក​ជំនាន់​ក្រោយ ក៏​មិន​អាច​ធ្វើ​ដូច។


អ្នក​ស្រាវជ្រាវ​អំពី​សំណង់​បុរាណ ​បាន​រក​ឃើញ​ថា​ជញ្ជាំង​ថ្ម​សម័យ​ចក្រភព​រ៉ូម មាន​គុណភាព​ល្អ និង​ជាប់​បាន​យូរ​ជាង​បេតុង​បច្ចុប្បន្ន​ឆ្ងាយ​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​សំណង់​ទាំង​នោះ​អាច​នៅ​បាន​រាប់​ពាន់​ឆ្នាំ ចំណែក​សំណង់​សព្វថ្ងៃ​ត្រឹម ១២០ ឆ្នាំ​គឺ​ដល់​ដំណាក់កាល​ទ្រុឌទ្រោម។

កាល​ពី​សម័យ​ចក្រភព​រ៉ូម គេ​សង់​អគារ និង​វិមាន​អំពី​ថ្មកំបោរ (lime) – ​ខ្សាច់​ភ្នំភ្លើង (volcanic sand) – និង​ថ្ម​បន្ទុះ​ភ្នំភ្លើង (volcanic rock)។ ទោះបី​បាន​ឆ្លង​កាត់​រយៈពេល​ដ៏​យូរ និង​ឆ្លងកាត់​ប្រតិកម្ម​គីមី និង​គ្រោះ​ធម្មជាតិ​កន្លង​មក​អស់​រយៈពេល​ពីរ​ពាន់​ឆ្នាំ​ហើយ ក៏​សំណង់​ទាំង​នោះ​នៅ​គង់វង្ស​ទល់​សព្វថ្ងៃ។


កាល​ពី​មុន គេ​ធ្លាប់​គិត​ថា​មូលហេតុ​ដែល​សំណង់​សម័យ​ចក្រភព​រ៉ូម​នៅ​បាន​យូរ​បែប​នេះ ដោយសារ​ត្រូវ​បាន​សាងសង់​អំពី​ខ្សាច់​កើត​ពី​បន្ទុះ​ភ្នំភ្លើង និង​ថ្ម​ត្បាល់កិន (mortar)។ ប៉ុន្តែ​របក​គំហើញ​ថ្មី​បញ្ជាក់​កាន់​តែ​ច្បាស់​ថា​ជញ្ជាំង​ទាំង​នោះ ផ្សំ​អំពី​សារធាតុ​គ្រីស្តាល់​ពិសេស​ដែល​មាន​សាច់​ម៉ដ្ឋ​រលាយ​ចូល​គ្នា​។ គ្រីស្តាល់​នេះ នៅ​ពេល​ផ្សំ​ជាមួយ​ខ្សាច់​ភ្នំភ្លើង អាច​ទប់​ទល់​នឹង​ការ​ប្រេះ​បែក ឬ​ប្រេះស្រាំ ហើយ​បង្កើត​តំណ​ភ្ជាប់​យ៉ាង​ស្អិត​ចូល​គ្នា។ កត្តា​មួយ​ទៀត គឺ​ថា​ជញ្ជាំង​ កាលណា​កាន់​តែ​ចាស់ កាន់​តែ​រឹង​មាំ ប្រសិនបើ​មិន​សូវ​សម្បូរ​អង្គធាតុ​ចំហេះ និង​សារធាតុ​កាបូន៕

ប្រែ​សម្រួល៖ អន សំអាង
ប្រភព៖​ ancient-origins.net