សហគមន៍ចោទថាវៀតណាមមកកាប់ឈើសេរីនៅរតនគិរី
ឈ្មួញឈើវៀតណាមឈ្មោះ ថាញ់ ថែវ បាន បានដឹកនាំកម្មករវៀតណាមចំនួន ៦ នាក់ឆ្លងដែនចូលមកក្នុងទឹកដីខ្មែរ ដើម្បីលួចកាប់ឈើប្រណីតប្រភេទធ្នង់នៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី។ រីឯជនជាតិវៀតណាម ម្នាក់ទៀតដែលគេហៅថា យាយយ៉ាកឺ គឺជាថៅកែប្រមូលទិញឈើក្នុងទឹកដីខ្មែរផង និងបញ្ជូនកម្មករវៀតណាមឲ្យលួចកាប់ឈើប្រណីតធ្នង់ផងដែរ។ នេះបើយោងតាមការអះអាងពីអង្គការអាដហុកខេត្តរតនគិរី និង សហគមន៍ជនជាតិភាគតិច។
អ្នកសម្របសម្រួលអង្គការអាដហុក លោក ឆាយ ធី បញ្ជាក់ថា៖ «ពួកវៀតណាម បានប្រើកាណូតឆ្លងកាត់ទន្លេសេសានចូលមកដីខ្មែរត្រង់ ភូមិតាំងសេ កាប់ឈើហើយប្រមូលដាក់ឡាននៅច្រាំងទន្លេដឹកឆ្លងទៅត្រើយម្ខាងក្នុងទឹកដីវៀតណាមដែលគេហៅ ឡាងប៊ី»។
លោកបន្តថា សកម្មភាពកាប់និងដឹកឈើនោះធ្វើឡើងចាប់ពីម៉ោង ៤ រសៀលរហូតរំលងអធ្រាត្រ។
ជនជាតិដើមភាគតិចចារ៉ាយអាយុ ៤៤ឆ្នាំ បានអះអាងកាលពីម្សិលមិញថា ពួកលោកបានចូលព្រៃទៅរកកាប់ឈើសង់ផ្ទះ ប៉ុន្តែមិនឃើញមានឈើសេសសល់អាចកាប់បានទេ ព្រោះជនជាតិវៀតណាមឆ្លងដែនចូលមកលួចកាប់យូរហើយ នៅតំបន់ព្រំដែន តាមបណ្តោយទន្លេសេសាន ស្ថិតក្នុង ឃុំញ៉ាង ស្រុកអណ្តូងមាស នេះ។
ប្រជាសហគមន៍រូបនេះបានថ្លែងថា៖ «អ្នកក្ររកឈើធ្វើផ្ទះលែងបានហើយ។ បើចូលព្រៃឃើញតែគល់ឈើស្នាមគេកាប់ និងគំនរឈើ សុក្រំ ស្រឡៅ កកោះ ប្រវែង ៣-៤ ម៉ែត្រ។
ពួកវៀតណាមយប់ៗលួចចូលមកកាប់និងដឹកតាមទូកទៅដីគេ»។
លោកបន្ថែមថា ពួកអ្នកលួចកាប់ឈើទាំងនោះបានសង់ខ្ទមប្រក់តង់ពណ៌ខៀវជាច្រើននៅត្រើយម្ខាងនៃទន្លេសេសានក្នុងទឹកដីគេ ហើយពេលយប់ក៏ធ្វើ សកម្មភាពជិះទូកឆ្លងមកត្រើយម្ខាងទៀតដើម្បីកាប់ឈើក្នុងដីខ្មែរ។ លោកអះអាងថា កាលពីមុនពួកគេបានបោះតង់ក្នុងដីខ្មែរ ប៉ុន្តែប្រជាសហគមន៍បានដេញពួកគេចេញ។
លោកបានថ្លែងដូច្នេះថា៖ «បើមិនជឿទេ ទៅមើលទៅវាយ៉ាងម៉េច? រលាយអស់ហើយ គ្មានឃើញអ្នកណាចាប់ទេ។ មិនដឹងថា អាជ្ញាធរដឹងឬអត់ទេ បើមិនដែលឃើញទៅចាប់នោះ»។
លោក នង ដារិទ្ធិ អភិបាល ស្រុកអណ្ដូងមាស បានបដិសេធទាំងនៅមិនទាន់បានស្រាវជ្រាវផងថា មិនមានបទល្មើសកើតឡើង ដូចការអះអាងរបស់ប្រជាសហគមន៍និងសង្គមស៊ីវិលលើកឡើងនោះទេ។
លោកអភិបាលបានថ្លែងថា៖ «អត់មានទេ ចេះតែរាយការណ៍ទេ។ នគរបាលព្រំដែនមិនមែនភ្លើ [ឲ្យគេចូលកាប់ទេ]»។
