អាជ្ញាធរ​អប្សរា​សហការ​ជាមួយ​អ្នក​ជំនាញ​ពិនិត្យ​​បញ្ហា​បច្ចេកទេស​​លើ​រូប​ថត​ស្ត្រី​​អាក្រាត

1/27/2015 0 Comments A+ a-

អាជ្ញាធរ​អប្សរា​ដែល​ជា​ស្ថាប័ន​ជាតិ ទទួល​បន្ទុក​ការពារ​និង​ថែរក្សា​ប្រាសាទ​បុរាណ​នៅ​ខេត្ត​សៀមរាប បាន​​​ប្រកាស​ព័ត៌មាន​​​ជា​ថ្មី​ទៀត ជុំវិញ​​​រូបភាព​អាក្រាត​​របស់​​​ស្រី្ដ​បរទេស ដែល​​មក​ថត​នៅ​តាម​ប្រាសាទ​បុរាណ​ខ្មែរ។
អាជ្ញាធរ​នេះ​បញ្ជាក់​ថា ការ​ស្រាវជ្រាវ​ជំហាន​ដំបូង​គេ​ដឹង​ថា ប្រភព​​​ផ្សព្វផ្សាយ​រូបថត​​នារី​​អាក្រាត​​​កាយ​ដែល​ថត​នៅ​តាម​​ប្រា​សាទ​​ បុរាណ​ខ្មែរ គឺ​មាន​​មូលដ្ឋាន​នៅ​ប្រទេស​ចិន។ ដូច្នេះ​អាជ្ញាធរ​អប្សរា​នឹង​ត្រូវ​ធ្វើ​កិច្ចការ​មួយ​ចំនួន​ជុំវិញ​ករណី​ រូបថត​ដែល​ធ្វើ​ឱ្យ​អាប់​អោន​ដល់​តម្លៃ​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ។

​មន្ត្រី​អាជ្ញាធរ​អប្សរា​ព្រមាន​ប្ដឹងផ្ដល់​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​ នឹង​អ្នក​ថតរូប​ស្ត្រី​អាក្រាត​កាយ​នៅ​តាម​ប្រាសាទ​បុរាណ​ខ្មែរ ហើយ​ផ្សាយ​ចេញ​ជា​សកល​​តាម​ប្រព័ន្ធ​ព័ត៌មាន​​​អេឡិចត្រូនិក កាល​ពី​ពេល​ថ្មីៗ​នោះ។
អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា គឺ​អ្នកស្រី ចៅ ស៊ុនកិរិយា។ អ្នកស្រី​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​មករា ថា អាជ្ញាធរ​អប្សរា​កំពុង​សហការ​ជាមួយ​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​យូណេស្កូ (UNESCO) ដើម្បី​ពិនិត្យ​ផ្នែក​បច្ចេកទេស​ទៅ​លើ​រូបថត​ស្ត្រី​បរទេស​ដែល​អាក្រាត​កាយ​ ​ល្វែង​ខាង​លើ​ទាំង​អស់ ដោយ​មាន​ជាប់​​រូប​ប្រាសាទ​បុរាណ​ខ្មែរ​ផង​នោះ ថា​តើ​វា​ជា​ការ​មក​ថត​ដល់​ទីតាំង​ប្រាសាទ​ពិត​ប្រាកដ ឬ​ក៏​ជា​ការ​កាត់​ត​តាម​បែប​បច្ចេកទេស​សម័យ​ទំនើប?
អ្នកស្រី ចៅ ស៊ុនកិរិយា បញ្ជាក់​ថា ការ​ស្រាវជ្រាវ​ជា​ជំហាន​ដំបូង គឺ​អាជ្ញាធរ​បាន​រក​ឃើញ​ប្រភព​ផ្សព្វផ្សាយ រូបថត​ស្រ្តី​បរទេស​អាក្រាត​កាយ​ដែល​​ជាប់​ជាមួយ​ប្រាសាទ​បុរាណ​ខ្មែរ​នោះ គឺ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន។ ប្រសិនបើ​អាជ្ញាធរ​អប្សរា​រក​ឃើញ​បន្ថែម​ទៀត​ថា រូបថត​ស្រ្តី​អាក្រាត​កាយ​ដែល​មាន​ជាប់​រូប​ប្រាសាទ​បុរាណ​ខ្មែរ​ផង ត្រូវ​បាន​គេ​មក​ថត​ដល់​កន្លែង​ពិត​ប្រាកដ គឺ​អាជ្ញាធរ​នឹង​រៀប​ចំ​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​ច្បាប់៖ «យើង​ស្រាវជ្រាវ ​មែន​ទែន ដោយសារ​រឿង​នេះ​ជា​កិត្តិយស​ស្រុក​យើង។ ឥឡូវ​យើង​កំពុង​ធ្វើការ​ជាមួយ​យូណេស្កូ ដែល​មាន​អ្នក​ជំនាញ​ជួយ​យើង ពីព្រោះ​តាម​យូណេស្កូ មាន​ប្រសាសន៍​គឺ​មាន​តាំង​តែ​ពី ២០​ឆ្នាំ​មុន​នៅ​ប្រទេស​អ៊ីតាលី។ ឥឡូវ​មក​ដល់​ស្រុក​យើង​ហើយ យើង​ត្រូវ​ប្រយ័ត្ន»
​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​អប្សរា​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា បញ្ជាក់​ថា គេហទំព័រ​មួយ​ឈ្មោះ វ៉ានីម៉ល (WANIMAL) មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន តែង​ផ្សព្វផ្សាយ​រូបថត​​អាសអាភាស​ដែល​គេ​តែង​ចុះ​ថត​ផ្ទាល់​នៅ​តាម​ទីតាំង​ ល្បីៗ​ជា​ច្រើន​កន្លែង​នៅ​លើ​ពិភពលោក។ អាជ្ញាធរ​អប្សរា​បាន​ជំទាស់​នឹង​គេហទំព័រ វ៉ានីម៉ល ដែល​ផ្សព្វផ្សាយ​រូប​ស្ត្រី​អាក្រាត​កាយ​ភ្ជាប់​នឹង​ទេសភាព​អង្គរ​ថា គឺ​ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​ភាព​ថ្លៃថ្នូរ​របស់​នារី​ភេទ ព្រម​ទាំង​អារ្យធម៌​ខ្មែរ​ដ៏​ថ្កើងថ្កាន។ ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរ​មួយ​ចំនួន បាន​គាំទ្រ​ប្រតិកម្ម​របស់​អាជ្ញាធរ​អប្សរា​ដែល​ជា​ស្ថាប័ន​ជាតិ ការពារ​និង​ថែរក្សា​អង្គរ​មួយ​នេះ។
​អនុ​ប្រធាន​សមាគម​ទ្រទ្រង់ក្ដី​សង្ឃឹម​​មគ្គុទ្ទេសក៍​ទេសចរណ៍ លោក ព្រំ សុវណ្ណ ដែល​ពិនិត្យ​ទៅ​លើ​រូបថត​ស្រ្តី​បរទេស​អាក្រាតកាយ ហើយ​មាន​ជាប់​រូប​ប្រាសាទ​បុរាណ​ខ្មែរ​ផង គឺ​លោក​សង្ស័យ​ថា ទំនង​ជា​គេ​ថត​នៅ​ក្នុង​ប្រាសាទ​បាយ័ន​ខ្លះ និង​ប្រាសាទ​តា​ព្រហ្ម​ខ្លះ។
លោក ព្រំ សុវណ្ណ​ គាំទ្រ​គំនិត​​អាជ្ញាធរ​អប្សរា​ដែល​គ្រោង​នឹង​ដាក់​ឆ្មាំ​ការពារ​ប្រាសាទ​ បន្ថែម ដើម្បី​តាម​ឃ្លាំមើល​ជន​បរទេស​កុំ​ឱ្យ​ឆ្លៀត​ឱកាស​ថតរូប​ផ្ដេសផ្ដាស​បាន​ទៀត ​នោះ៖ «ខ្ញុំ​គិត​ថា រឿង​ថតរូប​អាក្រាត​វា​មិន​គួរ​ឱ្យ​មាន​ទាល់តែ​សោះ ហើយ​សូម​សំណូមពរ​អាជ្ញាធរ​អប្សរា​ឱ្យ​បង្កើន​សមត្ថភាព​ខ្លួន​គាត់​ដាក់​ ពង្រាយ​កម្លាំង​ឱ្យ​គ្រប់​ជ្រុងជ្រោយ​កុំ​ឱ្យ​ធ្វើ​បែប​នេះ ព្រោះ​ជា​បេតិកភណ្ឌ​ពិភពលោក»
​បន្ថែម​លើ​ការ​គាំទ្រ​អាជ្ញាធរ​អប្សរា​ប្រឆាំង​នឹង​ជនបរទេស ដែល​ថត​រូប​អាក្រាត​នៅ​តាម​តំបន់​អង្គរ​នេះ សមាគម​​ទ្រទ្រង់​ក្ដី​សង្ឃឹម​​មគ្គុទ្ទេសក៍​ទេសចរណ៍​ដែល​មាន​ក្រុម​អ្នក​ មគ្គុទ្ទេសក៍​និយាយ​ភាសា​កូរ៉េ ភាសា​ជប៉ុន និង​ភាសា​ចិន ជា​សមាជិក​អាច​នឹង​រួម​គ្នា​ធ្វើ​ជា​ក្រម​សីលធម៌​មួយ​សម្រាប់​ពន្យល់​និង​ ណែនាំ​ដល់​អ្នក​ទេសចរណ៍​បរទេស​ឱ្យ​ដឹង​ពី​អារ្យធម៌​ខ្មែរ និង​មិន​គួរ​ធ្វើ​អ្វី​ឱ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​សង្គម​ខ្មែរ ​ផង​នៅ​ពេល​ខាង​មុខ៕ ប្រភពៈ RFA