ក្តៅៗ! ប្រទះឃើញទ្វារយន្តហោះ ជិតកន្លែង QZ8501បាត់ពីរ៉ាដា
មន្ត្រីឥណ្ឌូណេស៊ីបាននិយាយថា បានប្រទះឃើញជណ្ដើរសង្គ្រោះបន្ទាន់ ទ្វារយន្តហោះ និងបំណែកមួយចំនួនទៀត អណ្ដែតលើផ្ទៃសមុទ្រ អំឡុងពេលរុករកពីលើអាកាសនៅថ្ងៃអង្គារនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីមុននេះបន្តិច។
ទីតាំងដែលប្រទះឃើញបំណែកទាំងនោះ មានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីកន្លែងដែលយន្តហោះចាប់បានដោយរ៉ាដាលើកចុងក្រោយ។ “យើងបានប្រទះឃើញបំណែកធំៗប្រហែល១០ ហើយនិងរបស់តូចៗពណ៌សជាច្រើនទៀតដែលមិនអាចថតបាន”។ នេះបើតាមការបញ្ជាក់របស់មន្រ្តីកម្លាំងទ័ពអាកាសឥណ្ឌូណេស៊ី លោក Agus Dwi Putranto នៅក្នុងសន្និសីទមួយ។
លោក Putranto ក៏បានបង្ហាញរូបថតជាច្រើនសន្លឹក ដែលមានដូចជាទ្វារយន្តហោះ ជណ្ដើររំអិលខ្លួនពេលមានអាសន្ន និងប្រអប់រាងការ៉េ។ អ្នកថតរូបឲ្យទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលរួមដំណើរនៅលើយន្តហោះនោះ ក៏និយាយផងដែរថា បានឃើញបំណែកមួយចំនួន ក្នុងនោះមានទាំង ពោងសង្គ្រោះជីវិត អាវពោង និងបំពង់វែងពណ៌ទឹកក្រូចជាច្រើន។
ជើងហោះហើរ QZ8501 របស់ក្រុមហ៊ុន AirAsia ដែលដឹកមនុស្សទាំងអស់ ១៦២នាក់ បានបាត់ពីរ៉ាដាពេលកំពុងធ្វើដំណើរចេញពីប្រទេសឥណ្ឌូណេស៊ី ឆ្ពោះទៅសិង្ហបុរី កាលពីព្រឹកថ្ងៃអាទិត្យ។ រហូតមកដល់ពេលនេះ ការរុករកនៅតែបន្តធ្វើរហូត ខណៈប្រភពមួយចំនួនដាក់ការសង្ស័យថា យន្តហោះនេះអាចលិចបាត់ទៅក្រោមបាតសមុទ្រ៕
បំណែកផ្សេងៗ ដែលថតបានពីលើអាកាស
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ channelnewsasia