កម្មកររោងចក្រសាន់ស៊ូនៅកំពង់ចាមចោទរោងចក្រថាគាបសង្កត់សិទ្ធិសេរីភាព
កម្មករខ្លះនៅក្នុងរោងចក្រសាន់ស៊ូ បានសម្រេចឈប់ពីការងារបណ្ដើរៗ ក្រោយពេលពួកគាត់ចូលធ្វើការបានមួយរយៈ។ កម្មករខ្លះលើកឡើងថា ពួកគាត់ឈប់ដោយសារតែមិនអាចទ្រាំទ្រនឹងគំនាបពីសំណាក់អ្នកគ្រប់គ្រងជាជនជាតិខ្មែរ នៅក្នុងរោងចក្រនោះបាន។
អតីតកម្មការិនីម្នាក់នៃរោងចក្រសាន់ស៊ូ អ្នកស្រី គឹម ថា ឱ្យដឹងថា ស្ថានភាពនៅក្នុងរោងចក្រ គឺមានការប្រើប្រាស់ពាក្យសម្ដីមិនល្អមកកាន់កម្មករ មានការកំណត់ពេលវេលាសម្រាប់ចូលបន្ទប់ទឹក ឬនិយាយទូរស័ព្ទ មានការជិះជាន់កម្លាំងពលកម្មពួកគាត់ និងបញ្ហាផ្សេងៗទៀតពីសំណាក់អ្នកគ្រប់គ្រងខ្មែរនៅទីនោះ។ ឃើញដូចនេះ អ្នកស្រីសម្រេចឈប់តែម្តង ពីព្រោះអ្នកស្រីមិនអាចទ្រាំនឹងការគាបសង្កត់នោះបានឡើយ៖ «គាត់ធ្វើហ្នឹងជាការរំលោភលើសិទ្ធិការងារ ហើយក៏ជាគាបសង្កត់គ្នាខ្លាំងដែរបង»។
អ្នកស្រីថា ប្រសិនបើរោងចក្រនេះមិនមានវិធានការចំពោះបញ្ហាទាំងនេះទេ នឹងមិនមានកម្មករណាអាចចូលធ្វើការនៅទីនោះទៀតឡើយ គឺមានតែកម្មករឈប់បន្តទៀត។
ដោយឡែកកម្មការិនីដែលកំពុងបម្រើការក្នុងរោងចក្រម្នាក់ទៀត សុំមិនឱ្យបញ្ចេញឈ្មោះ ឱ្យដឹងថា កញ្ញាបន្តទ្រាំអត់ធ្មត់មួយរយៈពេលទៀត ប៉ុន្តែប្រសិនបើនៅតែមានការគាបសង្កត់ពីសំណាក់ប្រធានផ្នែកមកលើកញ្ញា នោះកញ្ញានឹងឈប់ធ្វើការតែម្តង។ កញ្ញាចង់ឱ្យនៅក្នុងរោងចក្រ គប្បីផ្លាស់ប្ដូរនូវចំណុចអវិជ្ជមានមួយចំនួន ដើម្បីធានានូវសិទ្ធិសេរីភាពរបស់កម្មករឱ្យបានត្រឹមត្រូវ៖ «ខ្ញុំចង់ឱ្យរោងចក្រមានកណ្ដឹងរោទ៍មានអីអ៊ីចឹងទៅ កែប្រែច្បាប់ទម្លាប់ខ្លះៗអ៊ីចឹងទៅ ប៉ុន្តែខ្ញុំគិតថា ខ្ញុំម្នាក់ឯងធ្វើវាអត់កើតបង ហើយនឹងប្រៀបរឿងផ្ទៃក្នុងរបស់រោងចក្រ ហើយដល់ពេលយើងកម្មករចេះដឹងច្រើនអ៊ីចឹង អាងអីប្រើសិទ្ធិថាដកចោលហ្មងបង»។
ទាក់ទងបញ្ហានេះ ជំនួយការផ្នែករដ្ឋបាលរោងចក្រសាន់ស៊ូ លោក ប៊ៀន ធារ៉ា មានប្រសាសន៍ថា ខាងរដ្ឋបាលលោកមិនដែលប្រើសម្ដីមិនសមរម្យ និងគាបសង្កត់កម្មករឡើយ។ ចំណែកផ្នែកផ្សេងៗទៀត លោកមិនទាន់បានដឹងទេ។ លោកបន្តថា ពិតជាមានកម្មករសុំលាឈប់ជាបន្តបន្ទាប់មែន ហើយលោកតែងសួរនាំពីការឈប់របស់ពួកគាត់ទាំងនោះ តែមូលហេតុមិនពាក់ព័ន្ធនឹងបញ្ហានៅក្នុងកន្លែងធ្វើការទេ គឺជាមូលហេតុផ្ទាល់ខ្លួន។ ប៉ុន្តែ លោកជឿថា ពួកគាត់នៅលាក់បាំងការពិតមិនព្រមនិយាយ។ យ៉ាងណា លោកថានឹងមានវិធានការលើបញ្ហានេះ ប្រសិនបើដូចអ្វីដែលកម្មករលើកឡើងនោះ៖ «បាទៗៗ! ប្រសិនបើជាមានការគាបសង្កត់ពីសំណាក់ប្រធានក្រុមហ៊ុន ខាងរដ្ឋបាលខ្ញុំគឺជាអាជ្ញាកណ្ដាលទៅមើលបង។ អ៊ីចឹងមានការគាបសង្កត់ អ៊ីចឹងមានកម្មករមកប្តឹងផ្តល់ដល់ពួកខ្ញុំ។ អ៊ីចឹងខ្ញុំនឹងចុះទៅដល់កន្លែងគាត់ ដើម្បីស៊ើបសួរថាវាការពិតមែន ឬអត់ ហើយអាចណែនាំពួកគាត់មកអូហ្វីស (office)»។
លោកបន្ថែមថា ប្រសិនបើកម្មករមានបញ្ហាចោទឡើង គប្បីមកជួបជាមួយខាងរដ្ឋបាល ដើម្បីរកវិធីដោះស្រាយទាំងអស់គ្នា ជៀសវាងការបិទបាំងព័ត៌មានទាំងនោះ។ រោងចក្រសាន់ស៊ូ បានដាក់ដំណើរការកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ ដែលមានកម្មករប្រមាណ ៨០០នាក់។
ចំណែកមន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក ប៊ូ វីរៈ កត់សម្គាល់ថា នៅខេត្តកំពង់ចាម មានរោងចក្រមួយចំនួនបានគាបសង្កត់សិទ្ធិសេរីភាពកម្មករ ហើយលោកថា ការគាបសង្កត់ពីសំណាក់ថៅកែក្រុមហ៊ុន ឬតំណាងក្រុមហ៊ុន គឺវាផ្ទុយអំពីច្បាប់ការងារ។ លោកបន្ថែមថា ការគាបសង្កត់សិទ្ធិសេរីភាពកម្មករ គឺវាធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ ហើយវាក៏អាចប៉ះពាល់ដល់ស្ថានភាពសង្គមទៀតផង។ ដូចនេះ ភាគីពាក់ព័ន្ធ គប្បីគោរពទៅតាមច្បាប់ការងារឱ្យបានត្រឹមត្រូវ៕
ប្រភពពី វិទ្យុអាស៊ីសេរី