រុស្ស៊ី​នៅ​តែ​បន្ត​ទម្លាក់​កំហុស​លើ​រដ្ឋាភិបាល​អ៊ុយក្រែន ក្នុងរឿង​ធ្លាក់យន្តហោះ​ម៉ាឡេស៊ី ​MH១៧

11/11/2014 0 Comments A+ a-

លពីថ្ងៃ​ចន្ទទី ១០​វិច្ឆិកា នៅក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី កាលពីថ្ងៃ​ចន្ទ ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន បាន​ទម្លាក់​កំហុស​សា​ជា​ថ្មី​ទៅ​លើ​ការបាញ់​ប្រហារ​របស់​ទាហាន​អ៊ុយក្រែនដែល​ជា​ឧបសគ្គ​រារាំង​មិន​ឲ្យ​អ្នកជំនាញ​អន្តរជាតិ​ចូល​ទៅ​ស៊ើបអង្កេត​នៅ​កន្លែងផ្ទុះ​​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​MH១៧។ ដោយឡែក ប្រទេស​ហូឡង់​កាលពីថ្ងៃ​ចន្ទ បាន​​ប្រារព្ធ​ពិធីបុណ្យ​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​ ទាំង ២៩៨​នាក់ ដែលបាន​​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ផ្ទុះ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី នៅក្នុង​ទឹកដី​អ៊ុយក្រែន ដែល​នៅក្នុង​នោះ មាន​ជនជាតិ​ហូឡង់ ១៩៣​នាក់។
morceau de l'avion malaisien MH 17
បំណែក​របស់​យន្តហោះ​ម៉ាឡេស៊ី MH១៧​ដែល​គេ​នៅសល់​ឃើញ​នៅឡើយ​នៅកន្លែង​ផ្ទុះធ្លាក់​នៅភាគខាងកើត​អ៊ុយក្រែន កាលពីថ្ងៃ​ទី ៨​វិច្ឆិកា ©REUTERS/Maxim Zmeyev
ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​នៅ​តែ​ពាំង​ខ្លួន​​​​ការពារ​ក្រុម​បំបែក​ទឹកដី​ នៅ​ភាគ​ខាង​កើត​​​អ៊ុយក្រែន។ ​កាលពីថ្ងៃ​ចន្ទ នៅក្នុង​ជំនួប​ក្រៅ​ក្របខណ្ឌ​កិច្ចប្រជុំ​កំពូល​APEC ក្នុង​ទីក្រុង​ប៉េកាំង ប្រមុខ​ដឹកនាំ​រុស្ស៊ី បាន​និយាយ​ប្រាប់​ទៅ​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ីថា មិនមែន​ក្រុម​ឧទ្ទាម​អ៊ុយក្រែន​​ទេ​ ដែល​បាន​រារាំង​ការងារ​របស់​​ក្រុមអ្នកសង្កេត​អន្តរជាតិ​ ប៉ុន្តែ ​គឺ​ក្រុម​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន ដែល​បាន​បាញ់​ផ្លោង​មិន​ឈប់​ឈរ រហូត​រារាំង​មិន​ឲ្យ​ក្រុម​អ្នកស៊ើប​អង្កេត​អន្តរជាតិ អាច​ចូល​ទៅ​ធ្វើការ​នៅក្នុង​​តំបន់​ដែល​យន្តហោះ​ម៉ាឡេស៊ី​MH១៧ បាន​ផ្ទុះ​ធ្លាក់។
