អ្នករត់ម៉ូតូឌុប និងអ្នកបើក រថយន្តឆ្លាម ប៉ះគ្នាបន្តិច ភាគីរថយន្ត ទារ៣០ដុល្លារ អ្នកបើកម៉ូតូ អត់លុយ លើកដៃសំពះ បានអ្នកឈរមើល ជួយរៃអង្គាសសងជំនួស

11/05/2014 0 Comments A+ a-

 រថយន្តឆ្លាម ជាកម្មសិទ្ធិ «សមាគមសុវត្ថិភាព ដឹកជញ្ជូនអ្នកដំណើរ ខេត្តស្វាយរៀង»
ភ្នំពេញ ៖ វាជារឿងគួឱ្យហួសចិត្ត និងគក់ទ្រូងគ្រប់ៗគ្នា ពីសំណាក់ ប្រជាពលរដ្ឋ ជាច្រើននាក់ ទាំងក្មេង ទាំងចាស់ ទាំងប្រុស ទាំងស្រី ព្រមទាំង សមត្ថកិច្ច នគរបាល និងអាវុធហត្ថ បានរិះគន់ និងពេបជ្រាយចំៗ ចំពោះអ្នកបើករថយន្ត ឆ្លាមមួយគ្រឿង ដែលមានសរសេរ អក្សនៅលើ កញ្ចក់ខាងក្រោយ ដាក់ថា «សមាគមសុវត្ថិភាព ដឹកកជញ្ជូន អ្នក ដំណើរ ខេត្តស្វាយរៀង» ដែលមានលេខ សម្គាល់១៨០ និងដាក់លេខទូរស័ព្ទ ០៧១ ៨៩ ៣៧ ៣៣៣ បានជំរិតទារ លុយពីអ្នកបើកម៉ូតូម្នាក់ ជាអ្នករត់ម៉ូតូឌុប ចំនួន៣០ដុល្លារ ក្រោយពីម៉ូតូ និង រថយន្ត ប៉ះគ្នាបន្តិចបន្តួច ហើយរលាត់ថ្នាំ សឹងប៉ុនសសៃសក់ ។
គ្រោះថ្នាក់ចរាចរណ៍ ដោយគ្មានការ យោគយល់ ពីសំណាក់ អ្នកបើករថយន្ត ទំនងអាងខ្លួន ជា សមាជិក «សមាគម សុវត្ថិភាព ដឹកជញ្ជូនអ្នកដំណើរ ខេត្តស្វាយរៀង» ហើយមើលទៅ បានជាគ្មានចិត្តអាណិត ដល់ អ្នកបើកម៉ូតូ បើទោះ បីខំ លើកដៃទាំងពីរ សំពះ និងទឹកភ្នែករលីងរលោង ទៀតផង ដោយសារ ក្នុងហោប៉ៅ មានលុយតែ២ ម៉ឺនរៀលគត់ តើ បានលុយមកពីណា ទៅឱ្យភាគីរថយន្ត ដែល ទាមទារ ចំនួន៣០ដុល្លារនោះ ។
គ្រោះថ្នាក់ចរាចរណ៍ ស្ទើតែមិនកើតមាន ខាងលើនេះ បាន កើតឡើង កាលពីវេលាម៉ោង ប្រមាណ៦៖៣០នាទីល្ងាច ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ស្ថិតនៅលើ កំណាត់ផ្លូវ៤៧៤ កែងផ្លូវ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន ពោលផ្លូវ ចូលទល់មុខ មជ្ឈមណ្ឌលកម្សាន្ត Rock ចម្ងាយប្រមាណ ២០០ទៅ៣០០ម៉ែត្រ ។
គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ ជាច្រើននាក់ មកចោមរោមមើល និងសមត្ថកិច្ច មានទាំង នគរបាល និងអាវុធហត្ថ ចុះមកជួយ សម្របសម្រួល ដើម្បីបញ្ចប់ បញ្ហា ។
ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បាននិយាយថា បុរសម្នាក់ អាយុជាង៣០ឆ្នាំ មិនស្គាល់ឈ្មោះ បើកម៉ូតូ ម៉ាក សេ- ១២៥ ពណ៌ខ្មៅ តែម្នាក់ឯង បានប៉ះជាមួយរថយន្តឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាក់លេខ ភ្នំពេញ 2N-0272 ធ្វើដំណើរ តាម បណ្តោយផ្លូវ ៤៧៤ ក្នុងទិសដៅ ពីលិចទៅកើត បើកដោយបុរសម្នាក់ រួមដំណើរ ដោយបុរស និងស្រ្តី២នាក់ទៀត ទំនង ជាប្តីប្រពន្ធ នឹងគ្នា ។
