ជន​សង្ស័យ​ថា​ជា​ចារបុរស​រុស្ស៊ី​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រុង​ញវយ៉ក

1/29/2015 0 Comments A+ a-

ផ្នែក​ការទូត​រុស្ស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ ថា​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ជា​ចារបុរស​រុស្ស៊ី​នេះ គឺ​វា​ឋិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​”យុទ្ធនាការ​ប្រឆាំង​រុស្ស៊ី” ដែល​ដំណើរការ​ដោយ​សហរដ្ឋអាមេរិក​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ដែល​មាន​ទំនាក់ទំនង​ដ៏​ល្អក់កករ​ជា​ទីបំផុត​ជាមួយ​លោក​ខាងលិច​ចាប់តាំង​ពីសង្គ្រាម​ត្រជាក់​មក។
fbi-usa-28-01-15ក្រសួង FBIអាមេរិក បានប្រកាសពីញូវយក អំពីការចាប់ខ្លួនជនម្នាក់ដែលសង្ស័យថាជាចារបុរសរុស្ស៊ីកាលពីម្សិលមិញ
ការិយាល័យ​ស៊ើបអង្កេត​រដ្ឋសហព័ន្ធ​អាមេរិក ហៅកាត់​ថា FBI បាន​ប្រកាស​ពី​ទីក្រុង​ញ៉ូវយ៉ក​កាលពី​ថ្ងៃច័ន្ទ ពីការ​ចាប់ខ្លួន​ជន​សង្ស័យ​ថា​ជា​ចារបុរស​របស់​រុស្សី​ដែល​ធ្វើការ​ក្នុង​ធនាគារ​រុស្សី​និង​ក៏​ជា​សមាជិក​នៃ​បណ្តាញ​ដែល​ព្យាយាម​ដើម្បី​ប្រមូល​ទិន្នន័យ​សេដ្ឋកិច្ច នេះបើតាម​អជ្ញាធរ​ប៉ូលិស​សហព័ន្ធ​អាមេរិក។
ចំណែក​ខាង​ការទូត​រុស្ស៊ី​បាន​គូស​បញ្ជាក់​ថា ជន​ដែល​ត្រូវ​បាន​គេ​ចាប់​នោះ​ឈ្មោះ Evgueni Bouriakov មាន​តួនាទី​ជា​នាយក​រង​តំណាង​របស់​ធនាគារ​រុស្ស៊ី Vnesheconombank នៅ​អាមេរិក​ហើយថា​ជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ភស្តុតាង​ជាសំអាង​ទាល់តែសោះ​ពី​ភាគី​អាមេរិក។
អ្នកនាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី លោក Alexandre Loukachevitch បាន​សង្កត់​ធ្ងន់​ក្នុង សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​អង្គារ​ថា សហរដ្ឋអាមេរិក​បាន​សម្រេចចិត្ត បើកដំណើរការ​នូវ​តំណាក់កាល​ថ្មី​មួយ​នៃ​យុទ្ធនាការ​ប្រឆាំង​នឹង​រុស្ស៊ី ដោយ​បាន​ជជុះ​បង្កើត​បញ្ហា​ថ្មី​មួយ​បន្ថែម​ទៀត​ពីរឿង​ចារកម្ម។ លោក Loukachevitch បាន​លើក​ឡើង​ថា ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អាមេរិក​មាន​ជាយូរ​មកហើយ​ដោយ បាន​ឆ្លង​កាត់​នូវ​រយៈកាល​ដ៏​លំបាក ដោយសារតែ​គោលនយោបាយ​ប្រទូស្តរ៉ាយ​ហិង្សា​របស់​ក្រុង​វ៉ាស៊ីនតោន។
លោក​ក៏​បាន​អំពាវនាវ​ដល់​សេវា​សម្ងាត់​អាមេរិក​ថា គួរបញ្ចប់​នូវ​ការ​បង្កហេតុ​នានា ប្រឆាំង​នឹង​ពលរដ្ឋ​រុស្ស៊ី ដោយ​លោក​យល់​ឃើញ​ថា​ទង្វើ​បែប​នេះ​នឹង​នាំឲ្យ​បញ្ហា​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ធ្ងន់ធ្ងរ​និង​ក៏​ធ្វើ​ឱ្យ​ខូច​ដល់​អនាគត​សម្រាប់​កិច្ចសហប្រតិបត្តិការ រវាង​ទីក្រុង​ម៉ូស្គូ​និង​វ៉ាស៊ីនតោន។
គួររំលឹកផងដែរថា ថ្មីៗនេះ​ប្រទេស​រុស្ស៊ី​បាន​ទទួលរង​នូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​ពី​សំណាក់​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក ដែល​បាន​ចោទ​ប្រកាន់​ប្រទេស​រុស្សុី​ពី​ការ​គាំទ្រ​ដោយ​យោធា ចំពោះ​ក្រុមឧទ្ទាម​ដែលឋិត​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។
បន្ទាប់ពីការ​ទម្លាក់​គ្រាប់បែក​នៅ​កំពង់ផែ​អ៊ុយក្រែន​ក្នុង​ក្រុង Mariupol ដែល​បាន​សម្លាប់​ជន​ស៊ីវិល​ចំនួន ៣០​នាក់ និង​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ស្នាដៃ​របស់​ក្រុម​បំបែក​ខ្លួន​ទំនោរ​គាំទ្រ​រុស្ស៊ី  លោក​ប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា ក៏​បាន​សន្យា​ផង​ដែរ​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ថា នឹង​បង្កើន​សំពាធ​បន្ថែម​ទៀត​ចំពោះ​ប្រទេស​រុស្ស៊ី៕ ប្រភពៈ RFI