ពលរដ្ឋខេត្តព្រះសីហនុបន្តស្នើអាជ្ញាធរចាត់វិធានការចំពោះសកម្មភាពចាក់ដីឆ្នេរធ្វើកម្មសិទ្ធិ
ប្រជាពលរដ្ឋ និងសង្គមស៊ីវិលខេត្តព្រះសីហនុ បានបន្តជំរុញដល់ថ្នាក់ដឹកនាំខេត្តជាប់មាត់សមុទ្រមួយនេះ បន្តឃ្លាំមើល និងមានវិធានការទប់ស្កាត់សកម្មភាពរបស់ឈ្មួញ និងមន្ត្រីមានអំណាច រំលោភយកដីតំបន់ឆ្នេរធ្វើកម្មសិទ្ធិ ប៉ុន្តែបានសំណូមពរថាមិនត្រូវហាមឃាត់ពលរដ្ឋមានលំនៅឋានជាប់មាត់ សមុទ្រ មិនឲ្យជួសជុលលំនៅឋានធ្លាប់រស់នៅយូរឆ្នាំនោះទេ។
បញ្ហានេះ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានបញ្ជាក់ថា មិនមានសកម្មភាពចាក់ដីរំលោភយកតំបន់ឆ្នេរថ្មីៗកើតឡើងទៀតទេ ប៉ុន្តែអាជ្ញាធរបានអនុញ្ញាតឲ្យពលរដ្ឋជួសជុល ឬធ្វើសំណង់រឹងមាំខ្លះនៅលើទីតាំងធ្លាប់រស់នៅយូរឆ្នាំ។
ក្រុមប្រជាពលរដ្ឋបានអះអាងថា ទោះបី លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានព្រមានទប់ស្កាត់មិនឲ្យមានសកម្មភាពចាក់ដីរំលោភតំបន់ឆ្នេរជា ថ្មីទៀតក្តី ក៏ប៉ុន្តែពលរដ្ឋចោទថា នៅតែឃើញមានសកម្មភាពលួចធ្វើរបងហ៊ុមព័ទ្ធដីនៅតាមតំបន់ឆ្នេរខ្លះ ក្នុងខេត្តនេះបន្តកើតមាន និងគ្មានអាជ្ញាធរទប់ស្កាត់ទេ។
ប្រជាពលរដ្ឋខេត្តព្រះសីហនុ បានចោទថា អាជ្ញាធរបានហាមឃាត់ពលរដ្ឋតូចតាចមិនឲ្យជួសជុលផ្ទះ ឬសង់ផ្ទះធ្លាប់រស់នៅយូរឆ្នាំ ប៉ុន្តែចំពោះសំណង់រឹងមាំ ឬសកម្មភាពសង់របងថ្មហ៊ុមព័ទ្ធដីនៅតាមតំបន់ឆ្នេររបស់ក្រុមហ៊ុន ឬមន្ត្រីមានអំណាច អាជ្ញាធរហាក់មិនសូវរវល់អើពើទេ ពិសេសអាជ្ញាធរមូលដ្ឋាន។ ក្រុមប្រជាពលរដ្ឋបន្ថែមថា ឈ្មួញ ឬបុគ្គលមានអំណាចខ្លះនៅតែបន្តមានមហិច្ឆតារំលោភយកដីនៅតាមតំបន់ ឆ្នេរ ដោយបានព្យាយាមសង់សំណង់រឹងមាំ និងចាក់ដីរំលោភចូលតំបន់ឆ្នេរជាបន្តបន្ទាប់ ទោះថ្នាក់ដឹកនាំខេត្តនេះបានដាក់បទបញ្ជាក្តៅបែបណាក្តី។
ផ្ដើមពីបញ្ហានេះ ប្រជាពលរដ្ឋស្នើដល់ លោក ឈិត សុខុន ត្រូវពង្រឹងសកម្មភាពទប់ស្កាត់សកម្មភាពចាក់ដីរំលោភយកតំបន់ឆ្នេរ ឬសង់សំណង់រឹងមាំនៅតំបន់ឆ្នេរឲ្យមានប្រសិទ្ធភាព។
បញ្ហានេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ធ្លាប់ព្រមានថា នឹងចាត់វិធានការក្តៅទៅលើជនទាំងឡាយណាដែលនៅបន្តធ្វើសកម្មភាព ថ្មីៗ ចាក់ដីទន្ទ្រានរំលោភយកដីនៅតាមតំបន់ឆ្នេរខេត្តទេសចរណ៍មួយនេះ។ លោកបន្តថា ករណីនេះលោកបានចាត់ឲ្យ លោក ហេង សំអាន អភិបាលរងខេត្តជាអ្នកត្រួតពិនិត្យរាល់សកម្មភាពចាក់ដីរំលោភយកដី តំបន់ឆ្នេរ ឬសំណង់រឹងមាំនាខេត្តព្រះសីហនុ ដោយការទទួលខុសត្រូវខ្ពស់។
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ អភិបាលរងខេត្តព្រះសីហនុ លោក ហេង សំអាន បានដឹកនាំកម្លាំងចុះពិនិត្យសកម្មភាពចាក់ដីមួយកន្លែង មានទីតាំងនៅតំបន់ទំនប់រលក ខេត្តព្រះសីហនុ ដោយមានម្ចាស់ឈ្មោះ លោក លីម គីមស្រ៊ាង។ សកម្មភាពចុះបង្ក្រាបនោះ សមត្ថកិច្ចមិនបានឃាត់ខ្លួនឈ្មោះ លីម គីមស្រ៊ាង ទេ ប៉ុន្តែបានឲ្យធ្វើកិច្ចសន្យាដោយតម្រូវឲ្យកាយដីដែលចាក់នៅតាម តំបន់ទំនប់រលកនោះ ឲ្យមកសភាពដើមវិញ។ ជាងនេះ ក៏បានហាមមិនឲ្យសង់សំណង់រឹងមាំគ្មានច្បាប់ និងព្រមានថា នឹងចាត់វិធានការតាមផ្លូវច្បាប់ បើមិនគោរពតាមកិច្ចសន្យា។
យ៉ាងនេះក្តី លោក លីម គីមស្រ៊ាង ពលរដ្ឋរស់នៅតំបន់ទំនប់រលកដែលត្រូវអាជ្ញាធរហាមឃាត់នោះ មានប្រសាសន៍ថា រូបលោកមិនបានចាក់ដីរំលោភតំបន់ឆ្នេរដូចការចោទទេ ប៉ុន្តែបានចាក់ដីត្រៀមជួសជុលផ្ទះដែលទ្រុឌទ្រោម និងសម្អាតបរិស្ថាននៅជុំវិញទីតាំងធ្លាប់រស់នៅជាយូរឆ្នាំមកហើយ។ លោកបន្តថា រូបលោកមិនបានទន្ទ្រានចាក់ដីរំលោភយកដីតំបន់ឆ្នេរដូចអាជ្ញាធរ ថ្នាក់ក្រោម ឬក្រុមអ្នកសារព័ត៌មានមួយចំនួនចុះផ្សាយ និងចោទប្រកាន់កន្លងមកទេ។
ពលរដ្ឋរស់នៅតំបន់ទំនប់រលក លោក លីម គីមស្រ៊ាង សម្ដែងអារម្មណ៍តូចចិត្តកាលបើគ្រួសារលោកមិនអាចជួសជុលផ្ទះ នៅលើទីតាំងធ្លាប់រស់នៅជាច្រើនឆ្នាំដូចពលរដ្ឋដទៃទៀត ប៉ុន្តែមន្ត្រីមានអំណាច ឬឈ្មួញមានទ្រព្យធន អាចធ្វើសកម្មភាពរំលោភយកដីនៅតាមតំបន់ឆ្នេរធ្វើកម្មសិទ្ធិ ដោយគ្មានការហាមឃាត់ទៅវិញ៖ «ផ្ទះខ្ញុំផ្ទះចាស់ និងសង់ពីឈើពីមុនមក តែឥឡូវពុកអស់ហើយ ហើយខ្ញុំបានរុះផ្ទះចាស់ចោល និងសង់ផ្ទះថ្មីវិញ។ ការសង់ផ្ទះថ្មីវិញនេះ ខ្ញុំបានចាក់ដីលុបជង្ហុក និងភក់ច្រំជាដើម ដើម្បីឲ្យបរិស្ថាននៅជុំវិញផ្ទះស្អាត។ ប៉ុន្តែមិនមែនខ្ញុំចាក់ដីចូលសមុទ្រទេ។ ក្រោយផ្ទះខ្ញុំមិនមែនសមុទ្រទេ គឺខាងក្រោយផ្ទះខ្ញុំ គឺមានផ្លូវអភិវឌ្ឍន៍ឃុំសង្កាត់មួយទៀត ហើយមានពលរដ្ឋសង់ផ្ទះថ្មអណ្ដែតព្រោងព្រាត។ ខ្ញុំឆ្ងល់ថា ពលរដ្ឋដទៃទៀតសង់ផ្ទះបាន ហេតុអីខ្ញុំសង់មិនបាន? ខ្ញុំមិនមែនចាក់ដីចូលសមុទ្រដោយខុសច្បាប់ឯណា?»។
