Rodgers ថាមិនទាន់ចង់លក់ Balotelli នៅខែមករាខាងមុខទេ
អ្នកចាត់ការក្រុម Liverpool លោក Brendan Rodgers បាននិយាយថារូបលោកមិនទាន់មានគម្រោងលក់ Mario Balotelli នៅខែមករាខាងមុខនេះទេ ពីព្រោះ Liverpool នៅមានប្រកួតច្រើនទៀតដែលមិនអាចបាត់បង់កីឡាករណាម្នាក់បាននៅឡើយ។
ក្នុងសន្និសីទកាសែតមួយកាលពីយប់មិញនេះលោក Rodgers បាននិយាយពីអនាគតខ្សែប្រយុទ្ធ Balotelli ថា៖ “និយាយដោយស្មោះទៅ ខ្ញុំមិនទាន់មានគំនិតចង់លក់ Balotelli សោះ។ យើងនៅមានប្រកួតច្រើនទៀតណាស់នៅរដូវកាលនេះហើយនៅពេលនេះដែរ អ្វីដែលល្អបំផុតសម្រាប់ខ្ញុំគឺត្រូវទុកកីឡាករទាំងអស់មិនលក់ចេញទៅណាទេ។ ត្បិតតែខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលីរូបនេះមិនបានបង្ហាញសមត្ថភាពល្អមែនប៉ុន្មានប្រកួតមកនេះប៉ុន្តែគ្រប់ប្រកួតដែលគេចូលលេងគឺមានខ្សែការពារតាមបិទគេ២-៣នាក់ដែរ។ ដូច្នេះនេះក៏ជាឱកាសមួយសម្រាប់កីឡាករដទៃរកគ្រាប់បាល់ដែរ”។
អតីតខ្សែប្រយុទ្ធក្រុម Manchester City រូបនេះតាំងពីចូលមកលេងជាមួយក្រុម Liverpool មករូបគេតែងមានរឿងអាស្រូវជាប់ជានិច្ច។ ហើយតាំងពីបើករដូវកាលថ្មីនេះមករូបគេទើបតែរកគ្រាប់បាល់បាន២គ្រាប់ទេក្នុងការបង្ហាញខ្លួន១៥ប្រកួតកន្លងមក៕