២០១៥កំណត់តម្លៃមនុស្ស និងលុយឡើងវិញ
ភ្នំពេញ:វាបានក្លាយជាការនិយាយស្ទើរគ្រប់មាត់ថា មានដុល្លារមានអ្វីៗគ្រប់យ៉ាងនៅកម្ពុជា សូម្បីតែគាស់ខ្មោចមកប្រើ។ មនុស្សគ្រប់គ្នាក៏នាំគ្នាធ្វើអ្វីៗទាំងអស់ ដើម្បីលុយដោយហ៊ានសម្លាប់គ្នា ប្លន់ រំលោភអំណាចប្រព្រឹត្តអំពើពុករលួយនិងក្បត់វិជ្ជាជីវ:ជាដើម។
ឆ្នាំ២០១៤បានបញ្ចប់ប៉ុន្តែការសម្លាប់គ្នាអំពើប្លន់ និងអំពើអសកម្មជាច្រើនទៀតទំនងជាមិនចប់តាមឆ្នាំ២០១៤ទេ វាប្រហែលជានឹងតាមលងសង្គមកម្ពុជាចូលឆ្នាំ២០១៥ តទៅទៀត ដរាបណាមនុស្សដាក់គោលដៅហួសហេតុដើម្បីដុល្លាអាមេរិក។
ផ្នត់គំនិតនៅក្នុងប្រជាជនកម្ពុជាជាច្រើនបានផ្តល់តម្លៃហួសហេតុទៅលើលុយ។ លុយគួរតែត្រូវបានចាត់ទុកជាមធ្យោបាយមួយដើម្បីជួយសម្រួលដល់ជីវិតរស់នៅរបស់មនុស្ស។ លុយមិនគួរត្រូវបានកំណត់គឺជាតម្លៃស្នូលរបស់មនុស្សឡើយ។ ការអោយតម្លៃឬគោរពមនុស្សដោយផ្អែកទៅលើបរិមាណលុយដែលពួកគេមានដោយមិនរវល់ពីរបៀបនៃការរកលុយនោះ វាអាចនឹងធ្វើអោយសង្គមនឹងកាន់តែពិសពល់ដោយជំរុញមនុស្សអោយហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីលុយ។ ជាផលវិបាក លុយក៏លែងជាទាសកររបស់មនុស្សហើយមនុស្សទៅវិញបានក្លាយទៅជាទាសកររបស់លុយ។
ចំណេះដឹងសីលធម៌ សេចក្តីថ្លៃថ្នូរភាពស្មោះត្រង់ ការទទួលខុសត្រូវក្នុងសង្គមត្រូវតែចាត់ទុកថាជាតម្លៃស្នូលរបស់មនុស្ស។ បើសិនជាយើងអោយតម្លៃមនុស្សទៅលើបរិមាណលុយដែលពួកគេមាននោះយើងនឹងឪនក្បាលគោរពស្តេចអាភៀនមេចោរប្លន់ មន្ត្រីពុកលួយដែលប្រើវិធីរកលុយដ៏គ្រោះថ្នាក់បំផុតសម្រាប់សង្គម។ នេះគឺជារឿងដ៏គួរអោយសោកស្តាយណាស់។
ការផ្តល់តម្លៃមនុស្សនិងគោរពមនុស្សដែលមានចំណេះដឹងសីលធម៌ សេចក្តីថ្លៃថ្នូរភាពស្មោះត្រង់ នឹងជួយលើកទឹកចិត្តមនុស្សអោយកាន់តែប្រឹងប្រែងរៀនសូត្រកាន់តែមានសីលធម៌ កាន់តែថ្លៃថ្នូរកាន់តែទទួលខុសត្រូវនិងកាន់តែស្មោះត្រង់រវាងគ្នានិងគ្នាជាដើម។ នៅពេលមនុស្សកាន់តែច្រើនមានតម្លៃស្នូលទាំងនេះ សង្គមទាំងមូលនឹងប្រែប្រួលទៅរកភាពល្អប្រសើរហើយមនុស្សក៏កាត់បន្ថយអំពើបាបក្នុងសង្គម។
សូមអោយឆ្នាំ២០១៥ក្លាយទៅជាឆ្នាំមួយដែលមនុស្សនឹងកំណត់ឡើងវិញអំពីតម្លៃរបស់មនុស្ស។ សូមអោយមនុស្សគ្រប់គ្នា ផ្តល់តម្លៃមនុស្សដោយផ្អែកលើចំណេះដឹងសីលធម៌ ភាពស្មោះត្រង់ ការទទួលខុសត្រូវ និងសេចក្តីថ្លៃថ្នូរជាជាងលុយដែលមានពេលខ្លះបានមកពីមធ្យោបាយដ៏កខ្វក់ឬអាចឈានដល់ប្រឡាក់ឈាម។
កំណត់សម្គាល់របស់អ្នកនិពន្ធ: បើសិនជាអ្នកយល់ថា អត្ថបទនេះ អាចជួយកែប្រែសង្គមសូមជួយចែករំលែក share ទៅកាន់មិត្តរបស់អ្នក៕R/N