ផៃ ស៊ីផាន ធានាបង់លុយឲ្យកូនប្រុសច្បងរបស់សពលោក ចាន់ សាវ៉េត រៀនចប់សាលាច្បាប់
រាជធានីភ្នំពេញ៖ កូនប្រុសច្បងរបស់សពលោក ចាន់ សាវ៉េត មន្ត្រីស៊ើបអង្កេត នៃសមាគមអាដហុក ត្រូវបានលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី អះអាងធានាបង់លុយឲ្យរៀនចប់សាលាច្បាប់ រយៈពេល០៤ឆ្នាំ។លោក ផៃ ស៊ីផាន សម្រេចចិត្តដូច្នេះ ដោយសារតែលោក ធ្លាប់ជាកូនកំព្រាដែរ។
ការសម្រេចចិត្តដូច្នេះ ដោយសារតែលោកផៃស៊ីផាន ធ្លាប់ជាកូនកំព្រា ហើយបានរៀនចេះចប់ ដោយសារតែការទំនុកបម្រុងពីមិត្តភ័ក្ត្ររបស់ឪពុកលោក។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា “នេះជាការសន្យារបស់ខ្ញុំជាផ្លូវការ។ ខ្ញុំជួយធានា ក្នុងការបង់លុយជូនសាលារៀន ឲ្យកូនប្រុសច្បង ( របស់លោកចាន់ សាវ៉េត ) ក្នុងរយៈពេល ០៤ឆ្នាំ រៀនចប់សាលាច្បាប់។ ពីព្រោះអី? ពីព្រោះខ្ញុំជាកូនកំព្រា ហើយក្នុងជីវិតកំព្រារបស់ខ្ញុំហ្នឹង យើងបានទទួលពីមិត្តភ័ក្ត្រឪពុកខ្ញុំ ដែលឪពុកខ្ញុំ បានស្លាប់ នៅថ្ងៃដែលខ្ញុំកើត ហើយគេជួយខ្ញុំឲ្យខ្ញុំបានរៀនសូត្រ។ ម្លោះហើយខ្ញុំឆ្លើយតបពីបុគ្គលកូនកំព្រានោះឯង ដោយយើងមិនគិតពីនិន្នាការអ្វីទេ។ នេះជាសកម្មភាពមនុស្សធម៌សុទ្ធសាធ ហើយខ្ញុំជឿថា ខ្ញុំបានទទួលរៀនសូត្រពីអំពើល្អពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចលោកជំទាវដែរ នេះយើងគ្រាន់តែជាការចូលរួមចំណែកកសាងធនធានមនុស្សប៉ុណ្ណោះ”។
សូមរម្លឹកថា ការសន្យាផ្តល់លុយបង់ថ្លៃសាលារៀនដល់កូនប្រុសច្បងរបស់លោក ចាន់ សាវ៉េត ឈ្មោះ ចាន់ សុវិសាល ត្រូវបានលោក ផៃស៊ី ផាន ប្រកាសផ្ទាល់មាត់ប្រាប់ដល់ភរិយាលោក ចាន់ សាវ៉េត នៅថ្ងៃបូជាសពលោក ចាន់ សាវ៉េត ផងដែរ៕