ONE FC សហការនឹង Facebook ផ្សាយបន្តផ្ទាល់ប្រដាល់ក្នុងទ្រុងទៅកាន់ពិភពលោក
ស្ថាប័នប្រដាល់ក្នុងទ្រុងដ៏ធំប្រចាំទ្វីបអាស៊ី ONE FC បានបោះជំហានទៅមុខថែមមួយកម្រិតទៀត ដោយបានសម្រេចសហការជាមួយបណ្ដាញសង្គមយក្សនាពេលបច្ចុប្បន្ន Facebook ដើម្បីផ្ដិតយកទិដ្ឋភាពនៃព្រឹត្តិការណ៍ប្រកួតប្រដាល់ក្នុងទ្រុងទៅកាន់ពិភពលោកទាំងមូល ពិសេសប្រិយមិត្តដែលនិយមស្នេហាវិស័យកីឡាប្រដាល់។
អគ្គនាយក ONE FC លោក Victor Cui បានលើកឡើងថា ៖ «កិច្ចសហការជាមួយបណ្ដាញសង្គមយក្ស Facebook ពិតជារឿងមួយអស្ចារ្យណាស់សម្រាប់ ONE FC។ បច្ចុប្បន្ននេះ Facebook គឺជាបណ្ដាញសង្គមមួយឈានមុខមួយនៅលើពិភពលោក ហើយកិច្ចសហការរបស់យើងជាមួយពួកគេគឺវាបានបង្ហាញពីការប្ដេជ្ញាចិត្តមួយដ៏ច្បាស់លាស់ក្នុងការធ្វើការជាមួយស្ថាប័នមួយដែលល្អផ្ដាច់គេ»។
លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះអ្នកគាំទ្រ ONE FC៩៩%នៅទូទាំងពិភពលោកបានតាមដានសកម្មភាពកីឡារបស់ស្ថាប័នមួយនេះនៅលើបណ្ដាញសង្គមនេះរួចទៅហើយ ដូច្នេះកិច្ចសហការនេះជាការបោះជំហានទៅមុខថែមមួយកម្រិតទៀត និងដើម្បីឲ្យស្ថាប័ន ONE FC នេះនៅតែជាស្ថាប័នឈានមុខមួយក្នុងការផ្សព្វផ្សាយពីសកម្មភាពកីឡារបស់អាស៊ី។
សព្វថ្ងៃនេះព្រឹត្តិការណ៍ប្រដាល់យុទ្ធគុនចម្រុះក្នុងទ្រុង MMA របស់ស្ថាប័ន ONE FC តែងតែធ្វើការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ FOX SPORT 3 សម្រាប់ប្រជាជននៅទ្វីបអាស៊ី និងផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត http://www.onefc.com/livestream ទៅកាន់ពិភពលោក។
ទំព័រហ្វេសប៊ុកផ្លូវការរបស់ ONE FC ដែលមានអ្នកតានដានប្រមាណជាង ១.៤ លាននាក់ នឹងផ្ដិតយកទិដ្ឋភាពកីឡាប្រដាល់ក្នុងទ្រុង MMA ចាប់ពីព្រឹត្តិការណ៍ ONE FC: BATTLE OF LIONS នាថ្ងៃទី០៧ វិច្ឆិកា ២០១៤ នៅប្រទេសសិង្ហបុរី តទៅ។
អត្ថបទ៖ អៀង សូទ្រី