គណបក្សសង្គ្រោះជាតិបង្ហាញពីប្រាក់ខែលោក កឹម សុខា អនុប្រធានរដ្ឋសភា
មន្ត្រីគណបក្សប្រឆាំងម្នាក់បានរិះគន់តបចំពោះការអះអាងរបស់លោក កែម ឡី ស្ថាបនិក “ខ្មែរដើម្បីខ្មែរ” កាលពីសប្តាហ៍មុនដែលថា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិមានប្រាក់ខែ១៥.០០០ដុល្លារក្នុងមួយខែចាប់តាំងពីគណបក្សប្រឆាំងបានចូលសភាកាលពីខែសីហា។
លោក កែម ឡី ដែលបានផ្សព្វផ្សាយក្រុមកំណែទម្រង់ថ្មីរបស់ខ្លួននៅទូទាំងប្រទេសចាប់តាំងពីបង្កើតឡើងកាលពីថ្ងៃទី១៩ខែតុលាមកបានធ្វើការអះអាងនៅក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃព្រហស្បតិ៍ អំឡុងការពិភាក្សាអំពីការមិនមានសកម្មភាពកាលពីពេលថ្មីៗនេះរបស់គណបក្សសង្គ្រោះជាតិជាសាធារណៈ។
ជាការឆ្លើយតបលោក ហុីង សុខសាន្ត ប្រធានក្រុមយុវជនគណបក្សសង្គ្រោះជាតិដែលបានបម្រើការជាអគ្គលេខាធិការរងរដ្ឋសភាចាប់តាំងពីខែសីហាមក កាលពីម្សិលមិញបានបញ្ចេញឯកសារផ្លូវការមួយបញ្ជាក់ពីប្រាក់ខែរបស់លោក កឹម សុខា ក្នុងនាមជាអនុប្រធានរដ្ឋសភា។
យោងតាមឯកសារដែលចុះហត្ថលេខាដោយលោក មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភាកាលពីថ្ងៃទី២២ ខែសីហាឲ្យដឹងថា តាមពិតលោក កឹម សុខា មានប្រាក់ខែ៤,៧៣លានរៀល (ប្រហែល១.១៨០ដុល្លារ) និងប្រាក់ឧបត្ថម្ភផ្សេងៗសរុបចំនួន៤,៧៦លានរៀល (១.១៩០ដុល្លារ)។
ប្រាក់ឧបត្ថម្ភចំនួន១.១៩០ដុល្លារនេះត្រូវបានបែងចែកទៅលើការប្រើប្រាស់រថយន្តប្រហែល៥០០ដុល្លារ ហើយ៨៧,៥0ដុល្លារសម្រាប់អ្នកបើករថយន្ត ៣៥២,៥០ដុល្លារសម្រាប់ “បេសកកម្ម” ១៥០ដុល្លារសម្រាប់គាំពារសុខភាព និង១០០ដុល្លារសម្រាប់ “ជំនួយ” ហើយបូករួមបញ្ចូលគ្នាជាមួយប្រាក់ខែគោលរបស់លោក កឹម សុខា ចំនួន ១.១៨០ដុល្លារ ធ្វើឲ្យមានចំនួនដល់២.៣៧០ដុល្លារ។
តួលេខនេះគឺតិចជាងប្រាក់ខែរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាតែបន្តិចបន្តួចប៉ុណ្ណោះ ដែលសរុបចំនួន ២.៣៨៤ដុល្លារ។ សមាជិកសភាដែលមិនមានការទទួលខុសត្រូវក្នុងគណៈកម្មាធិការទទួលបានប្រាក់ខែ៩៧៥ដុល្លារ ប៉ុន្តែប្រាក់ឧបត្ថម្ភផ្សេងៗ (រួមទាំង៥០០ដុល្លារសម្រាប់ថ្លៃសាំង” ធ្វើឲ្យមានចំនួនដល់២.៦៥០ដុល្លារ។
លោក សុខសាន្ត បានមានប្រសាសន៍ថា លោក ហេង សំរិន និងលោក កឹម សុខា ទទួលបានប្រាក់បន្ថែមដាច់ដោយឡែកពីគ្នាចំនួន៥០០ដុល្លារក្នុងមួយខែសម្រាប់ថ្លៃសាំង។
លោក កែម ឡី ដែលអះអាងថា លោកមិនមានគម្រោងប្រែក្លាយក្រុម ” ខ្មែរដើម្បីខ្មែរ” របស់លោកឲ្យទៅជាគណបក្សប្រជែងជាមួយគណបក្សសង្គ្រោះជាតិនោះបានមានប្រសាសន៍កាលពីម្សិលមិញថា លោកប្រកាន់តាមការអះអាងរបស់លោក។ លោកបានមានប្រសាសន៍ថា ការិយាល័យរបស់លោក កឹម សុខា ទទួលបានប្រាក់កម្រៃបន្ថែមដែលសរុបចំនួន១៥.០០០ដុល្លារ។
លោកបានមានប្រសាសន៍ថា “ការគណនានេះគឺត្រឹមត្រូវ។ សម្រាប់អនុប្រធាន ឬប្រធានសភា ពួកគាត់មានអ្នកបើកបរយ៉ាងតិចម្នាក់ ហើយខ្ញុំមិនដឹងថា ពួកគាត់មានអង្គរក្សប៉ុន្មាននាក់ទេ”។ លោកបានមានប្រសាសន៍ថា ” នៅពេលយើងនិយាយទៅកាន់សាធារណជន យើងគ្មានពេលប្រកាសថា តើប្រាក់ខែសរុបប៉ុន្មាន ហើយកញ្ចប់សម្រាប់សមាជិកសភាម្នាក់ៗប៉ុន្មាននោះដែរ។ ខ្ញុំយល់ស្របថា ប្រាក់ខែសម្រាប់ម្នាក់ៗគឺតិច ប៉ុន្តែប្រសិនបើអ្នកគណនាពីកញ្ចប់វិញ វាច្រើន”។
លោក សុខសាន្ត បានមានប្រសាសន៍ថា ឯកសារដែលលោកបានចេញផ្សាយនិយាយពីប្រាក់កម្រៃទាំងអស់ដែលលោក កឹម សុខា ទទួលបាននៅសភា។ លោកបានមានប្រសាសន៍ថា “អ្វីដែលលោក កែម ឡី និយាយនោះគឺខុសទាំងស្រុង។ អ្វីដែលខ្ញុំចេញផ្សាយគឺជាឯកសារផ្លូវការដែលចុះហត្ថលេខាដោយប្រធានសភា”។ លោកបានបន្តថា អង្គរក្សរបស់លោក គឺជាការចំណាយរបស់លោកផ្ទាល់ ហើយមិនមានប្រាក់ខែពីសភាទេ។ ប្រសិនបើគាត់និយាយដូចនោះ គាត់គួរតែមានឯកសារ និងភ័ស្តុតាង”៕ សារុន
_______________________
ប្រភពព័ត៌មានពី៖ ខេមបូឌាដេលីខ្មែរ
ប្រភពព័ត៌មានពី៖ ខេមបូឌាដេលីខ្មែរ