នរណាខ្លះធ្លាប់ជិះរថយន្តក្រុងដែលមានគ្រែពូកមួយកំផ្លេដូច Hotel នៅស្រុកខ្មែរយើង?
ក្រុមហ៊ុនដឹកអ្នកដំណើរក្នុងរាជធានីភ្នំពេញយីហោវីរៈប៊ុនថាំអេចប្រេស បានអះអាងថា ក្រុមហ៊ុនខ្លួនជាក្រុមហ៊ុនផ្ដល់សេវារថយន្តក្រុងថ្មីហើយប្លែកដំបូងគេក្នុងប្រទេសកម្ពុជា ដែលមានរៀបចំគ្រែពូក ទូរទស្សន៍ និងមានផ្ដល់សេវា Wifi ដោយដឹកអ្នកដំណើរទៅខេត្តកំពុងមានសក្ដានុពលមួយចំនួនក្នុងប្រទេស និងធ្លាយដល់ប្រទេសជិតខាងទៀតផង។
គិតមកទល់ពេលនេះ ក្រុមហ៊ុនដឹកអ្នកដំណើរវីរៈប៊ុនថាំអេចប្រេស បានដំណើរការអស់រយៈពេលជាង ៨ឆ្នាំមកហើយ ហើយការផ្ដល់សេវារថយន្តក្រុងដែលមានរៀបចំគ្រែពូក បានប្រហែល ៣ឆ្នាំហើយដែរ។
អ្នកគ្រប់គ្រងក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរខាងលើ លោក នៅ គាវីរៈ ឲ្យ TheBNEWS ដឹងថា តាមពិតទៅក្រុមហ៊ុនលោកបានផ្តល់សេវារថយន្តក្រុងដែលមានរៀបចំបន្ទប់មានគ្រែពូក ទូរទស្សន៍ កន្លែងសម្រាប់សាកទូរស័ព្ទ និងមានផ្ដល់ WiFi នេះ អស់រយៈពេលបីឆ្នាំហើយគ្រាន់តែថា មហាជននៅមិនទាន់បានទទួលបានដំណឹងនេះគ្រប់ៗគ្នាប៉ុណ្ណោះ។
អ្នកគ្រប់គ្រងរូបនេះ បានបន្តទៀតថា ក្រុមហ៊ុនលោក មានផ្ដល់សេវារថយន្តចែកចេញជាបីប្រភេទ គឺទី១ ប្រភេទរថយន្តធំពីរជាន់ Hotel Bus ដែលមានបន្ទប់គេងគ្រែពូក និង ប្រភេទរថយន្តដែលអាចទម្រេតខ្លួនបាន 30ដឺក្រេ ពោលគឺ ផ្អែកបានពាក់កណ្ដាលខ្លួន (Sleeping Bad) និងរថយន្តមួយប្រភេទទៀតគឺ រថយន្តដែលមានកន្លែងសម្រាប់អង្គុយធម្មតាដែលយើងហៅថា Sitting Bus។
លោក វីរៈបញ្ជាក់ថា សម្រាប់តម្លៃវិញ ប្រភេទរថយន្តធំពីរជាន់ Hotel Bus តម្លៃចន្លោះពី១០-១១$ សម្រាប់ការធ្វើដំណើរពីភ្នំពេញ ទៅខេត្ត សៀមរាប ខេត្តព្រះសីហនុ និងប៉ោយប៉ែត ។ ឯប្រភេទរថយន្ត Sleeping Bad និង Sitting Bus វិញ តម្លៃចន្លោះពី៧-៩$ សម្រាប់ការធ្វើដំណើរទៅខេត្តទាំងបីខាងលើ និងអាចធ្លាយដល់ប្រទេសជិតខាង។
សូមបញ្ជាក់ថា ក្រុមហ៊ុនដឹកអ្នកដំណើរវីរៈប៊ុនថាំអេចប្រេស ទទួលបានភ្ញៀវបានចំនួនចន្លោះពី២០០-៣០០នាក់ក្នុងមួយថ្ងៃ៕
ដោយ៖ ម៉ៅ ចរិយា