មួយ​ក្បាច់​របស់​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ជួយ​ដល់​កីឡាករ​ជម្រើស​ជាតិ​ ​ធ្លាក់​បាក់ឌុប

11/05/2014 0 Comments A+ a-

ប្រធាន​បទ​ប្រឡង​បាក់ឌុប​នៅ​មិន​ទាន់​​សាបរលាប​​នៅ​ឡើង​ទេ ក្នុង​​ចំណោម​​បេក្ខជន​​ទាំង​អស់ ជា​ពិសេស​កីឡាករ​មួយ​ចំនួន​ដែល​ប្រឡង​ធ្លាក់​ បាន​ចេញ​មុខ​ស្នើ​សុំ​ទៅ​ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំយុវជន​និង​កីឡា​ ផ្ទាល់​ក្នុង​បំណង​បាន​ជាប់​ដោយ​ស្វ័យប្រវត្តិ បន្ទាប់​ពី​ប្រឡង​បាក់ឌុប​ធ្លាក់​ជា​លើក​ទី២។


featured20

 ការ​ស្នើរ​សុំ​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​​របស់​ឯកឧត្តម​រដ្ឋមន្រ្តី​ជាមួយ​​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ប្រមាណ​ជា ៣០០ នាក់ នៅ​ព្រឹក​ថ្ងៃ​ទី ៤ វិច្ឆិកា ម្សិលមិញ ក្នុង​វិមាន​ពហុកីឡដ្ឋាន​ជាតិ។

កីឡា​ការិនី ឈឿង លីណា មក​ពី​កីឡា​តេក្វាន់ដូ តំណាង​ឱ្យ​កីឡាករ​ទាំង​អស់​ដែល​ធ្លាក់​បាក់ឌុប​បាន​ឡើង​ស្នើរ​សុំ​ដល់​រដ្ឋមន្រ្តី ដោយ​លើ​ឡើង​ថា រវាង​​ការ​ហាត់​កីឡា និង ការ​សិក្សា ពួក​គាត់​​មិន​អាច​​ប្រឹង​ឱ្យ​ពូកែ​ទាំង​២ បាន​នោះ​ទេ អាច​មាន​ម្ខាង​ខ្លាំង​ម្ខាង​ខ្សោយ។ ចំណែក​ការ​សិក្សា​វិញ ទោះ​ជា​ប្រឡង​លើក​ទី២ ហើយ​ក៏​មិន​​បាន​ជាប់​ដែរ។

 ជា​ចម្លើយ​ចេញ​ពី​មាត់ភ្លាម​ៗ​ ​ឯកឧត្តម​រដ្ឋមន្រ្តី​​ថា៖ «…បើ​ខ្ញុំ​ប្រឡង​ឱ្យ​កើត​ខ្ញុំ​ទៅ​ប្រឡង​ជំនួស​ភ្លាម​… តែ​វា​ជា​រឿង​ខុស​ច្បាប់។ ខ្ញុំ​អាច​ជួយ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​រួច​តែ​ប៉ុណ្ណោះ គឺ​ជួយ​រក​មហាវិទ្យាល័យ​​សម្រាប់​បរិញ្ញាប័ត្រ​​រង​ដល់​អ្នក​ទាំង​អស់​គ្នា»។

 ឯកឧត្តម ហង់ ជួនណារ៉ុន បាន​ឱ្យ​កត់​ឈ្មោះ​​កីឡាករ​ជម្រើស​ជាតិ​ទាំង​អស់​ដែល​ធ្លាក់​បាក់ឌុប​ និង មុខ​វិជ្ជា​ដែល​ចង់​សិក្សា ជូន​លោក ដើម្បី​លោក​ស្នើរ​​សុំ​សាកល​វិទ្យាល័យ​មួយ​ចំនួន​​ តាម​លទ្ធភាព៕
  
អត្ថបទ៖ ម៉ឺន រស្មី