លោក កឹម សុខា៖ កុំយកការចាប់ខ្លួនសកម្មជនបក្សធ្វើជាថ្នូរក្នុងការបង្កើតគជបថ្មី
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១នៃរដ្ឋសភា អះអាងថា រដ្ឋាភិបាលមិនអាចយកការចាប់ខ្លួនសកម្មជននយោបាយរបស់ខ្លួន ធ្វើជាថ្នូរក្នុងការដោះដូរលើការបន្ធួរបន្ថយក្នុងការបង្កើតស្ថាប័នគជបថ្មីនោះទេ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងជាអនុប្រធានទី១នៃរដ្ឋសភាផង។ លោកថ្លែងដូច្នេះនៅបន្ទាប់ពីលោកបានទៅសួរសុខទុក្ខលោក មាជ សុវណ្ណារ៉ា នៅពន្ធនាគារព្រៃសម១ នៅរសៀលថ្ងៃទី១៧វិច្ឆិកា។ លោកអះអាងថា លោកបានផ្ដែផ្ដាំក្រុមការងាររបស់គណបក្សសង្គ្រោះជាតិជួបគ្នាបន្តទៀតពិភាក្សាលើការបង្កើតគជបថ្មីនេះ ត្រូវឈរលើ គោលជំហររបស់គណបក្សរៀងៗខ្លួនមិនជាប់ពាក់ព័ទ្ធនឹងការចាប់ខ្លួននេះទេ។ សំឡេង
លោក កឹម សុខា អះអាងថា ក្រសួងមហាផ្ទៃបានបញ្ជួនលិខិតរបស់លោក សម រង្ស៊ី ដែលដាក់ទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំឲ្យដោះលែង អ្នកដែលតុលាការចាប់ខ្លួននោះ ឥលូវនេះក្រសួងមហាផ្ទៃ បានផ្ញើទៅក្រសួងយុត្តិធម៌ហើយ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងដូចគ្នាថា លិខិតស្នើសុំនោះ ក្រសួងមហាផ្ទៃបានផ្ញើទៅក្រសួងយុត្តិធម៌រួចហើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌បាននៅឡើយទេ នៅថ្ងៃទី១៧វិច្ឆិកា។
ទោះបីជាយ៉ាងនេះក្ដី ការចាប់ខ្លួនសកម្មជនគណបក្សនយោបាយនេះ អ្នកវិភាគលើកឡើងថា អាចជាប់ពាក់ព័ន្ធនឹងការបង្កើតសេចក្ដីព្រាងច្បាប់ស្ដីពី ការរៀបចំនិងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពីព្រោះនៅមុនពេលគណបក្សទាំងចរចាដើម្បីបញ្ចប់វិបត្តិនយោបាយកាលពីថ្ងៃទី២២កក្កដានោះក៏មានសកម្មភាពចាប់ខ្លួនអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួនដែរ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោក បណ្ឌិត សុខ ទូច គាំទ្រការលើកឡើងរបស់លោក កឹម សុខា ដែលថា មិនយកករណីចាប់ខ្លួនសកម្មជនគណបក្សរបស់ ខ្លួនជាថ្នូរដោះដូររបស់ខ្លួននោះ ព្រោះថាការបង្កើតស្ថាប័នគជបថ្មីជាកត្តាទប់ស្កាត់មិនឲ្យមានជម្លោះនយោបាយក្រោយពេលបោះឆ្នោតឆ្នាំ២០១៨។ សំឡេង
ភរិយាលោកមាជ សុវណ្ណរ៉ា អ្នកស្រី ជេម៉ី មាជ មានប្រសាសន៍នៅក្រៅពន្ធនាគារព្រៃស ដោយប្ដេជ្ញាចិត្តថា បើសិនជារដ្ឋាភិបាលចាប់ខ្លួនស្វាមីអ្នកស្រី ធ្វើជាចំណាប់ខ្មាំងនយោបាយមែននោះ អ្នកស្រីមិនតក់ស្លុតអ្វីទេ ដើម្បីដោះដូរឲ្យប្រទេសជាតិមានស្ថានភាពប្រសលើឡើងវិញ។ សំឡេង
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ វិច្ឆិកា បានចាប់ឃុំខ្លួនលោក មាជ សុវណ្ណារ៉ា ជាខ្មែរ-អាមេរិកាំង និងជាប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ ក្រោមបទចោទប្រកាន់ផ្ដើមគំនិតហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងដឹកនាំចលនាកុបកម្ម។ បើសិនជាតុលាការរកឃើញថា លោកពិតជាមានទោសមែន លោក មាជ សុវណ្ណារ៉ា នឹងអាចជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ។
មកទល់ពេលនេះ តុលាការបានចាប់ខ្លួនសកម្មជនគណបក្សនយោបាយ សកម្មជនដីធ្លី ព្រះសង្ឃ រួមទាំងលោក មាជ សវណ្ណារ៉ា ផង មានចំនួន១៧នាក់ហើយ។
មេធាវីរបស់លោក មាជ សុវណ្ណារ៉ា មួយរួប គឺលោក ហែម សុជាតិ ក្នុងចំណោមមេធាវី២រួបផ្សេងទៀត របស់លោក មាជ សុវណ្ណារ៉ា ឲ្យដឹងថា នៅរសៀលថ្ងៃទី១៧វិច្ឆិកានេះ នៅក្រោយពេលលោក កឹម សុខា បានជួបលោក មាជ សុវណ្ណារ៉ា លោកក៏បានទៅសុំចូលសួរសុខទុក្ខកូនក្ដីរបស់លោក តែអនុរក្សពន្ធនាគារមិនអនុញ្ញាតឲ្យលោកចូលជួបលោក មាជ សុវណ្ណារ៉ាទេ។
លោក ហែម សុជាតិ អះអាងថា ដោយសារតែលោកជាមេធាវីដែលលោក មាជ សុវណ្ណារ៉ា ទើបពឹងពាក់កាលពីសប្ដាហ៍មុន ដូច្នេះលោកទៅចង់ទៅសួរនាំកូនក្ដីរបស់លោកក្នុងករណី ដែលតុលាការចោទប្រកាន់នេះ។
លោក ហែម សុជាតិ បញ្ជាក់ថា ការមិនអនុញ្ញាតឲ្យលោកចូលជួបកូនក្ដីរបស់លោកនេះ ជារឿងខុសច្បាប់ បើសិនជាមន្ត្រីពន្ធនាគារនៅតែមិនអនុញ្ញាតឲ្យលោកចូលជួបលោក មាជ សុវណ្ណារ៉ាទេ លោកនឹងដាក់ពាក្យប្ដឹងទៅក្រសួងយុត្តិធម៌៕
ប្រភពពី វិទ្យុអាស៊ីសេរី