ប្រជាពលរដ្ឋ បាននិយាយទៀតថា ក្រោយពីម៉ូតូ និងរថយន្តប៉ះគ្នា ធ្វើឱ្យគែមទ្វាររថយន្ត ខាងក្រោយផ្នែក ខាងស្តាំ រលាត់បន្តិចបន្តួចប៉ុណ្ណោះ ស្ទើមើលមិនឃើញ ប៉ុន្តែ ម្ចាស់រថយន្ត បានទារឱ្យអ្នកបើកម៉ូតូ សងលុយចំនួន ៣០ដុល្លារ ។ ពេលនោះ អ្នកបើកម៉ូតូ ដែលអះអាងថា ជាអ្នករត់ម៉ូតូឌុប គ្មានលទ្ធភាព ឱ្យនោះឡើយ ពោលមាន តែ២ម៉ឺនរៀលគត់ក្នុងខ្លួន ។
ដោយសារតែ ឃើញភាគីម៉ូតូ សំពះអង្វរក ដល់អ្នកបើករថយន្ត ជាច្រើន លើកច្រើនសារ នៅតែអ្នកបើក រថយន្តមិនព្រម និងព្រមានថា ធ្វើតាមច្បាប់នោះ បានធ្វើឱ្យ ប្រជាពលរដ្ឋជាច្រើននាក់ ដែលកំពុងចោមរោមមើល នាំគ្នា និយាយមួយមាត់មួយក រិះគន់ចំៗ ហើយក៏ផ្តួចផ្តើម គំនិតរៃអង្គាសប្រាក់ ឱ្យគ្រប់៣០ដុល្លារ សងទៅភាគីរថយន្ត ។
ការផ្តួចផ្តើម គំនិតនេះ បានធ្វើឱ្យសំឡេងទះដៃ កើតឡើងភ្លាម ព្រោះតែមានអ្នកខ្លះ លើកដៃ ជួយចេញ៥ពាន់រៀល ខ្លះទៀត ជួយចេញ១ម៉ឺនរៀល និងខ្លះទៀត ជួយចេញ១០ដុល្លារជាដើម ។
ក្រោយពីប្រមូលលុយគ្រប់ ប្រជាពលរដ្ឋ ទាំងនោះ បានយកលុយទាំង៣០ដុល្លារ ទៅឱ្យអ្នក បើករថយន្ត អមដោយការ បោះពាក្យសម្តីរិះគន់ចំៗថា «មិនចេះយោគយល់អ្នកក្រីក្រ ព្រោះមិនមែន រឿងគ្រោះថ្នាក់ ធំដុំនោះទេ» ។
មន្រ្តីអាវុធហត្ថម្នាក់ ដែលចូលរួម សម្របសម្រួល ក្នុងគ្រោះថ្នាក់ ចរាចរណ៍មួយនេះ បានបង្ហាញ ការហួសចិត្ត ហើយ លើកឡើងថា សម្រាប់លោកផ្ទាល់ មានពេលខ្លះ គេបើកម៉ូតូបុករថយន្ត ពីក្រោយខូចខាត យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ ដោយ សារគ្នា អត់លុយ លោកមិនបាន ចាប់ទោស អូសដំណើរនោះឡើយ ។
ក្រោយពីប្រជាពលរដ្ឋ ផ្តួចផ្តើមគំនិត រៃអង្គាសប្រាក់ ជួយភាគីខាងម៉ូតូនោះ អ្នកបើករថយន្ត រួមទាំង អ្នករួមដំណើរ ២នាក់ បានធ្វើដំណើរចេញទៅ អមដោយការរិះគន់ និងលួចជេរ ពី ប្រជាពលរដ្ឋ យ៉ាងចាស់ដៃ ។
ដោយឡែក អ្នករត់ម៉ូតូឌុប បានត្រឹមលើកដៃសំពះអរគុណ ដល់ ប្រជាពលរដ្ឋ មុនពេលឡើងម៉ូតូ និងពាក់មួកសុវត្ថិភាព ជិះចេញទៅគួរឱ្យអាណិត ៕
បុរសយកដៃខ្ទប់មុខ ជាជនរងគ្រោះខាងបើកម៉ូតូ
តំណាង ប្រជាពលរដ្ឋ(រូបខាងឆ្វេង) កំពុងដើររៃអង្គាសប្រាក់ ជូនអ្នកបើករថយន្ត (រូបខាងស្តាំ)
ស្នាមគែមទ្វាររថយន្ត ដែលរងការខូចខាត មើលមិនចង់ឃើញ