អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​រារាំង​មិន​ឲ្យ​ផ្តល់​អំណោយ​ផ្ទាល់​ដៃ ដល់​កីឡាករ​អុំ​ទូក​​ដែលមិន​ដាក់​ឈ្មោះ​សែន​ជ័យ​​

11/08/2014 0 Comments A+ a-

kdamprai_boat-03-2014-11-07សប្បុរសជន​មួយក្រុម​ខកចិត្ត​នឹង​អាជ្ញាធរ ដែល​រារាំង​ពួកគេ​មិន​ឲ្យ​ចុះចែក​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន​ដោយ​ផ្ទាល់​ដៃ ដល់​កីឡាករ​ទូកង​មួយគ្រឿង មកពី​ខេត្ត​កំពង់ឆ្នាំង ដែល​ពួកគេ​អះអាងថា មក​ពី​ទូក​នោះ​មិន​មាន​ដាក់​ពាក្យ​ថា សែន​ជ័យ​។​
ទូកង​ជាង​២០០​ទូក ដែល​មាន​ឈ្មោះ​ចូល​ប្រកួតប្រជែង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០១៤​នេះ មាន ជិត​៦០% បាន​ដាក់​ឈ្មោះ​ដែល​មាន​ពាក្យ​តេជះ ឬ​សែន​ជ័យ​។ ចំណែក​ទូក​មួយ​មក​ពី​ស្រុក​កំពង់ត្រឡាច​ខេត្ត​កំពង់ឆ្នាំង ដាក់​ឈ្មោះ​បែប​សាមញ្ញ​ថា “​ក្តាម​ប្រៃ​”​។​
​ព្រះសង្ឃ​មួយ​អង្គ ក្នុង​ចំណោម​ក្រុម​ការងារ​ជាច្រើន​ទៀត ដែល​ចុះ​ចែក​អំណោយ​ដល់​កីឡាករ អុំ​ទូកង ឈ្មោះ​ក្តាមប្រៃ ព្រះនាម ណុប វណ្ណី មាន​ថេរ​ដីកា​ថា ក្រុមការងារ​ព្រះអង្គ​បាន​ចុះ​ចែក​អំណោយ​ដល់​ក្រុម​កីឡាករ​ក្តាមប្រៃ​នេះ ២​ថ្ងៃ​ជាប់ៗ​គ្នា​មក​ហើយ ប៉ុន្តែ​ព្រះអង្គ​ថា ទើបតែ​នៅ​ថ្ងៃទី​៣ ត្រូវ​នឹង​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ ទើប​គណៈកម្មការ​រៀប​ចំ​បុណ្យអុំទូក ខេត្ត​កំពង់ឆ្នាំង ដែល​បោះ​ទីតាំង​នៅ​សាលាបឋមសិក្សា​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ មិន​អនុញ្ញាតិ​ឲ្យ​ចុះ​ចែក​អំណោយ ដោយ​តម្រូវ​ឲ្យ​យក​អំណោយ​ទាំងនោះ​ទៅ​ប្រគល់​តាមរយៈ​គណៈកម្មកា​រ​វិញ​។
ព្រះអង្គ​យល់ថា វិធានការ​របស់​អាជ្ញា​ធរ​នេះ ជា​ការរើសអើង​ដើម្បី​កេងចំណេញ​ឲ្យ​បក្ស​នយោបាយ​ណាមួយ និង​អាច​ជា​ចេតនា​ចង់​ប្រព្រឹត្តិ​អំពើពុករលួយ លើ​ជំនួយ​មនុស្សធម៌​នេះ​។ លោក​ថា «​ទូក​គេ​ផ្សេង ទូក​គេ​ភាគច្រើន​ត្រកូល​សែន​ជ័យ ទូក​គេ​សុទ្ធ​មេៗ​ធំៗ​គ្រប់គ្រង​តែម្តង ឧកញ៉ា មន្ត្រី​ធំៗ​គេ​អ្នកការពារ អ្នក​ឧបត្ថម្ភ​។ ពួកគាត់​ប្រកួត​នេះ ប្រកួត​យក​កិត្តិយស​ជូន​ភូមិ​គាត់ បើ​ថា​ទៅ​ប្រជែង​យក​កិត្តិយស​ជាមួយ​គេ ទូក​គេ​អ្នកធំៗ​គឺ​ទៅ​មិន​រួច​ទេ​។ ទូក​នេះ​អត់​មាន​អ្នកឧកញ៉ា ឯកឧត្តម​ណា​គ្រប់គ្រង​ផង​ហ្នឹង ពេល​គាត់​មក គាត់​រៃ​អង្ករ​ពី​ប្រជាពលរដ្ឋ​ម្នាក់​២-៣​គីឡូ​ឲ្យ​កីឡា​គាត់​អ្នក​អុំ​ហ្នឹង​»​។​
VOD មិន​អាច​រក​ការបំភ្លឺ​ពី​អ្នក​ទទួលខុសត្រូវ​ដែល​ចុះ​រារាំង បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​សុក្រ​នេះ ប៉ុន្តែ​ពលរដ្ឋ​ដែល​ស្ថិត​នៅក្នុង​ហេតុការណ៍​រារាំង​នោះ អះអាងថា អាជ្ញាធរ​បារម្ភ​ថា ចំណីអាហារ ដែល​ក្រុមការងារ ឧបត្ថម្ភ​ឲ្យ​កីឡាករ​ផ្ទាល់ដៃ​នោះ ខ្លាច​មាន​ជាតិពុល ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​កីឡាករ​ពេល​កំពុង​ប្រកួត​។​
​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច ពន្យល់ថា មិន​ជា​ការចម្លែក​ទេ​ដែល​អាជ្ញាធរ​ខ្មែរ​ធ្វើ​កិច្ចការ​ភ្ជាប់​នឹង​ការ​កេងចំណេញ​នយោបាយ ហើយ​វា​តែងតែ​ជួប​បញ្ហា​សម្រាប់​អ្នក​មិន​សម្រប​ខ្លួន​តាម​ការចង់បាន​របស់​អាជ្ញាធរ​។ លោក​បញ្ជាក់ថា «​ក្តាមប្រៃ​ហ្នឹង​បើ​ឈ្នះ​មែន វា​នឹង​បង្ហាញ​ពី​ការ​សាមគ្គី​របស់​ប្រជាជន​កម្ពុជា ដែល​មិន​ចំណុះ​ឲ្យ​អ្នក​នយោបាយ ហើយ​ចង់​បង្ហាញថា ប្រជាជន​នៅ​កម្ពុជា​ការរួម​គ្នា វា​ខ្លាំង​ជាង​ការប្រើប្រាស់​អំណាច​»​។​
​យ៉ាងនេះ​ក្តី​កីឡាករ​អុំ​ទូកង ឈ្មោះ​ក្តាមប្រៃ អះអាងថា ទូក​ដែល​មិន​មាន​ពាក្យ​ថា សែន​ជ័យ នេះ បានឈ្នះ​បី​ប្រកួត​ជាប់ៗ​គ្មា រយៈពេល​៣​ថ្ងៃនេះ នៅសល់​តែ​មួយ​ប្រកួត​ទៀត ជា​ការប្រកួត​ផ្តាច់ព្រ័ត្រ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​៕
ប្រភពពី vodhotnews.com