កម្មករជាង២០០០នាក់ នៅតំបន់សេដ្ឋកិច្ច ពិសេសមេនហាតធេន ក្រុងបាវិតផ្ទុះកូដកម្ម
ភ្នំពេញ ៖ ក្រុមកម្មករ-កម្មការិនី ដែលបម្រើការងារ នៅអ៊ីសធឺន នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្ថិតនៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្មករចំនួន ២.០២៧ នាក់ស្រី ១.៦៤៣ នាក់ បាននាំគ្នាតវ៉ា ទាមទារលក្ខខណ្ឌការងារ៨ចំណុច ។
ការផ្ទុះកូដកម្មនេះបានធ្វើឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ ហើយនៅព្រឹកថ្ងៃ ទី១២ ធ្នូនេះ កម្មករ បានបន្តកូដកម្មមិនទាន់ចូលធ្វើការនៅឡើយ ក្រុមការងារដោះស្រាយគ្រប់មុខសញ្ញា ប្រចាំការនៅ តំបន់សេដ្ឋកិច្ចពិសេសបាវិត និងក្រុមការងារខេត្ត កំពុងធ្វើការសម្របសម្រួល រវាងក្រុមហ៊ុន ជាមួយតំណាងកម្មករនិងសហជីព ។
លក្ខខ័ណ្ឌការងារ ៨ ចំណុចនោះ រួមមាន៖
១. សូមឲ្យក្រុមហ៊ុនកំណត់ចំនួនខោអាវឲ្យកម្មករដេរឲ្យបានសមរម្យ
២. ក្រុមហ៊ុនត្រូវផ្តល់ភាពងាយស្រួលជូនកម្មករក្នុងការដាក់ច្បាប់ពេលមានធុរ:ចាំបាច់
៣. សុំគ្រូពេទ្យ គីម ចេញពីក្រុមហ៊ុនជាបន្ទាន់
៤. សុំក្រុមហ៊ុនអនុញ្ញាតិចូលធ្វើការ ពេលព្រឹក ម៉ោង ៧.៤០ បើសិនជាកម្មករមកលើសម៉ោង សូមឲ្យកាត់លុយ
៥. ពេលកម្មករឈឺហើយមានសំបុត្រពេទ្យបញ្ជាក់ត្រឹមត្រូវ ក្រុមហ៊ុនត្រូវទទួលយកគ្រប់ស្ថាប័នពេទ្យរដ្ឋ ល្អទាំងអស់
៦. សុំក្រុមហ៊ុនអនុញ្ញាតិឲ្យកម្មករ មានផ្ទៃពោះទៅពិនិត្យពោះដោយមិនកាត់ប្រាក់ឈ្នួល និង អត្តប្រយោជន៏ផ្សេងៗ
៧. ពេលធ្វើការថែមម៉ោងមិនត្រូវបង្ខំកម្មករទេ
៨. សុំក្រុមហ៊ុនចេញក្រដាស់បើកលុយឲ្យបានធំ និងជាអក្សរខ្មែរ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល