ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ប្រមូល​ផ្ដុំ​គ្នា​នៅ​សាលា​ឃុំ​សុំ​ឲ្យ​អាជ្ញាធរ​បំភ្លឺ​រឿង​លក់​ដី​ព្រៃ​សហគមន៍

11/05/2014 0 Comments A+ a-

image (3)ពលរដ្ឋ​ប្រមាណ ៣០០​នាក់ នៅ​ឃុំ​ខ្នារឆ្មារ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ប្រមូល​ផ្ដុំ​គ្នា​ក្នុង​បរិវេណ​សាលា​ឃុំ​ខ្នារឆ្មារ នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ដើម្បី​ឲ្យ​អាជ្ញាធរ​បំភ្លឺ​រឿង​លក់​ដី​ព្រៃ​សហគមន៍ និង​គម្រោង​វាស់វែង​ដី​របស់​ក្រុមហ៊ុន​ឯកជន។
ក្រុម​ពលរដ្ឋ បាន​រំសាយ​ការ​ជួប​ជុំ​ទៅ​វិញ បន្ទាប់​ពី​អភិបាល​ស្រុក​សាមគ្គីមានជ័យ មក​ជួប​ពិភាក្សា​ជាង ២​ម៉ោង នៅ​ល្ងាច​ថ្ងៃ​ដដែល ប៉ុន្តែ​ពលរដ្ឋ​បង្ហើប​ថា លទ្ធផល​នៃ​ការ​បំភ្លឺ​របស់​អាជ្ញាធរ និង​ភូមិបាល​ស្រុក ហាក់​មិន​ទាន់​ច្បាស់​នៅ​ឡើយ។
ប្រតិកម្ម​របស់​ក្រុម​អ្នក​ភូមិ គឺ​បន្ទាប់​ពី​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រោង​ដាក់​ដី​ព្រៃ​ទំហំ​ជាង ៧០​ហិកតារ និង​ដី​ផ្នែក​ខ្លះ​នៅ​ក្បែរ​នោះ ចូល​ទៅ​ក្នុង​ប្លង់​ដី​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ ហ្សុង​ជាន​ជីន បៀន​ជីង​តេឈូ (Zhong Jian Jin Bian Jing Te Qu)។ ក្រុម​ពលរដ្ឋ​បញ្ជាក់​ថា បើ​ការ​វាស់វែង​ដំណើរ​ការ​មែន​នោះ ដី​ព្រៃ​សហគមន៍ និង​ដី​ស្រែ​ចម្ការ​កំពុង​បង្កបង្កើនផល​របស់​ពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​ភូមិ​អណ្ដូងត្រមូង នៃ​ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច និង​ភូមិ​ត្រដក់ពង នៃ​ឃុំ​ខ្នារឆ្មារ ស្រុក​សាមគ្គីមានជ័យ នឹង​ត្រូវ​ប៉ះពាល់។
តំណាង​ពលរដ្ឋ​ម្នាក់ លោក គង់ សុគុណ មាន​ប្រសាសន៍​ថា ក្រុម​ឈ្មួញ​បាន​ផ្ដល់​ប្រាក់​ចំនួន ២០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ ដល់​ពលរដ្ឋ​ភូមិ​ត្រដក់ពង នៃ​ឃុំ​ខ្នារឆ្មារ ជាង ៣០០​គ្រួសារ កាល​ពី​ដើម​ឆ្នាំ​២០១៤ ជា​ថ្នូរ​នឹង​ការ​លក់​ដី​ព្រៃ​សហគមន៍ ឬ​ដី​ព្រៃ​គីឡូ​ដែល​ពលរដ្ឋ​ចំនួន ៧​ភូមិ ក្នុង​ឃុំ​ធ្លាប់​អាស្រ័យ​ផល។ ចំណែក​ដី​នៅ​ក្បែរ​នោះ ត្រូវ​ក្រុម​ឈ្មួញ​ដើរ​ទិញ​ចោះៗ ប៉ុន្តែ​គ្រោង​វាស់វែង​ទាំង​ដី​ដែល​ពលរដ្ឋ​មិន​ទាន់​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន៖ «បាទ! គោល​បំណង​របស់​ពលរដ្ឋ​ទី​១ គាត់​សួរ​បញ្ជាក់​ឲ្យ​ដឹង​ពី​ព្រំ​ប្រទល់​ដី​ច្បាស់​លាស់ ពាក់ព័ន្ធ​នឹង​ដី​ព្រៃ​គីឡូ (ដី​ព្រៃ​សហគមន៍) និង​ដី​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ព្រៃ​គីឡូ​ហ្នឹង​ផង។ សកម្មភាព​ប្រាំង​មិញ​មុន​យើង​ស្ទូង ការ​បាញ់​ថ្នាំ​ក្រហម​វា​ហួស​ដី​ព្រៃ​គីឡូ​ហ្នឹង​ទៀត ដែល​ផ្អើល​ហ្នឹង»
ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​សាមគ្គីមានជ័យ លោក វន ស៊ីផា ថ្លែង​បញ្ជាក់​ថា ដី​ព្រៃ​គីឡូ គឺ​មិន​ស្ថិត​នៅ​ក្នុង​គម្រោង​វាស់វែង​របស់​ក្រុមហ៊ុន​នោះ​ទេ ប៉ុន្តែ​នឹង​ត្រូវ​វាស់វែង​ទៅ​លើ​ដី​ដែល​ពលរដ្ឋ​បាន​លក់​នៅ​ក្បែរ​នោះ។ លោក​ថា ផ្ទៃ​ដី​របស់​ក្រុមហ៊ុន​មាន​ទំហំ​ធំធេង​មិន​ទាន់​កំណត់​ច្បាស់​លាស់ តែ​ការ​វាស់វែង​របស់​ក្រុមហ៊ុន​នា​ថ្ងៃ​ខាង​មុខ នឹង​ពុំ​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ដោយ​ពលរដ្ឋ​គ្រាន់​តែ​មិន​ផ្ដិត​មេដៃ​ទទួល​ស្គាល់​ព្រំ​ដី ប្រសិន​បើ​មាន​ដី​ប៉ះពាល់ ឬ​មិន​ទាន់​លក់ ហើយ​លោក​នឹង​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី៖ «ដី​ធំ​ដី​ច្រើន (ច្រើន​កន្លែង) យើង​អត់​ទាន់​ដឹង​កំណត់​ទំហំ​ប៉ុន្មាន​ទេ ព្រោះ​គេ​សុំ​វាស់ អ៊ីចឹង​ទាល់​តែ​ចុះ​ទៅ​ពិនិត្យ​សិន​បាន​ដឹង​ទំហំ​ច្បាស់​លាស់។ បើ​ប៉ះ​ដី​គាត់ គាត់​កុំ​ព្រម ហើយ​ខ្ញុំ​និយាយ​ប្រាប់ ខ្ញុំ​អ៊ីចឹង​ថា​ខ្ញុំ​នៅ​ខាង​ប្រជាពលរដ្ឋ ដូចជា​ថា​បំពាន​ប្រាប់​ខ្ញុំ​ទៅ​ខ្ញុំ​អាច​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ឲ្យ​ខ្ញុំ​ទៅ​ហែ​បាតុកម្ម​តវ៉ា​ខ្ញុំ​មិន​ចូលរួម​ទេ ប៉ុន្តែ​ចរចា ខ្ញុំ​នឹង​ចរចា»
នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​អភិបាល​ស្រុក​សាមគ្គីមានជ័យ លោក វន ស៊ីផា ចុះ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៤ បញ្ជាក់​ថា ក្រុម​មន្ត្រី​ជំនាញ​នឹង​ចុះ​កំណត់​ព្រំ វាស់វែង និង​បំពេញ​ទម្រង់​បែបបទ​នៃ​ការ​ប្រមូល​ទិន្នន័យ​ក្បាល​ដី តាម​ការ​ស្នើសុំ​របស់​ក្រុមហ៊ុន ដែល​មាន​ព្រំ​ប្រទល់​ខាង​ជើង​ទល់​នឹង​ផ្លូវ​រទេះ ខាង​ត្បូង​ទល់​នឹង​អូរ ខាង​កើត​ទល់​អូរ និង​ខាង​លិច​ទល់​នឹង​ផ្លូវ​លំ ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ សេចក្ដី​ជូន​ដំណឹង​បន្ត​ថា សាមី​អ្នក​ស្នើសុំ​ចុះ​បញ្ជី​ដី អ្នក​មាន​ដី​ជាប់​ព្រំ និង​ជន​ដែល​មាន​ការ​ពាក់ព័ន្ធ​ក្បាល​ដី​ស្នើសុំ​ចុះ​បញ្ជី​នេះ ត្រូវ​បង្ហាញ​ខ្លួន​នៅ​ទីតាំង​ដី​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ វេលា​ម៉ោង ១០​ព្រឹក ដើម្បី​បំពេញ​បែបបទ ឬ​ជំទាស់​តវ៉ា​តាម​គោលការណ៍ និង​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​ធរមាន៕
ប្រភពពី វិទ្យុអាស៊ីសេរី