ព្រោះតែភ្លើងប្រចណ្ឌ ចាប់ចងប្រពន្ធ ហើយធ្វើទារុណកម្ម គ្រប់រូបភាព យ៉ាងឃោរឃៅ
ខេត្តបាត់ដំបង ៖ ដោយសារភ្លើងប្រចណ្ឌ បុរសម្នាក់បានទៅតាមប្រពន្ធ ដល់កន្លែងធ្វើការ នៅរោងចក្រភ្នំពេញ នាំមកដល់ខេត្តបាត់ដំបង បានយកខ្សែគោ ខ្សែភ្លើង ដំបង កាំបិត និងកណ្តៀវ ធ្វើទារុណកម្មលើស្ត្រីជាប្រពន្ធ យ៉ាងឃោរឃៅរយៈពេល ៤ថ្ងៃ មកហើយ ដើម្បីសួររកមុខប្រុសថ្មី តាំងពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចចំការដំឡូង ក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
យ៉ាងណាក៏ដោយ ស្ត្រីរងគ្រោះបានប្រើល្បិច លួងប្តីអោយជូន ទៅមណ្ឌលសុខភាព ចែងមានជ័យ រួចរត់ចូលប៉ុស្តិ៍រដ្ឋបាល ចែងមានជ័យ ប្តឹងឲ្យឃាត់ខ្លួន ប្តីចិត្តឃោរឃៅ កាលពីវេលាម៉ោង ១៧និង១៥ នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤។ លោក ប៊ុត សំបូរ អធិការស្រុកបាណន់ បានអោយដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ វុន ស៊ីថា អាយុ ២៥ឆ្នាំ មានស្នាមឆូតកាំបិត ត្រង់ដៃស្តាំនិងក ស្នាមមុតកណ្តៀវ ក្រោមក្បាលជង្គង់សងខាង និងរបួសពេញខ្លួន ជាកម្មករអេឡិកត្រូនិកនៅភ្នំពេញ។
ចំណែកជនសង្ស័យជាប្តី មានឈ្មោះ ឌឿន វ៉ាន់ អាយុ ៣១ឆ្នាំ ទាំង ២នាក់ បានរៀបការ ៧ឆ្នាំកន្លងមកហើយ និងមានកូនស្រីម្នាក់ អាយុ ៧ឆ្នាំ រស់នៅភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ វត្ថុតាងមានខ្សែគោ ១ខ្សែ ខ្សែភ្លើង ១ខ្សែ ដំបងចំនួន២ កណ្តៀវនិងកូនកាំបិត១ និងកាំបិតវែង១ ហើយបុរសសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ចាត់ការតាមផ្លូវច្បាប់។
បើតាមស្ត្រីរងគ្រោះ បានអោយដឹងថា ប្តីបានទៅតាមខ្លួន នៅភ្នំពេញ ឲ្យត្រឡប់មកផ្ទះវិញ កាលដើមខែវិច្ឆិកា ហើយពេលមកដល់ផ្ទះ បានវាយធ្វើបាបចោទថា មានប្រុសឈ្មោល នៅថ្ងៃ ១៦និង១៧ ខែវិច្ឆិកា បានវាយធ្វើបាបនៅលើផ្ទះ លុះថ្ងៃទី១៨ ខែវិច្ឆិកា បានដឹកខ្លួនតាមម៉ូតូ នាំទៅចំការម្រេច យកខ្សែគោចងស្លាបសេក នៅនិងដើមឈើ យកដំបងវាយធ្វើបាប។ នៅថ្ងៃទី១៩ ខែវិច្ឆិកា ប្តីបានដឹកខ្លួនតាមម៉ូតូ ទៅចំការដំឡូងអ្នកភូមិ យកខ្សែភ្លើងចង និងយកកាំបិតឆូតខ្លួន កនិងមុខ ថែមទាំងយកកណ្តៀវ វាយជើងទាំងសងខាងទៀត។
ដោយទ្រាំការឈឺចាប់មិនបាន ខ្លួនបានប្រើល្បិច លួងលោមប្តីអោយជូន ទៅមណ្ឌលសុខភាពឃុំចែងមានជ័យ រួចរត់គេចចូលទៅប៉ុស្តិ៍នគរបាល ចែងមានជ័យ ប្តឹងសមត្ថកិច្ច អោយចាប់ឃាត់តែម្តង។ ឈ្មោះ ឌឿន វ៉ាន់ បុរសសង្ស័យ បានសារភាពថា ប្រពន្ធបានកុហក់ អោយទៅទទួលនាង នៅក្រុងបាត់ដំបង កាលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤ ពេលត្រឡប់មកពី ភ្នំពេញវិញ ហើយពេលខ្លួន ទៅដល់ក្រុងបាត់ដំបង ប្រពន្ធបិតទូរស័ព្ទ ទើបខ្លួនបានទៅដល់ភ្នំពេញ។
ឈ្មោះ ឌឿន វ៉ាន់ បានខឹងសម្បា រឿងអ្នកជិតខាង បាននិយាយថា ខ្លួនអាវែកប្រពន្ធហ៊ឺហា ចូលបាឌីស្កូរាល់ថ្ងៃក្រោយមកខ្លួន ក៏នាំប្រពន្ធមកផ្ទះ ហើយសាកសួរនាង រឿងមានប្រុសឈ្មោល ច្រើនដងតែនាង និយាយឡប់ឡែម្តងថា មានម្តងថា មិនមាន ប៉ុន្តែពេលមនុស្សប្រុស ទូរស័ព្ទចូល នាងមិនហ៊ានលើកនិយាយ ទើបខ្លួនខឹងកាន់តែខ្លាំង សម្រេចចិត្តធ្វើទារុណកម្មនាង គឺចង់អោយនាង ឆ្លើយថា តើមានប្រុសឈ្មោលមែនឬអត់៕
ប្រភពពី វត្តភ្នំ
