មន្ត្រីធ្វើអត្តសញ្ញាណប័ណ្ណនៅខេត្តពោធិ៍សាត់រងការចោទថាប្រព្រឹត្តអំពើពុករលួយ
ប្រជាពលរដ្ឋរស់នៅឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ចោទអាជ្ញាធរឃុំ និងស្រុកនេះថា បានប្រព្រឹត្តអំពើពុករលួយ ក្នុងសកម្មភាពធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋតាមមូលដ្ឋាន។ ប៉ុន្តែអាជ្ញាធរ បដិសេធការចោទប្រកាន់នេះ រួចអះអាងថា ក្រុមការងារចុះធ្វើអត្តសញ្ញាណប័ណ្ណបានផ្ដល់សេវាយ៉ាងត្រឹមត្រូវ និងមិនយកប្រាក់លើសពីតម្លៃកំណត់ឡើយ។
បើទោះបីជាមានការអះអាងបែបនេះរបស់អាជ្ញាធរ ប៉ុន្តែពលរដ្ឋបានតាមដាន និងចង្អុលបង្ហាញចំៗទៅលើភាពលម្អៀង ឬពុករលួយរបស់អាជ្ញាធរ ពេលចុះធ្វើអត្តសញ្ញាណប័ណ្ណនៅឃុំកញ្ជរ រយៈពេលប៉ុន្មានថ្ងៃមកនេះ។ អ្នកធ្វើភាគច្រើន បានចំណាយប្រាក់លើសតម្លៃដែលកំណត់ដោយក្រសួងមហាផ្ទៃ គឺ ១ម៉ឺនរៀល។ ពួកគេផ្ដល់ប្រាក់ក្រៅផ្លូវការចំនួន ៥ពាន់រៀលដល់មន្ត្រីសមត្ថកិច្ចដែលបានសរសេរបំពេញសលាកបត្រ ហើយបើចង់ប្រញាប់ជាងនេះទៀតនោះ គឺត្រូវចំណាយប្រាក់លើសពីនេះទើបបាន។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិអូរអណ្ដែត លោក យ៉ា ម៉ានីន មានប្រសាសន៍ថា ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ លោកបាននាំកូនចំនួនពីរនាក់ ទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅឃុំកញ្ជរ តាំងពីព្រឹក ស្រាប់តែដល់លេខរៀងទី៨ និងទី៩ ដែលជាឈ្មោះកូនរបស់គាត់ បែរជាអធិការរងស្រុកកណ្ដៀង លោក អ៊ុន ស៊ី ផ្អឹបឈ្មោះកូនរបស់លោកទាំងពីរនាក់ទុកម្ដុំសិន ហើយចាប់យកឈ្មោះអ្នកផ្សេងមកបញ្ចូលទិន្នន័យ និងឲ្យថតរូបមុនទៅវិញ។ លោកថា ការចាប់យកឈ្មោះអ្នកផ្សេងមកធ្វើមុននេះ គឺដោយសារតែមេប៉ុស្តិ៍ឃុំកញ្ជរ ឈ្មោះ ថាន បានយកអត្រានុកូលដ្ឋានភ្ជាប់ប្រាក់ចំនួន ២ម៉ឺនរៀល ទៅប្រគល់ឲ្យលោកអធិការរងរូបនោះ ហើយសកម្មភាពនេះលោកបានឃើញផ្ទាល់ភ្នែក៖ «ខ្ញុំនាំកូនមកផ្ទះវិញ ខ្ញុំថាអត់ថតទេ អ៊ុន ស៊ី ហ្នឹង គេថាអ៊ីចឹងបងប្អូនវាចាំថតពេលថ្ងៃទាំងពីរនាក់ទៅ។ ខ្ញុំថាអត់ឲ្យមកថតទេ ឈប់ថតហើយ វាមិនដែលអាណាសរសេរលេខរៀងដាក់ឲ្យថតមុនហើយ ដល់ពេលអាអ្នកមកក្រោយយកលុយមកដាក់ ឲ្យថតមុនអ៊ីចឹង វាអត់ត្រូវទេ អយុត្តិធម៌។ ខ្ញុំសូមឲ្យខាងក្រសួងមហាផ្ទៃ បានឮ ហើយក៏សូមជួយធ្វើអន្តរាគមន៍ទៅដល់ អ៊ុន ស៊ី កុំឲ្យមានគំនិតពុករលួយ។ ប្រជាពលរដ្ឋគ្នាក្រីក្រណាស់»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អធិការរងស្រុកកណ្ដៀង លោក អ៊ុន ស៊ី ថ្លែងបដិសេធថា លោកមិនយកលុយនោះទេ ហើយការដែលបញ្ចូលទិន្នន័យ ឬអនុញ្ញាតអ្នកផ្សេងថតរូបមុននោះ គឺឈ្មោះនោះបានមកធ្វើតាំងពីថ្ងៃទី២៤ ខែវិច្ឆិកា ប៉ុន្តែម៉ាស៊ីនសម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណខូច មិនអាចបញ្ចូលទិន្នន័យ និងមិនទាន់ថតរូបអ្នកនោះ ទើបយកមកបញ្ចូលទិន្នន័យនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា៖ «ពីម្សិលមួយថ្ងៃអ៊ីចឹង គេបំពេញបែបបទបាន ៣០នាក់អ៊ីចឹង អាហ្នឹងយើងធ្វើឲ្យគេមុន ហើយដល់គាត់ទើបម្សិលមិញ ឬព្រឹកមិញ អាហ្នឹងគាត់បន្តបន្ទាប់លេខរៀងក្រោយអ៊ីចឹងទៅណាបង។ យើងអត់មានទៅទារអីគាត់ទេ។ ឥឡូវនេះបងប្អូនមកធ្វើម៉ាគគោកនេះ ខ្ញុំអត់បានទៅទារប្រាក់ទារស្អីពីបងប្អូនទេ ប៉ុន្តែក្រែងលោគាត់ថាអ៊ីចេះអ៊ីចុះអ៊ីចឹងទៅ ឬជិតដល់ឈ្មោះគាត់ ហើយគាត់ឲ្យលុយគេ អាហ្នឹងជារឿងមួយរបស់គាត់ អត់មានទៅឲ្យក្រុមការងារខ្ញុំទាមទារគំរាមយកប្រាក់ពីគាត់ទេ»។
លោកបញ្ជាក់ថា ក្រុមការងារលោក បានចុះធ្វើអត្តសញ្ញាណប័ណ្ណនៅឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ រយៈពេលជាងពីរសប្ដាហ៍មកហើយ ប៉ុន្តែអ្នកចូលមកធ្វើនៅតែមានចំនួនច្រើនក្នុងមួយថ្ងៃៗ ដោយឃុំនេះមានរហូតដល់ ១៧ភូមិ។ ម្យ៉ាង ម៉ាស៊ីនសម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណនោះតែងតែខូច ដែលអាចធ្វើឲ្យក្រុមការងាររបស់លោក ចំណាយពេលជាច្រើនខែទៀត ទើបអាចធ្វើចប់។
តម្លៃធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវបានកំណត់ដោយក្រសួងមហាផ្ទៃ គឺ ១សន្លឹកតម្លៃ ១ម៉ឺនរៀល ហើយរយៈពេលនៃការចេញអត្តសញ្ញាណប័ណ្ណឲ្យប្រើប្រាស់នោះ គឺប្រហែលបីខែ។ សកម្មភាពចុះធ្វើអត្តសញ្ញាណប័ណ្ណនៅតាមមូលដ្ឋាន តែងតែមានការត្អូញត្អែរពីពលរដ្ឋ អំពីភាពមិនប្រក្រតី និងពុករលួយរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលមានកាតព្វកិច្ចចុះធ្វើជូនពួកគាត់នោះ៕
ប្រភពពី វិទ្យុអាស៊ីសេរី