យន្តហោះសម្រាប់ប្រធានាធិបតីអាមេរិកនឹងត្រូវផ្លាស់ប្ដូរ
ប្រហែលជាមានមិត្តអ្នកអាន The BNEWS ជាច្រើននាក់ បានដឹងពីសមាសភាពនៃយន្តហោះសម្រាប់ប្រធានាធិបតីអាមេរិកលោកអូបាម៉ារួចទៅហើយ ។ នោះគឺ យន្តហោះម៉ាក Air Force One ដែលជាយន្តហោះជាផ្លូវការសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសណាមួយនៅទូទាំងពិភពលោក។
តាមរបាយការណ៍ចុងក្រោយដែល Business Insider ចុះផ្សាយនៅថ្ងៃនេះបានឱ្យដឹងថា US Air Force បានជ្រើសរើសយន្តហោះ Boeing 747-8 ជាយន្តហោះផ្លូវការថ្មីសម្រាប់ប្រធានាធិបតីអាមេរិក។
ដោយឡែក បើយោងតាមការចុះផ្សាយរបស់ Reuters មានប្រភពពីរដែលនៅស្និទ្ធនឹងការសម្រេចចិត្តនេះ បានអះអាងដោយមិនបញ្ចេញឈ្មោះថា កងទ័ពជើងអាកាសអាមេរិកនឹងប្រកាសពីការសម្រេចចិត្តផ្លាស់ប្ដូរយន្តហោះបច្ចុប្បន្ន Boeing-747 ដោយជ្រើសរើសយន្តហោះម៉ូដែលចុងក្រោយរបស់ Boeing មកដាក់ជំនួសវិញ។
កងយន្តហោះសម្រាប់ប្រធានាធិបតីបច្ចុប្បន្នត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩០ ពោលគឺក្នុងសម័យប្រធានាធិបតីអាមេរិកលោក George H.W. Bush មកម្ល៉េះ។ យន្តហោះពីរក្នុងកងយន្តហោះសម្រាប់ប្រធានាធិបតីមានកន្ទុយលេខ 28000 និង 29000។
យោងតាមក្រុមហ៊ុន Boeing យន្តហោះម៉ូដែល 747-8 មានតម្លៃលក់រាយក្នុងមួយគ្រឿង ៣៦៧,៨លានដុល្លារអាមេរិក៕
ប្រភព៖ Businessinsider