ទាក់ទងទៅនឹងជំនួញឈើនេះដែរ លោក ឆាយ ធី ក៏បានឲ្យដឹងដែរថា បច្ចុប្បន្ននេះមានឈ្មួញជនជាតិវៀតណាមជាច្រើនបាននិងកំពុងប្រមូលទិញឈើក្នុង ក្រុងបានលុង និងពីស្រុកដទៃទៀត ហើយដឹកតាមរថយន្តក្រុងនិងរថយន្តទេសចរណ៍ឆ្លងដែនទៅ ប្រទេសវៀតណាម ដោយគ្មានការទប់ស្កាត់ពីមន្រ្តីមានសមត្ថកិច្ចទេ។
លោក ឆាយ ធី បញ្ជាក់ថា៖ «យ៉ាងហោចមួយថ្ងៃ ក៏មានឡានទេសចរណ៍និងឡានក្រុងវៀតណាម ៥ គ្រឿងដែរដែលបន្លំដឹកឈើតាមច្រកអូរយ៉ាដាវ ទៅវៀតណាមនោះ។ ឈ្មួញទិញហើយមានកន្លែងស្តុកទុក ឬជួនកាលដឹកតាមម៉ូតូទៅដាក់ឡានក្រុង ដែលភាគច្រើនដឹកចេញពេលព្រឹក»។
លោកបន្ថែមថា ចំពោះតម្លៃទិញវិញមិនត្រូវបានគេដឹងនោះទេ ប៉ុន្តែវាខ្ពស់ជាងលក់ឲ្យឈ្មួញក្នុងស្រុក ហើយ សកម្មភាពឈ្មួញវៀតណាមចូលទិញឈើនេះ ធ្វើឲ្យឈ្មួញក្នុងស្រុកពិបាករកស៊ី។ លើសពីនោះ រថយន្តដឹកទំនិញជនជាតិខ្មែរ មិនត្រូវបានវៀតណាមអនុញ្ញាតឲ្យដឹកឆ្លងដែនចូលទេ គឺគេតម្រូវឲ្យទម្លាក់ត្រឹមព្រំដែន។ ប៉ុន្តែបើឡានវៀតណាមវិញអាចចេញចូលសេរីតែម្តង។
លោក ម៉ឹង ស៊ីនាថ មន្ដ្រីព័ត៌មានសាលា ខេត្តរតនគិរី បានឲ្យដឹងថា សាលាខេត្តមិនទាន់បានទទួលរបាយការណ៍ណាមួយពាក់ព័ន្ធទៅនឹងសកម្មភាពទិញនិងដឹកឈើឆ្លងទៅ ប្រទេសវៀតណាម នេះទេ។ ទោះយ៉ាងណា នៅក្នុងខេត្តមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលត្រួតពិនិត្យបទល្មើសជាប្រចាំ ហើយលោកអភិបាលខេត្តក៏តែងលើកឡើងនិងដាស់តឿន ដល់មន្រ្តីជំនាញពីការបង្រ្កាបបទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗក្នុងខេត្តផងដែរ។
បន្ទាប់ពីមានសេចក្តីរាយការណ៍ពីបទល្មើសព្រៃឈើនៅក្នុងទឹកដីខ្មែរជិតតំបន់ព្រំដែនដែលបង្កឡើងដោយជនជាតិវៀតណាមនោះ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានធ្វើការស្រាវជ្រាវហើយបានឃាត់ខ្លួនអ្នកកាប់ឈើខុសច្បាប់ជនជាតិវៀតណាម ចំនួន ៥នាក់ រួមនឹងម៉ាស៊ីនអារឈើចំនួនពីរគ្រឿង ហើយនិងឈើមួយចំនួនទៀត កាលពីសប្តាហ៍មុនស្ថិតក្នុង ឃុំសេសាន ស្រុកអូរយ៉ាដាវ។
លោក សួស ឡា ប្រធានតុលាការ ខេត្តរតនគិរី បានឲ្យដឹងថា ជនជាតិវៀតណាម ទាំង ៥នាក់ នោះត្រូវចោទនិងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ក្រោមការចោទប្រកាន់ពីប្រើប្រាស់រណារយន្តគ្រប់ប្រភេទមកប្រមូលផលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