ត្រង់ចំណុចនេះ លោក ហេង សំអាន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា អាជ្ញាធរមិនបានហាមឃាត់ការជួសជុលផ្ទះរបស់ប្រជាពលរដ្ឋនៅលើទីតាំង ចាស់ នៅតាមតំបន់មួយចំនួនជាប់មាត់សមុទ្រនោះទេ។ ប៉ុន្តែអាជ្ញាធរមិនអនុញ្ញាតចំពោះសកម្មភាពចាក់ដីរំលោភនៅតាមតំបន់ ឆ្នេរដែលធ្វើសកម្មភាពថ្មីៗបានទេ៖ «គ្មានបញ្ហាអ្វីទេចំពោះការ ធ្វើរបងផ្ទះព័ទ្ធលំនៅឋានជាដើមនោះ។ ជាងនេះ បើប្រជាពលរដ្ឋគាត់ធ្វើផ្ទះនៅលើទីតាំងផ្ទះចាស់របស់គាត់វិញ ក៏មិនអីដែរ អាចធ្វើបាន។ ប៉ុន្តែជៀសវាងសកម្មភាពចាក់ដីបំពេញបន្ថែមនៅលើទីតាំងដែលអាជ្ញាធរ ខេត្តបានហាមឃាត់។ ហើយចំពោះប្រជាពលរដ្ឋដែលគាត់សង់ផ្ទះនៅលើទីតាំងចាស់របស់គាត់វិញ អាជ្ញាធរមិនថាអីទេ ឬមិនហាមឃាត់ឡើយ»។
ទាក់ទិនបញ្ហានេះ លោក ប៊ួន ណារិទ្ធ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ មានប្រសាសន៍ថា ដីនៅតាមតំបន់ឆ្នេរដែលឈ្មួញ ឬមន្ត្រីមានអំណាចព័ទ្ធរបងថ្មធ្វើកម្មសិទ្ធិ អាជ្ញាធរខេត្តត្រូវមានវិធានការតាមផ្លូវច្បាប់។ ប៉ុន្តែសម្រាប់ការជួសជុលលំនៅឋានរបស់ប្រជាពលរដ្ឋដែលសង់រស់នៅយូរ ឆ្នាំ ហើយពលរដ្ឋត្រូវការជួសជុល ឬកែលំអលំនៅឋានរបស់ខ្លួន មិនគួរទៅរំខាន ឬធ្វើការគាបសង្កត់នោះទេ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ស្នើដល់អាជ្ញាធរខេត្តព្រះសីហនុ ត្រូវពិចារណា និងញែកបញ្ហានេះឲ្យដាច់ស្រឡះពីគ្នា៖ «ពាក់ព័ន្ធ នឹងមន្ត្រីមានអំណាចមួយចំនួនដែលគេមិនគោរព និងបន្តរំលោភដីនៅតាមតំបន់ឆ្នេរ គឺសុំឲ្យលោកអភិបាលខេត្តត្រូវសហការជាមួយតុលាការ ដែលជាស្ថាប័នអនុវត្តច្បាប់ ដើម្បីចាត់វិធានការការពារឆ្នេរខេត្តព្រះសីហនុ ឲ្យបាន»។
ទាក់ទិនបញ្ហានេះដែរ លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់ឲ្យដឹងថា ចាប់ពីឆ្នាំ២០១៥ តទៅ គណបក្សនេះនឹងលើកយកបញ្ហារំលោភយកដីតំបន់ឆ្នេរសមុទ្រខេត្ត ព្រះសីហនុ ទៅពិភាក្សាជាមួយរដ្ឋាភិបាលបក្សកាន់អំណាច និងដាក់ជូនគណៈកម្មការជំនាញក្នុងរដ្ឋសភាដើម្បីពិភាក្សា និងឈានដល់រឹបអូសដីតំបន់ឆ្នេរមួយចំនួនពីឯកជន ឬក្រុមហ៊ុន ដែលហ៊ុមព័ទ្ធរបងថ្មី ហើយគ្មានសកម្មភាពអភិវឌ្ឍន៍ មកដាក់ជាសម្បត្តិរដ្ឋវិញ៕ ប្រភពៈ RFA
