រកឃើញសាកសពព្រះសង្ឃគង់តាំងសមាធិមិនរលួយមួយអង្គចំណាស់ ២០០ ឆ្នាំនៅម៉ុងហ្គោលី
សាកសពព្រះសង្ឃមិនរលួយដ៏មិនគួរឲ្យជឿមួយអង្គ ដែលទំនងដូចអង្គុយតាំងសមាធិត្រូវបានរកឃើញក្នុងប្រទេសម៉ុងហ្គោលី។ នេះបើយោងតាមវេបសាយដេលីមែលកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៥។
ការពិនិត្យកោសល្យវិច្ច័យមួយកំពុងត្រូវបានធ្វើឡើងលើសាកសពព្រះសង្ឃអង្គនេះ ដែលគេជឿថាមានអាយុកាលប្រហែល ២០០ ឆ្នាំ បន្ទាប់ពីត្រូវបានរក្សាទុកយ៉ាងល្អនៅក្នុងស្បែកសត្វ។
របាយការណ៍មួយក្នុងកាសែត The Siberian Times ដែលដកស្រង់កំណត់ត្រានៃរបកគំហើញរបស់ម៉ុងហ្គោលីបានឲ្យដឹងថា “សាកសពអប់នេះអង្គុយក្នុងជំហរផ្កាឈូក ហាក់បីដូចជានៅតែកំពុងគង់តាំងសមាធិអ៊ីចឹង។ អ្នកជំនាញ ដែលមានពេលត្រឹមតែធ្វើតេស្តផ្ទាល់ភ្នែកជាមូលដ្ឋាននិយាយថាពួកគេជឿថាសាកសពនេះអាចមានចំណាស់ ២០០ ឆ្នាំ”។
កាសែត Morning Newspaper របស់ម៉ុងហ្គោលីបានឲ្យដឹងថា សពព្រះសង្ឃអង្គនេះត្រូវបានរកឃើញកាលពីថ្ងៃទី ២៧ ខែមករា ក្នុងខេត្ត Songinokhairkhan។ សពនេះត្រូវបានគ្របជុំជិតដោយ “ស្បែកគោ”។
សពនេះឥឡូវកំពុងស្ថិតក្រោមការពិនិត្យកោសល្យវិច្ច័យនៅរដ្ឋធានី អ៊ូឡង់បាទ័រ (Ulaanbataar)។ ការសន្និដ្ឋានដំបូងគឺថាសាកសពអប់នេះគឺជាព្រះគ្រូឡាម៉ា ដាស៊ី-ឌ័រហ្សូ អាយទីជីឡូវ (Lama Dashi-Dorzho Itigilov)។
ព្រះគ្រូឡាម៉ា ដាស៊ី-ឌ័រហ្សូ អាយទីជីឡូវ ដែលកើតក្នុងឆ្នាំ ១៨៥២ ធ្លាប់ជាព្រះសង្ឃឡាម៉ាព្រះពុទ្ធសាសនាប៊ូរីយ៉ាត់នៃប្រពៃណីព្រះពុទ្ធសាសនារបស់ទីបេតិ៍ ដែលល្បីល្បាញដោយសារសាកសពព្រះអង្គមានស្ថានភាពដូចមនុស្សរស់៕ ប្រភពៈCEN