ពលករ​នៅ​កូរ៉េ​ប្រតិកម្ម​ចំពោះ​មន្ត្រី​ទូត​ខ្មែរ​ដែល​ចង់​ចាប់​បញ្ជូន​អ្នក​គាំទ្រ​បក្ស​ប្រឆាំង

11/08/2014 0 Comments A+ a-

ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​ចង់​ចាប់​ខ្លួន​អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​នោះ។
199902D9-9893-4358-932E-693884A6070B_cx0_cy3_cw0_mw1024_s_n_r1ការ​បញ្ចេញ​ប្រតិតកម្ម​នេះ នៅ​បន្ទាប់​ពី​ពួកគេ​បាន​ឃើញ​ឯកអគ្គរាជទូត​ខ្មែរ​បាន​សរសេរ​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​លោក​ថា ប៉ូលិស​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជូន​អ្នក​ដែល​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា មក​លោក​រួច​ហើយ។
ប្រធាន​ចលនា​យុវជន​នៅ​ទីក្រុង​អាន់សាន់ (Ansan) ប្រទេស​កូរ៉េខាងត្បូង (South Korea) លើក​ឡើង​ថា ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ កំពុងតែ​គំរាមកំហែង​ដល់​ពលករ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង។
លោក យឹម ស៊ីណន ជា​ប្រធាន​ចលនា​យុវជន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ទីក្រុង​អាន់សាន់​ថា ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក សុត ឌីណា បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ក្នុង​គណនី​របស់​លោក​ថា ប៉ូលិស​កូរ៉េខាងត្បូង គេ​បាន​បញ្ជូន​ឈ្មោះ​ពលករ និង​អ្នក​ប្រឆាំង​មក​ឲ្យ​លោក​អស់​ហើយ។
លោក យឹម ស៊ីណន បញ្ជាក់​ថា ការ​សរសេរ​របស់​លោក ស៊ុត ឌីណា ​នេះ ជា​ការ​គំរាមកំហែង​ពលករ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​នឹង​ការ​ដឹកនាំ​ខុសឆ្គង​មួយ​ចំនួន​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន៖ «សំឡេង»។
លោក ស៊ុត ឌីណា បាន​សរសេរ​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​នោះ មាន​ខ្លឹមសារ​ថា “ប៉ូលិស​កូរ៉េខាងត្បូង គេ​បាន​ផ្ដល់​ឈ្មោះ​ប្អូនៗ​ពលករ​និង​អ្នក​ប្រឆាំង​មក​អស់​ហើយ។ តើ​ឲ្យ​គេ​ចាត់ការ​ដែរ​ឬ​ទេ? ពីព្រោះ​អ្នក​ទាំង​អស់​គ្នា​មិន​មែន​ជនភៀសខ្លួន​នយោបាយ​ទេ។ ហើយ​កុំ​ភ្លេច​ថា កូរ៉េខាងត្បូង​គាំទ្រ​សម្ដេច​តេជោ​ខ្លាំង​ណាស់។ សូម​ប្អូន​កុំ​មើល​រំលង​ការ​នេះ​ឲ្យ​សោះ។ គិត​អនាគត​ខ្លួន​ឯង​និង​គ្រួសារ​ឲ្យ​បាន​វែង​ឆ្ងាយ​បន្តិច​ទៅ”។
​នៅ​ក្នុង​បណ្ដេញ​សង្គម​ហ្វេសប៊ុក មាន​អ្នក​បញ្ចេញមតិ​ឆ្លងឆ្លើយ​ជា​ច្រើន​ប្រតិកម្ម​ចំពោះ​លោក ស៊ុត ឌីណា ដែល​បាន​សរសេរ​អំពី​ប៉ូលិស​កូរ៉េខាងត្បូង ចង់​ចាប់​ខ្លួន​នេះ។ អ្នក​ខ្លះ​បញ្ចេញ​មតិ​ឆ្លើយ​តប​ថា សុំ​ឲ្យ​លោក ស៊ុត ឌីណា បំពេញ​តួនាទី​ជា​ឯក​អគ្គ​រាជទូត​ឲ្យ​បាន​ពេញលេញ​ទៅ​ប្រសើរ​ណាស់​ទៅ​ហើយ កុំ​គំរាមកំហែង​និស្សិត ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​នោះ ប្រយ័ត្ន​ពួកគេ​នាំគ្នា​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​ដក​លោក​ជាដើម។
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង លោក ស៊ុត ឌីណា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា។
មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ។
ប្រធាន​ចលនា​យុវជន លោក យឹម ស៊ីណន បញ្ជាក់​ថា មូលហេតុ​ដែល​លោក ស៊ុត ឌីណា សរសេរ​គំរាម​បែប​នេះ មក​ពី​លោក ស៊ុត ឌីណា ដឹង​ថា ពលករ​ខ្មែរ​នឹង​ធ្វើ​បាតុកម្ម ឬ​ដាក់​ញត្តិ​នៅ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ខែ​ធ្នូ ខាង​មុខ ដូច្នេះ លោក ស៊ុត ឌីណា សរសេរ​គំរាម​ជាមុន។
​លោក យឹម ស៊ីណន បញ្ជាក់​ទៀត​ថា ចលនា​យុវជន​របស់​លោក​មាន​គម្រោង​សុំ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឬ​ដាក់​ញត្តិ​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា ដូចជា​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​ជម្លោះ​ដីធ្លី និង​បញ្ហា​ផ្សេងៗ​ទៀត៕
ប្រភពពី វិទ្យុអាស៊ីសេរី