ស្មានមិនដល់ថាកូនស្រីភ្លោះនាយករដ្ឋមន្ត្រីថ្មីថៃប្រាយុទ្ធ ចាន់អូចា ជាអតីតអ្នកចម្រៀងល្បីសោះ!
ស្របពេលដែលលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីទី២៩ នៅពេលថ្មីៗកន្លងទៅនេះដោយព្រះមហាក្សត្រថៃ ជីវប្រវត្តិគ្រួសារ ការងារ សុទ្ធតែទទួលបានការចាប់អារម្មណ៍ចង់ដឹងពីមហាជន ជាពិសេសគឺកូនៗរបស់លោកតែម្ដង។ តើកូនៗលោកមានអ្វីប្លែកមែនទេទើបបានជាសាធារណជនចាប់អារម្មណ៍ចង់ដឹងម្ល៉េះ?
គេនៅចាំបានថាកាលប្រមាណជា ៨ ទៅ ៩ ឆ្នាំមុនមានក្រុមតន្ត្រីយុវវ័យមួយឈ្មោះ BADZ ដែលមានសមាជិកក្រុមរួមបីនាក់ ដោយក្នុងនោះមានពីរនាក់មាននាមត្រកូលដូចនឹងលោកប្រាយុទ្ធចាន់អូចា។ សមាជិកកាន់ឧបករណ៍ហ្គីតាបាសមានឈ្មោះថា ថាន់យ៉ា ចាន់អូចា ម្នាក់កាន់ឧបករណ៍ហ្គីតាសូឡូឈ្មោះ និតថា ចាន់អូចា ចំណែកអ្នកចម្រៀងនាំវង់ឈ្មោះ និទិយ៉ា អាំសាក់គុន ។ គ្រាន់តែឮនាមត្រកូលប្រិយមិត្តអាចដឹងភ្លាមថា ថាន់យ៉ា និង និតថា គឺជាកូនស្រីរបស់លោក ប្រាយុទ្ធ ចាន់អូចាបាត់ទៅហើយ ។
បទចម្រៀងដែលក្រុម BADZ ច្រៀងភាគច្រើនទទួលបានការគាំទ្រពីសំណាក់យុវវ័យថៃជាជំនាន់នោះណាស់ ហើយបទដែលល្បីល្បាញបំផុតមានដូចជាបទ “មិនសុំធ្វើមនុស្សចុងក្រោយ” “តាមមកដែរ” និងបទ “ចង់ជួបបងខ្លាំងណាស់”។
បើតាមការរៀបរាប់ប្រាប់អ្នកសារព័ត៌មាន អ្នកទាំងបានរៀបរាប់ថា ក្រុមចម្រៀងអង់គ្លេស “The Beatles” គឺជាចលករសំខាន់ជម្រុញចិត្តអោយអ្នកទាំងពីរស្រលាញ់តន្ត្រីរហូតដល់ទៅទិញហ្គីតាមករៀនលេងដោយខ្លួន មុននឹងសុំការអនុញ្ញាតពីម្ដាយទៅរៀនតន្ត្រីនៅសាលាតន្ត្រី ហើយក៏បានទទួលការគាំទ្រពីម្ដាយរបស់ពួកនាង។
មិនត្រឹមតែជាអ្នកចម្រៀង អាចលេងភ្លេងបានល្អប៉ុណ្ណោះទេ ប៉ុន្តែកូនស្រីទាំងរបស់លោកប្រាយុទ្ធក៏មិនបានងប់ងល់នឹងសិល្បៈរហូតដល់ភ្លេចការសិក្សានោះដែរ ព្រោះ ប្លយនិងភ្លើន (ឈ្មោះហៅក្រៅ) ជាអតីតនិស្សិតបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ ចុឡាឡុងកនមហាវិទ្យាល័យ ត្រឹមតែបីឆ្នាំកន្លះប៉ុណ្ណោះ ដែលនេះអាចចាត់ទុកជាមោទនភាពមួយសម្រាប់ឪពុកម្ដាយ៕
ប្រែសម្រួល៖ សុខា នីកា
ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ postjung