សហភាពអឺរ៉ុបប្រចាំកម្ពុជាខកចិត្តនឹងសាលដីកាសាលាឧទ្ធរណ៍ប្រឆាំងនឹងអ្នកបឹងកក់
សហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃពុធនេះបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញការខកចិត្តនឹងសាលដីការបស់សាលាឧទ្ធរណ៍ក្នុងការសម្រេច បន្តឃុំខ្លួនសកម្មជនដីធ្លី ដែលសាលាដំបូងរាជធានីភ្នំពេញបានកាត់ឲ្យជាប់ពន្ធនាគារ១ឆ្នាំ ពាក់ព័ន្ធនឹងបទចោទធ្វើឲ្យរាំងស្ទះដល់ចរាចរណ៍។
កាលពីថ្ងៃទី២៦ ខែមករា សាលាឧទ្ធរណ៍បានប្រកាសសាលដីកាឲ្យសកម្មជនដីធ្លីតំបន់បឹងកក់ រួមមានទាំងអ្នកស្រី ទេព វន្នី និងព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គ បន្តជាប់ឃុំតាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញ គឺដាក់ទោស១ឆ្នាំ និងពិន័យជាប្រាក់២០០០០០០រៀល។ ប៉ុន្តែសម្រាប់អ្នកស្រី ង៉ែត ឃុន អាយុជាង៧០ឆ្នាំ ត្រូវបន្ថយទោសមកនៅត្រឹម៦ខែ និងពិន័យជាប្រាក់ពី២លានមកនៅត្រឹម១លានរៀលវិញ។ ចំណែកអ្នកស្រីផាន់ ឈុនរ៉េត ដែលមានជំងឺខ្សោយបេះដូង និងស្ត្រីចំនួន៧នាក់ត្រូវបន្ថយទោសពី១២ខែមកនៅ១០ខែវិញ ហើយបន្ថយការពិន័យប្រាក់ពី២០០០ ០០០រៀល មកនៅ១ ៥០០ ០០០រៀលវិញ។
សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបប្រចាំកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៨ ខែមករានេះ ឲ្យដឹងថា តំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំរាជធានីភ្នំពេញ ខកចិត្តចំពោះដីការរបស់សាលាឧទ្ធរណ៍ប្រឆាំងនឹងអ្នកតវ៉ាតំបន់ បឹងកក់។ សេចក្តីថ្លែងការណ៍បញ្ជាក់ថាការកាត់ទោសជាថ្មីប្រឆាំងនឹងអ្នកបឹងកក់ នៅតែធ្ងន់ធ្ងរដែលមិនសមាមាត្រទៅនឹងការចោទប្រកាន់ប្រឆាំងនឹងអ្នក តវ៉ាទាំងនោះ។
សេចក្តីថ្លែងការណ៍ឲ្យដឹងទៀតថាដូចអ្វីដែលអ្នក រាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី បានលើកឡើងកាលពីថ្ងៃទី២៣ខែមករាថាករណីនេះត្រូវបានមើលឃើញ ថាជារឿងនយោបាយ។ សេចក្តីថ្លែងការណ៍បន្តថាកាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងពាក់ព័ន្ធនឹងច្បាប់មូលដ្ឋានចំនួន៣ថា ឯករាជ្យភាពរបស់តុលាការ គឺជាធាតុសំខាន់មួយសម្រាប់ការអភិវឌ្ឍបន្តទៀតនៃសង្គម ប្រជាធិបតេយ្យ និងសង្គមបើកចំហរមួយ។
កាលពីថ្ងៃអង្គារ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិង ប៉ាស៊ីហ្វិក លោក Daniel Russel បានលើកឡើងថាការបន្តឃុំខ្លួនសកម្មជនដីធ្លីនៅតំបន់បឹងកក់ជារូបភាព មិនល្អសម្រាប់សិទ្ធិមនុស្សនៅកម្ពុជា។
រដ្ឋលេខាធិការក្រសួងការបរទេស លោក អ៊ុច បូរិទ្ធិ បានឆ្លើយតបនឹងលោក Daniel Russelថា ការកាត់ទោសអ្នកទាំងនោះមិនជាការរំលោភសិទ្ធិមនុស្សនោះទេ គឺដោយសារពួកគេបានប្រើប្រាស់សិទ្ធិហួសដែនកំណត់ និងផ្ទុយពីច្បាប់។
គួររំឮកថា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ត្រីសកម្មជនដីធ្លី៧នាក់នៅសហគមន៍បឹងកក់ត្រូវបានចាប់ខ្លួន ខណៈដែលពួកគេតវ៉ា និងព្យាយាមបិទផ្លូវនៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានអន្តរាគមន៍រំដោះទឹកស្អុយចេញពីភូមិ។ ចំណែកឯស្ត្រី៣នាក់ និងព្រះសង្ឃ១អង្គផ្សេងទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃបន្ទាប់ ខណៈដែលពួកគាត់តវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីឲ្យមានការដោះលែងសកម្មជនដីធ្លី៧នាក់ខាងលើ។ ស្ត្រីទាំង១០នាក់ និងព្រះសង្ឃ១អង្គខាងលើ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការកាត់ទោសភ្លាមៗនៅថ្ងៃ បន្ទាប់ពីការចាប់ខ្លួន និងបានផ្តន្ទាទោសឲ្យពួកគាត់ជាប់ពន្ធនាគារម្នាក់១ឆ្នាំ និងពិន័យជាប្រាក់ម្នាក់២លានរៀល ៕ ប្រភពៈ VOD