ILO ជំរុញឲ្យក្រុមហ៊ុនបញ្ជាទិញជួយទទួលខុសត្រូវការឡើងប្រាក់ខែកម្មករ
ភ្នំពេញៈក្នុងលិខិតបើកចំហមួយ ដែលផ្ញើជូនក្រុមហ៊ុនម៉ាកសម្លៀកបំពាក់អន្តរជាតិ ដែលទិញសម្លៀកបំពាក់ពីរោងចក្រនានាក្នុងប្រទេសកម្ពុជា អង្គការពលកម្មអន្តរជាតិជំរុញឲ្យក្រុមហ៊ុនទាំងនោះ ស្រូបយកនូវការលំបាកផ្នែកហិរញ្ញវត្ថុ ដែលរោងចក្រកាត់ដេរក្នុងស្រុករំពឹងទទួលរង ដោយសារតែប្រាក់ឈ្នួលអប្បបរមាថ្មីក្នុងវិស័យកាត់ដេរនៅកម្ពុជា។
ដោយពុំបានបញ្ជាក់ច្រើនអំពីថា តើចំណាត់ការអ្វីខ្លះដែលក្រុមហ៊ុនម៉ាក គួរអនុវត្ត លិខិតចុះថ្ងៃទី ១ ខែមករា បានប៉ាន់ប្រមាណថា រោងចក្រនៅកម្ពុជានឹងទទួលរងលើសពី ១៨ ភាគរយ ដោយសារតែសេចក្តីសម្រេច កាលពីខែវិច្ឆិកា របស់ក្រសួងការងារ ដែលដំឡើងប្រាក់ឈ្នួលអប្បបរមាពី ១០០ ដុល្លារ ក្នុងមួយខែទៅ ១២៨ ដុល្លារក្នុងឆ្នាំ ២០១៥។
លោក Maurizio Bussi នាយកប្រចាំប្រទេសថៃ កម្ពុជា និងឡាវ របស់អង្គការពលកម្មអន្តរជាតិ ត្រូវបានស្រង់សម្តីក្នុងលិខិតនោះថា៖ «ជាការសំខាន់ដែលភាគីទាំងអស់ត្រូវធ្វើការរួមគ្នា ដើម្បីធានាថា វិស័យកាត់ដេរកម្ពុជា នៅតែទទួលបានជោគជ័យខាងសេដ្ឋកិច្ច។
យើងអំពាវនាវដល់ក្រុមហ៊ុនម៉ាកអន្តរជាតិសូមបំពេញចំណែករបស់ខ្លួន។ យើងបានទទួលសញ្ញានៃការលើកទឹកចិត្តដែលអ្នកទិញសំខាន់ៗ នឹងគោរពតាមការសន្យារបស់ខ្លួនចំពោះរដ្ឋាភិបាលកម្ពុជា កាលពីខែកញ្ញា»។
យើងអំពាវនាវដល់ក្រុមហ៊ុនម៉ាកអន្តរជាតិសូមបំពេញចំណែករបស់ខ្លួន។ យើងបានទទួលសញ្ញានៃការលើកទឹកចិត្តដែលអ្នកទិញសំខាន់ៗ នឹងគោរពតាមការសន្យារបស់ខ្លួនចំពោះរដ្ឋាភិបាលកម្ពុជា កាលពីខែកញ្ញា»។
ក្នុងលិខិតកាលពីថ្ងៃទី១៨ ខែកញ្ញា ដែលផ្ញើជូនលោក គាត ឈន់ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៃក្រសួងចំនួន ៣ បានឲ្យដឹងថា ក្រុមហ៊ុនម៉ាកចំនួន៨ ក្នុងនោះ គឺ H&M, Inditex, C&A, N Brown Group plc, Tchibo, Next Retail Ltd, Primark និង New Look បានសន្យាកែប្រែតម្លៃរបស់ខ្លួនដើម្បីធានាថា កម្មករទទួលបានប្រាក់ឈ្នួលដែលពួកគេអាចរស់នៅបាន។
ការស្ទង់មតិរបស់រដ្ឋាភិបាលឆ្នាំ ២០១៣ បានរកឃើញថា ប្រាក់ឈ្នួលដែលអាចរស់នៅបានក្នុងកម្រឹតសមរម្យនៅក្នុងប្រទេសកម្ពុជា គឺមានចំនួនរវាងពី ១៥៥ ទៅ ១៧៧ ដុល្លារអាមេរិកក្នុងមួយខែ។
គ្មានក្រុមហ៊ុនម៉ាកណា ដែលភ្នំពេញ ប៉ុស្តិ៍ ទាក់ទងកាលពីម្សិលមិញបានឆ្លើយតបទៅនឹងសំណួរតាមអ៊ីមែល អំពីថា តើពួកគេនឹងចាត់វិធានការអ្វីដើម្បីដកសម្ពាធហិរញ្ញវត្ថុពីរោងចក្រ ផ្គត់ផ្គង់របស់ខ្លួននោះឡើយ។
លោក Dave Welsh នាយកប្រចាំប្រទេសរបស់អង្គការសិទិ្ធពលកម្ម Solidarity Center បានឲ្យដឹងថា ក្រុមហ៊ុនម៉ាកអឺរ៉ុបចំនួន៨ ដែលបានសន្យាផ្តល់ការគាំទ្រដល់អ្នកផ្គត់ផ្គង់របស់ខ្លួន និងក្រុមហ៊ុន ម៉ាកអាមេរិក ដែលបានសម្តែងឆន្ទៈដោយប្រយោលនោះ មានកាតព្វកិច្ចត្រូវផ្លាស់ប្តូរតម្លៃរបស់ខ្លួនដើម្បីធានាថា យ៉ាងហោចណាស់ រោងចក្រអាចបើកប្រាក់ឈ្នួលអប្បបរមាបាន។
លោក Welsh បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «ក្រុមហ៊ុនម៉ាកទាំងនោះ ដែលសន្យាចំពោះប្រាក់ឈ្នួលដែលអាចរស់នៅបានសមរម្យ អាចធ្វើការជាមួយនឹងអ្នកផ្គត់ផ្គង់របស់ខ្លួន … ដើម្បីធានាថា អ្នកផ្គត់ផ្គង់របស់ខ្លួនមិនត្រឹមតែបង់ប្រាក់ឈ្នួលអប្បបរមាទេ គឺថែមទាំងអាចបង់ប្រាក់ឈ្នួលដែលអាចរស់នៅបាន។ នៅទីបំផុត ក្រុមហ៊ុនម៉ាកកំណត់ចំណាយ… ពួកគេពិតជាមានឥទិ្ធពលច្រើនបំផុត»។
កម្មករជាច្រើនរំពឹងថា ពួកគេអាចនឹងឡើងប្រាក់ឈ្នួលគោលពី ១០០ ដល់ ១២៨ ដុល្លារចាប់ពីខែមករា នេះតទៅ ក៏ប៉ុន្តែ ទោះជាយ៉ាងណា ពួកគេក៏មានការព្រួយបារម្ភពីការដំឡើងថ្លៃជួលផ្ទះ ថ្លៃទឹក ថ្លៃភ្លើង និងសេវាផ្សេងៗទៀត ដែលជាតម្រូវការចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេផងដែរ៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍
