ក្រុមហ៊ុន Toll Group របស់អូស្រ្ដាលីដកខ្លួនចេញពីការរកស៊ីជាមួយក្រុមហ៊ុន Royal Group របស់កម្ពុជា
ក្រុមហ៊ុន Toll Group ដែលជាក្រុមហ៊ុនដឹកជញ្ជូនរបស់អូស្រ្ដាលីបានសម្រេចចិត្ដលក់ភាគហ៊ុន ដែលខ្លួនមានទាំងប៉ុន្មានចំនួន៥៥% ទៅឲ្យក្រុមហ៊ុន Royal Group របស់លោកឧកញ៉ា គិត ម៉េង ដោយធ្វើឲ្យក្រុមហ៊ុន Royal Group ឥឡូវគ្រប់គ្រងក្រុមហ៊ុន Toll Royal Railway ទាំងស្រុង។
ការលក់ភាគហ៊ុននេះបានចូលជាធរមានតាំងពីថ្ងៃទីសុក្រទី១៩ ខែធ្នូ ឆ្នាំ២០១៤ សប្ដាហ៍មុន។ ប៉ុន្ដែក្រុមហ៊ុន Toll Group ទើបបានប្រកាសព័ត៌មានសាធារណៈនៅថ្ងៃចន្ទទី២២ធ្នូម្សិលមិញ។
លោក Brian Kruger អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Toll Group របស់អូស្រ្ដាលីបានផ្ដល់មូលហេតុថា ការសម្រេចលក់ភាគហ៊ុនទាំងអស់នេះចោល គឺដោយសារតែការរកស៊ីមិនសូវបានកាក់កបនៅក្នុងអំឡុងពេលដែល ក្រុមហ៊ុនបានដំណើរការកន្លងទៅនេះ។
ក្រុមហ៊ុន Toll Royal Railway គឺជាការបណ្ដាក់ទុនរវាងក្រុមហ៊ុន Toll Group របស់អូស្រ្ដាលី និងក្រុមហ៊ុន Royal Group របស់កម្ពុជាដែលបានស្ដារ និងដំណើរការប្រព័ន្ធផ្លូវដែកកម្ពុជាឡើងវិញតាំងពីខែតុលាឆ្នាំ ២០០៩ ហើយក្រុមហ៊ុនរួមនេះបានទទួលសម្បទានសេដ្ឋកិច្ចពីរដ្ឋរយៈពេល៣០ ឆ្នាំដើម្បីជួយអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។
លោក Brian Kruger បន្ដឲ្យដឹងទៀតថា ឧបសគ្គ និងការពន្យារពេលជាច្រើនក្នុងការស្ដារផ្លូវដែកពីសំណាក់អ្នក ទទួលការងារកុងត្រាពីខាងក្រៅអស់ពេល២ឆ្នាំកន្លងទៅនេះ បានធ្វើឲ្យរាំងស្ទះដល់ប្រសិទ្ធភាពការងារ ហើយជាលទ្ធផលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍សេដ្ឋកិច្ចរបស់ក្រុមហ៊ុន។
កន្លង ទៅនេះ ក្រុមហ៊ុននេះបានទទួលថវិកាជំនួយអភិវឌ្ឍន៍ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារជំនួយអន្ដរជាតិរបស់អូស្រ្ដាលី (AusAID) ដើម្បីជួយស្ដារប្រព័ន្ធដឹកជញ្ជូនផ្លូវដែកនៅកម្ពុជា។ ប៉ុន្ដែក្រុមហ៊ុនបានជួបប្រទះរឿងឈឺក្បាលស្មុគ្រស្មាញជាច្រើន ជុំវិញបញ្ហាជម្លោះដីធី និងការទាមទារសងជំងឺចិត្ដរបស់ពលរដ្ឋដែលរស់នៅតាមដងផ្លូវដែក។
តាំង ពីចាប់ផ្ដើមធ្វើប្រតិបត្ដិការមក កំណាត់ផ្លូវដែកប្រវែង២៦៤គីឡូម៉ែត្រពីភ្នំពេញទៅក្រុងព្រះសីហនុ បានចាប់ដំណើរការដោយផ្ដល់លទ្ធភាពឲ្យមានការដឹកជញ្ជូនទំនិញជា ច្រើនដូចជាឥន្ធនៈ, ធ្យូងថ្ម និងស៊ីម៉ង់ត៍ជាដើមពីកំពង់ផែមកភ្នំពេញ។
ថ្វីត្បិតតែលក់ ភាគហ៊ុនទាំងអស់នេះចោលពិតមែន ក៏ក្រុមហ៊ុន Toll Group របស់អូស្រ្ដាលីឲ្យដឹងថា ខ្លួននឹងនៅតែបន្ដមានវត្ដមានធ្វើប្រតិបត្ដិការផ្នែកភស្ដុភា និងដឹកជញ្ជូនអីវ៉ាន់នៅក្នុងប្រទេសកម្ពុជាដដែល។
ក្រុមហ៊ុន Toll Group មានបុគ្គលិកជាង៤ម៉ឺននាក់នៅក្នុងជាង៥០ប្រទេសនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោយផ្ដល់សេវាកម្មដឹកជញ្ជូន និងភស្ដុភាដល់រដ្ឋាភិបាល និងក្រុមហ៊ុនឯកជននានា៕ ប្រភពៈ Radioaustralia