នៅក្រោយ​យន្តហោះ​ម៉ាឡេស៊ី​ផ្ទុះធ្លាក់ នៅ​ភាគខាងកើត​អ៊ុយក្រែន។ ​រដ្ឋាភិបាល​អ៊ុយក្រែន និង​អាមេរិក​បាន​ចោទ​ប្រកាន់​ក្រុម​ឧទ្ទាម​ថា ជា​អ្នកបាញ់​មីស៊ីល​​ប្រភេទ​ប៊ូក​របស់​រុស្ស៊ី ទម្លាក់​យន្តហោះ​អ្នកដំណើរ​ម៉ាឡេស៊ី។ ប៉ុន្តែ រុស្ស៊ី​វិញ​បាន​ចេញ​មុខ​ការពារ​ក្រុមឧទ្ទាម និង​បាន​និយាយ​​​ផ្ទុយទៅវិញថា គឺ​ទ័ព​រដ្ឋាភិបាល​អ៊ុយក្រែនដែល​​ជាអ្នកទទួល​ខុសត្រូវ។
ចាប់តាំង​ពី​មាន​បទឈប់បាញ់ ដ៏ផុយស្រួយ កាលពី​ខែ​កញ្ញា ក្រុមអ្នកស៊ើបអង្កេត​អន្តរជាតិ ដែល​មាន​ចូលរួម​ពី​អ្នកជំនាញ​ហូឡង់ ម៉ាឡេស៊ី និង​អូស្ត្រាលី​អាច​ចូល​ទៅ​ធ្វើការស្រាវជ្រាវ​ នៅកន្លែង​ផ្ទុះ​ធ្លាក់​យន្តហោះ បាន​បួនដង​ប៉ុណ្ណោះ។ បេសកកម្ម​របស់​ក្រុម​អ្នកស៊ើបអង្កេត​ត្រូវ​អាក់ខាន រារាំង ដោយសារការវាយប្រហារ​ដាក់​គ្នា មិនចេះ​​ឈប់ ​រវាង​ទ័ព​អ៊ុយក្រែន និង​ក្រុម​ឧទ្ទាម នៅ​ក្នុង​តំបន់​ដែល​យន្តហោះ​ម៉ាឡេស៊ី​ផ្ទុះ​ធ្លាក់។ តាម​អាជ្ញាធរ​ហូឡង់ រហូត​មកដល់​ពេលនេះ គេ​នៅ​មិនទាន់​រក​ឃើញ​សាកសព​អ្នកដំណើរ​៩​នាក់​ទៀត។ នៅក្នុង​ពេល​ដែល​គ្រួសារ​ជនរងគ្រោះ​កំពុង​រំលឹក​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ ក្នុង​គ្រោះថ្នាក់​ធ្លាក់យន្តហោះ ម៉ាឡេស៊ី អ្នកជំនាញ​​មិន​សង្ឃឹមថា ​នឹង​អាច​​រក​ឃើញ​សាកសព​ដែល​នៅ​សល់​​នោះទេ ដោយសារ​តែ​ភាពតានតឹង​ផ្នែក​អាវុធ នៅជិត​កន្លែងផ្ទុះធ្លាក់​យន្តហោះ។
តាម​អ្នកកាសែត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំងAFP​ ដែល​កំពុង​ស្ថិតនៅក្នុង​តំបន់​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​អ៊ុយក្រែន គេឃើញ​ខ្សែរដំណើរ​រថក្រោះ និង​រថយន្ត​ដឹក​អាវុធ​ជាច្រើន​គ្រឿង​បើក​ចូល​ទៅក្នុងតំបន់​​ដូណេតស៍ ​ដែលស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង យន្តហោះ​ម៉ាឡេស៊ី​ផ្ទុះធ្លាក់។ កាលពី​ថ្ងៃ​សុក្រ ទីក្រុង​គៀវ ​បាន​បរិហារ​វត្តមាន​រថក្រោះ​ និងទ័ព​រុស្ស៊ី ឆ្លងចូល​ទៅ​ភាគខាងកើត​អ៊ុយក្រែន។ រដ្ឋមន្រ្តីការបរទេស​អឺរ៉ុប​វិញ ដែល​បារម្ភ​ខ្លាច​មាន​ផ្ទុះ​សង្រ្គាម​នៅ​ទឹកដី​អ៊ុយក្រែន បានអំពាវនាវ​ឲ្យ​រុស្ស៊ី​ដកទ័ព និង​សព្វាវុធ​ចេញ​ពីទឹកដី​អ៊ុយក្រែន។ តាម​សេចក្តី​រាយការណ៍​​របស់​អ្នកស៊ើប​អង្កេត របស់​អង្គការ​OSCE មាន​​វត្តមាន​ទាហាន​​បិទមុខ​ជិះ​លើ​ក្បួនរថយន្ត និង​រថក្រោះ ​នៅក្បែរ​តំបន់កាន់កាប់​ដោយ​​ពួកឧទ្ទាម ​កាលពីថ្ងៃសៅរ៍៕ ប្រភព ៖ rfi