កញ្ញា វ៉ាន់ ម៉ូនិច៖ អតីតសង្សាររបស់ខ្ញុំ ជាអ្នកទម្លាយរូបស្រាត
(ភ្នំពេញ)៖ ថ្មីៗនេះតារាស្រី កញ្ញា វ៉ាន់ ម៉ូនិច ត្រូវបានគេបង្ហោះរូបភាពស្រាត នៅក្នុងបណ្តាញសង្គម Facebook ជាសាធារណៈ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ទន្ទឹមនឹងការបង្ហាញរូបនោះ ត្រូវបានអ្នកគាំទ្រនាងមួយចំនួននិយាយថា ការទម្លាយរូបថតបែបនេះ គ្រាន់តែជារូបកាត់ត មិនមែនជាការពិតនោះទេ ប៉ុន្តែនៅទីបំផុតដើម្បីឲ្យអស់ចម្ងល់ តារាស្រីរូបនេះបានចេញមុខ ទទួលស្គាល់ថា រូបភាពដែលគេយកចុះផ្សាយនោះ គឺជារូបពិតរបស់នាង។
តារាស្រីវ័យក្មេងស្រស់ធ្មេញជំពើស នាង វ៉ាន់ ម៉ូនិច បានប្រាប់ FRESH NEWS យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយទទួលស្គាល់ថា រូបថតអាក្រាតកាយនោះ ជារបស់នាងពិតមែន ដោយនាងបានថតដាក់ក្នុងទូរស័ព្ទដៃ ហើយរូបនោះគឺនាងថត នៅក្នុងបន្ទប់គេងយូរហើយប្រមាណ ១ឆ្នាំ ។
តារាសម្តែងរូបនេះបាន និយាយដោយទទួលស្គាល់ថា “រូបដែលគេយកចុះផ្សាយនោះ គឺរូបខ្ញុំពិតគ្មានការកែច្នៃ ឬកាត់តអ្វីឡើយ ហើយរូបនេះវាមាន នៅក្នុងទូរស័ព្ទដៃខ្ញុំ ដំបូងខ្ញុំមានការភ្ញាក់ផ្អើល នៅពេលដែលរូបនោះត្រូវបានទម្លាយ ជាសាធារណៈនៅលើ Facebook តែក្រោយមក ទើបខ្ញុំដឹងថាមូលហេតុ ដែលរូបនេះត្រូវយកមកចែកចាយ ដោយសារតែសង្សារចាស់ខ្ញុំ គាត់យកទៅបង្ហោះ ព្រោះអំឡុងពេលពួកខ្ញុំស្រលាញ់គ្នា គាត់យកទូរស័ព្ទដៃខ្ញុំប្រើនិងស្គាល់ Password Account Facebook ខ្ញុំទៀតផង ហើយរូបនេះក៏ត្រូវ បានលាតត្រដាងសាធារណៈ ក្រោយពីពួកខ្ញុំបែកបាក់គ្នានេះឯង ” ។
នៅពេលដែលសួរ ម៉ូនិច ថានាងមានត្រៀមចាត់វិធានការ តាមផ្លូវច្បាប់ទៅលើអតីតសង្សារ ដែលជាកូនអ្នកមាននោះទេ ម៉ូនិច បាននិយាយបញ្ជាក់ថា “ខ្ញុំគ្មានគម្រោងចាត់វិធានការអ្វីឡើយ ព្រោះថាខ្ញុំមិនចង់ឲ្យមានរឿងវែងឆ្ងាយ ម្យ៉ាងខ្លាចគេបន្តធ្វើបាបខ្ញុំ ព្រោះថាគេជាអ្នកមានទ្រព្យ ហើយអ្វីដែលពិសេសនោះ គឺខ្ញុំមិនមានភស្តុតាងគ្រប់គ្រាន់ ក្នុងការប្តឹងតទល់ជាមួយគេឡើយ ” ។
តារាស្រីរូបនេះ បានរំឭករឿងស្នេហារបស់នាង ប្រាប់ឲ្យដឹងថា អតីតសង្សារនាងជាថៅកែលក់រថយន្ត នៅម្តុំព្រែកលាភ ហើយក៏ជាកូនប្រុសរបស់លោកឧកញ៉ាផងដែរ ពួកនាងស្រលាញ់គ្នា ប្រមាណ ៣-៤ឆ្នាំហើយ មូលហេតុដែលធ្វើឲ្យពួកនាងប្រេះឆា ដោយសារតែសង្សារនាងមានការប្រច័ណ្ឌ និងរារាំងមិនឲ្យនាងចូលសិល្បៈ បិទសិទ្ធិនាងគ្រប់យ៉ាង ធ្វើឲ្យនាងមានអារម្មណ៍តឹងទ្រូង និងមិនអាចរស់នៅជាមួយគ្នា បានទើបសម្រេចចិត្តដើរបែកផ្លូវគ្នា ទាំងចម្រូងចម្រាសតែម្តងទៅ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល