Facebook ទោះបី error បីបួនដងប៉ុន្មានខែចុងក្រោយនេះ នៅតែមានរឿងល្អផ្ទួនៗ
ថ្មីៗនេះក្រុមហ៊ុន Facebook បានបញ្ចេញរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសទី៤ ឆ្នាំ២០១៤ ឃើញថា មានសភាពល្អប្រសើរថ្វីត្បិតបណ្ដាញសង្គមរបស់ខ្លួនបានជួបបញ្ហាពាក់ព័ន្ធកំហុសបច្ចេកទេសធ្វើឲ្យមានភាពរអាក់រអួលពីបីដង កាលពីចុងឆ្នាំ២០១៤ ក៏ដោយ។
យោងតាមរបាយការណ៍ពីគេហទំព័រ Bloomberg ឱ្យដឹងថា ចំណូលប្រចាំត្រីមាសទី៤ ឆ្នាំ២០១៤ របស់ Facebook មានកំណើន ៤៩% (ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៤) ពោលគឺរកបាន ៣,៨៥ពាន់លានដុល្លារអាមេរិក។ រឿងល្អដំណាលគ្នាមួយទៀតគឺ ចំនួនអ្នកប្រើ Facebook (Facebook User) ក៏មានចំនួនកើនឡើង ៣,១៨%ផងដែរ (ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៤)។
នៅពេលនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានកើនដល់ ១,៣៩៣ ពាន់លាននាក់ហើយ ដែលចំនួននេះបានកើនឡើង ៣,១៨% ប្រចាំត្រីមាស។ សន្ទុះកើនឡើងចំនួនអ្នកប្រើនេះ គឺលឿនជាងកាលពីត្រីមាសទី៣ ឆ្នាំ២០១៤ ដែលមានអត្រាកើនឡើងតែ ២,២% តែយឺតជាងត្រីមាសទី២ ដែលមាន ៣,១២៥%។ ចំណែកគណនី Facebook ដែលប្រើប្រចាំថ្ងៃ (daily users) ពេលនេះមាន ៨៩០លានគណនី, គណនីប្រើប្រចាំខែតាមទូរស័ព្ទ (mobile monthly users) មាន ១,១៩ពាន់លានគណនី (កើនឡើង ៦,២%) និងគណនីប្រើប្រចាំថ្ងៃតាមទូរស័ព្ទ (daily mobile users) គឺមាន ៧៤៥លានគណនី (កើនឡើង ៥,៩៧%)។
រីឯប្រាក់ចំណូលប្រចាំត្រីមាសទី៤ ឆ្នាំ២០១៤ របស់ Facebook ក៏មានការកើនឡើងផងដែរ។ ចំណូលដែល Facebook រកបានសរុបមាន ៣,៨៥ពាន់លានដុល្លារអាមេរិក កើនឡើង ៦៥% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៤។ បើគិតក្នុងរយៈពេលមួយឆ្នាំពេញនៅឆ្នាំ២០១៤ ក្រុមហ៊ុន Facebook រកចំណូលសរុបបាន ១២,៤៧ពាន់លានដុល្លា កើនឡើង ៥៨% ប្រចាំឆ្នាំ។
ចំណោមមួយភាគធំរបស់ Facebook បានមកពីការផ្សព្វផ្សាយ។ ក្នុងចំណោមចំណូលសរុប ៣,៨៥ពាន់លានដុល្លារនៅត្រីមាសទី៤ ឆ្នាំមុននេះ Facebook អាចរកចំណូលបានពីការផ្សព្វផ្សាយពាណិជ្ជកម្មរហូតដល់ទៅ ៣,៥៩ពាន់លានដុល្លារ។
ថ្វីត្បិតប្រាក់ចំណូលរបស់ Facebook មានសភាពល្អប្រសើរ ប៉ុន្តែតម្លៃហ៊ុនរបស់បណ្ដាញសង្គមយក្សនេះ ធ្លាក់ចុះ ២,៩% នៅប៉ុន្មានម៉ោងបន្ទាប់ពីក្រុមហ៊ុនបញ្ចេញរបាយការណ៍ប្រាក់ចំណូលរួចហើយ។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មាន The Wall Street។ ចំណែកបុគ្គលិកសរុបរបស់ Facebook នៅពេលនេះមាន ៩២០០នាក់កើនឡើង ៤៥% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៤។
គួររំលឹកថា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ Facebook មានបញ្ហាបច្ចេកទេស ដោយអ្នកប្រើប្រាស់នៅទូទាំងពិភពលោកមិនអាចបើកចូលប្រើបាននោះទេ។ ក្រោយមក ក្រុមហ៊ុន Facebook បានចេញមកបកស្រាយអំពីមូលហេតុអ្វីគាំងអស់រយៈពេលប្រហែលមួយម៉ោងនេះថា គឺដោយសារ បញ្ហាបច្ចេកទេសខ្លះៗនៅក្នុងក្រុមហ៊ុន ព្រោះក្រុមហ៊ុនត្រូវការថែមថយកម្មវិធីថ្មីខ្លះ។ Facebook បានបញ្ជាក់ថា បញ្ហាគាំងនោះមិនមែនបណ្ដាលមកពីក្រុមខិលខូច លួចវាយប្រហារតាមអ៊ីនធឺណិត (cyberattack) នោះទេ៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ bloomberg, businessinsider, wsj, techcrunch